គម្រោងខុនដូដ៏ធំមួយដែលផ្តល់ Image ដ៏ស្រស់ស្អាត ស្ថិតនៅប្របមាត់ទន្លេសាប ត្រៀមបង្ហាញរូបរាងនាពេលខាងមុខនេះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងខុនដូប្រណីតស្ថិតនៅជាប់នឹងមាត់ទន្លេក្បែរវត្តភ្នំ Phnom Penh Harbour បាន និងកំពុងដំណើរការបុកគ្រឹះក្នុងជំហ៊ានបន្ទាប់ស្របទៅតាមគម្រោងរបស់ខ្លួន ខណៈដែលកំណើននៃការលក់ទទួលបានលទ្ធផលប្រសើរ ក្រោមការគាំទ្រពីសំណាក់ជនជាតិខ្មែរច្រើនជាងបរទេស។

តំណាងផ្នែកទីផ្សារនៃគម្រោងខុនដូ Phnom Penh Harbour កម្ពស់២០ជាន់ បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បច្ចុប្បន្ន គម្រោងសាងសង់នៅតែបន្តដំណើរការធម្មតា មិនមានការបញ្ឈប់ ឬផ្អាកនោះឡើយ ដើម្បីធ្វើយ៉ាងណាអាចបញ្ចប់ទៅតាមផែនការនៅត្រឹមចុងឆ្នាំ២០២១ខាងមុខនេះ។

អ្នកតំណាងដដែលបានអះអាងថា គម្រោងខុនដូលើកដំបូងស្ថិតនៅជាប់មាត់ទន្លេមួយនេះ ត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃចាប់ពីជាង៤ម៉ឺនដុល្លារឡើងទៅរហូតដល់១៤ម៉ឺនដុល្លារ ជាមួយនឹងទំហំចាប់ពី៣០ម៉ែត្រការ៉េឡើងទៅក្នុងមួយយូនីត។ ដោយឡែកសម្រាប់យូនីតដែលមានទំហំធំដែលត្រូវបានដាក់លក់តម្លៃ១៤ម៉ឺនដុល្លារមិនមានសល់ទំនេរទៀតនោះទេ។

ជាមួយនឹងការទទួលបានការគាំទ្រពីសំណាក់អតិថិជននាពេលនេះ អ្នកតំណាងទីផ្សាររូបដដែលបានបញ្ជាក់ថា “អ្នកទិញខុនដូនៅក្នុងគម្រោង Phnom Penh Harbour ភាគច្រើនជាជនជាតិខ្មែរច្រើនជាងបរទេស ហើយយូនីតដែលពួកគាត់ទិញមានតម្លៃចាប់ពីជាង៤ម៉ឺនឡើងទៅ ដោយឡែកសម្រាប់យូនីតដែលមានតម្លៃថ្លៃ១៤ម៉ឺនដុល្លារ ភាគច្រើនជាជនជាតិចិន”។

សគម្រោងខុនដូប្រណីត Phnom Penh Harbour ជាការវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុន Yuetai Group ដែលមានប្រភពមកពីប្រទេសចិន មានផ្ទៃដីសរុប ៩២ ៥៣៨ ម៉ែត្រការ៉េ ដែលជាទីតាំងជួលពីកំពង់ផែស្វយ័តភ្នំពេញក្នុងតម្លៃ ១៦,៥ លានដុល្លារ រហូតដល់ឆ្នាំ ២០៦៨ ពោល គឺមានរយៈពេល៥០ឆ្នាំ ។ គម្រោងនេះលាតសន្ធឹងតាមបណ្តោយមាត់ទន្លេសាបចាប់ពីគល់ស្ពានជ្រោយចង្វារទៅដល់ផ្សាររាត្រី។

គម្រោងអភិវឌ្ឍន៍មួយនេះត្រូវបានបែងចែកជា ៤ ដំណាក់កាល ដោយដំណាក់កាលនីមួយៗនឹង មិនត្រូវបានអភិវឌ្ឍន៍ទៅតាមលំដាប់លំដោយឡើយ ដោយក្រុមហ៊ុននឹងអភិវឌ្ឍដំណាក់កាលណាមួយមុនគេទៅតាមតម្រូវការទីផ្សារជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here