ព្រឹក​នេះ​សម្តេច​តេ​ជោ​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ និង​ស្តារ-កែលម្អ​ដងស្ទឹង​សៀមរាប

0

ដោយ ហ្សូ​លី

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកា​ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ និង​ស្តារ-កែលម្អ​ដងស្ទឹង​សៀមរាប នៅ​ក្រុង​សៀមរាប ទោះ​កម្ពុជា​កំពុង​ប្រឈម​ការឆ្លង​វិបត្តិ​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍។

បើតាម​ឲ្យ​ដឹង​ពី​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​អន្តរក្រសួង​សាងសង់​ផ្លូវ​នេះ បាន​មានប្រសាសន៍ថា ផ្លូវ​ទាំង៣៨ខ្សែ​នេះ​មាន​ប្រវែង​សរុប​ជាង១០៨គីឡូម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិ សរុប​ប្រមាណ១៤០លាន​ដុល្លារ​អាមេរិក និង​ថវិកា​ជាង៩លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ផ្លូវ​ទាំង៣៨ខ្សែ​នេះ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា “ទីក្រុង​សៀមរាប​បាន និង​កំពុង​ប្រែក្លាយ​រូបរាង​ជាទី​ក្រុង​ទំនើប​និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ” ។

លោក​បង្ហាញ​ក្តី​រំពឹងថា ក្រោយពី​បញ្ចប់​ការសាងសង់ គម្រោង​នេះ នឹង​ដើរតួ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា ត​ភ្ជាប់​ទីប្រជុំជន​ទៅ​ជាយក្រុង និង​ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែ​ផ្លូវជាតិ​នានា​សំដៅ​កាត់ បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹក ជញ្ជូន ទាក់ទាញ​វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ​ជាតិ -អន្តរជាតិ ដែលជា​ការរួមចំណែក​ក្នុងការ​ជំរុញ​កំណើន សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ ។

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ​គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត បន្ទាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាននិងកំពុង​ស្ថាបនា​សាងសង់ឡើង ត្រៀម​នឹង​បញ្ចប់​ការសាងសង់​នាពេល​ដ៏​ខ្លី​ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here