ដោយវុត្ថា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងសាជីវកម្មឧស្សាហកម្មមហាកំផែងចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅកម្ពុជា។
ការអភិវឌ្ឈនេះ នឹងធ្វើឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលទិន្នន័យសំរាប់តំបន់ និងផ្តល់ឥទ្ឋិផលដល់កម្ពុជាបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណា និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះបញ្ជាក់ថា ភាគីទាំងពីរ គ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធីឧស្សាហកម្មចំនួនពីរគឺ ថ្នាលព័ត៌មាន ឬទម្រព័ត៌មានតាមដានត្រួតពិនិត្យយានយន្តជាតិ “NCVSP” និងប្រព័ន្ធតាមដានត្រួតពិនិត្យនាវា “VMS” ដែលជាដំណាក់កាលដំបូងនៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ទន្ទឹមនឹងនេះដែរ សាជីវកម្ម CGWIC នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យបន្ថែមទៀតដោយផ្អែកលើតម្រូវការជាក់ស្តែងនៃផែនទីបង្ហាញផ្លូវក្នុងស្រុកដើម្បីធានាប្រតិបត្តិការអាជីវកម្ម។
ភាគីទាំងពីរបានព្រមព្រៀង បង្កើតក្រុមការងាររួមគ្នាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងធ្វើឱ្យប្រសើរឡើងនូវផែនការ ការងាររៀបចំយន្តការកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
កាលពីថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២០ប្រព័ន្ធផ្កាយរណប ដែលមានឈ្មោះថា៖ BeiDou-3 Navigation ត្រូវបានបញ្ចប់ជាផ្លូវការនិងបើកឱ្យដំណើរការទូទាំងពិភពលោក។ប្រព័ន្ធនេះមានមុខងារសំខាន់ពីរគឺមុខងារកំណត់ទីតាំងមានភាពជាក់លាក់ខ្ពស់និងការបញ្ជូនទិន្នន័យ។
ភាពត្រឹមត្រូវនៃការកំណត់ទីតាំង អាចធ្វើទៅបានកាន់តែល្អប្រសើរ ក្នុងរយៈចម្ងាយ១០ម៉ែត្រ ហើយអាចអនុវត្តបានកាន់តែល្អថែមទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធ ក្នុងលំហអាកាសធំដំបូងបង្អស់របស់ចិន ប្រព័ន្ធផ្កាយរណបBeiDou-3 ផ្តល់សេវាសាធារណៈទូទាំងពិភពលោក ផ្តល់កម្មវិធី (applications) យ៉ាងពេញលេញនៅក្នុងវិស័យដឹកជញ្ជូន សុវត្ថិភាពសាធារណៈ ការសង្គ្រោះគ្រោះមហន្តរាយ និងការបន្ថយផលប៉ះពាល់ កសិកម្ម រុក្ខាប្រមាញ់ ការចិញ្ចឹមសត្វ និងជលផល អភិបាលកិច្ចទីក្រុង និងឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសចិន។ ប្រព័ន្ធនេះបានបង្កើតខ្សែសង្វាក់ឧស្សាហកម្មពេញលេញមួយ ដោយរួមបញ្ចូល modules, boards, terminals និងសេវាប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
ចំណងមិត្តភាពរវាងចិន និងកម្ពុជាមានប្រវត្តិជាយូរមកហើយ។ ក្នុងឆ្នាំ២០១០ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ។ទំនាក់ទំនងទ្វេភាគីបានឈានចូលដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈទូលំទូលាយនិងស៊ីជម្រៅ។
មិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ បានបង្កើតមូលដ្ឋានដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ របស់ប្រព័ន្ធផ្កាយរណបBeiDou ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធផ្កាយរណបBeiDou វានឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជាសមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជានិងយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនផងដែរ។
លើសពីនេះទៀត ភាគីទាំងពីរនឹងព្យាយាមស្វែងរក និងបង្កើតកិច្ចសហប្រតិបត្តិការ BeiDouប្រកបដោយភាពចាស់ទុំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន។ កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យ ក្នុងតំបន់ទាំងមូល ដែលធ្វើឱ្យប្រសើរឡើងដល់ឥទ្ធិពល និងឋានៈនយោបាយនៅក្នុងអាស៊ានផងដែរ៕
‘
ភាពត្រឹមត្រូវនៃការកំណត់ទីតាំង អាចធ្វើទៅបានកាន់តែល្អប្រសើរ ក្នុងរយៈចម្ងាយ១០ម៉ែត្រ រឺក៏១០Cm?