តម្លៃដីនៅតំបន់ឆ្នេរខេត្តកោះកុង កំពុងបន្តកើនឡើង

0

ដោយ ៖ រ៉ាណេត

កោះកុង ៖ ខុសប្លែកពីទីផ្សារដីធ្លីនៅតាមបណ្តាខេត្តមួយចំនួនកំពុងស្ថិតនៅក្នុងសភាពទ្រឹងនោះ សម្រាប់តែខេត្តកោះកុង ជាពិសេសតំបន់ឆ្នេរត្រូវបានប្រតិបត្តិករនៅក្នុងវិស័យនេះអះអាងថា កំពុងតែបន្តឡើងថ្លៃជាបន្តបន្ទាប់ ដែលយ៉ាងហោចណាស់ក្នុងមួយឡូតិ៍មានតម្លៃចាប់ពី១ម៉ឺនដុល្លារឡើងទៅ។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Vibol Realty លោក សេង វិបុល ដែលកំពុងកាន់គម្រោងដីឡូតិ៍ជាច្រើនទីតាំងនៅក្នុងខេត្តកោះកុង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា ការពុះដីឡូតិ៍នៅក្នុងខេត្តកោះកុងទើបតែចាប់ផ្តើមមានសកម្មភាពក្នុងរយៈពេលប្រមាណ ២-៣ ចុងក្រោយនេះតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “ដីឡូតិ៍នៅក្នុងខេត្តកោះកុងត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគនានាធ្វើការពុះឡូតិ៍លក់ក្នុងទ្រង់ទ្រាយផ្សេងៗពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ និងទីតាំង ដូចជាដីស្ថិតនៅតំបន់ឆ្នេរ ដីនៅតំបន់ជិតជើងភ្នំ ដីស្ថិតជិតមាត់ព្រែក និងដីដែលស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅស្រាប់”។

លោក សេង វិបុល បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនដីឡូតិ៍ដែលស្ថិតនៅតាមតំបន់ជិតជើងភ្នំ ឬជិតព្រែ្ ត្រូវបានអ្នកអភិវឌ្ឍន៍ពុះឡូតិ៍ដែលមានទំហំធំ ១០x២៥ម៉ែត្រ សម្រាប់សាងសង់ជាផ្ទះលំហែរកាយ និងត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណជាង១ម៉ឺនដុល្លារឡើងទៅ។ ដោយឡែកដីដែលស្ថិតនៅក្នែរតំបន់ឆ្នេរ ត្រូវបានអ្នកអភិវឌ្ឍន៍ពុះលក់ក្នុងទំហំ៥x២០ម៉ែត្រ លក់ក្នុងតម្លៃជាង១ម៉ឺនដុល្លារដូចគ្នា ហើយដីសម្រាប់សាងសង់លំនៅដ្ឋានស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅស្រាប់ក៏ត្រូវបានគេលក់តម្លៃចាប់ពីជាង១ម៉ឺនដុល្លារដូចគ្នា”។
ជាមួយនឹងការលើកឡើងពីតម្លៃដីខាងលើនេះ លោក សេង វិបុល បានបង្ហាញពីភាពជឿជាក់ថា នៅឆ្នាំបន្ទាប់តម្លៃដីនឹងបន្តឡើងខ្ពស់ជាងនេះ ជាពិសេសដីដែលស្ថិតនៅតំបន់ឆ្នេរ ខណៈពេលដែលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តកំពុងតែបន្តសកម្មភាពយ៉ាងមមាញឹក។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង លោក ហ៊ាង ប៊ុណ្ណា បានមានប្រសាសន៍ថា ទទួលស្គាល់ថាសកម្មភាពទិញ-លក់ដីនៅក្នុងខេត្តពិតជាមានភាពមមាញឹក ប៉ុន្តែភាគច្រើនជាប្រភេទដីតូចៗសម្រាប់សាងសង់លំនៅដ្ឋានតែប៉ុណ្ណោះ ដោយឡែកសម្រាប់ដីធំៗដែលទំហំគិតជាហិកតាឡើងទៅ ក្នុងរយៈពេលនេះហាក់មានភាពស្ងប់ស្ងាត់បន្តិច។

លោកបានបន្តឱ្យដឹងថា ភាគច្រើនពួកគាត់ដែលទិញដីទំហំតូចៗ គឺមានឯកសារទទួលស្គាល់ត្រឹមភូមិ ឃុំតែប៉ុណ្ណោះ ហើយសម្រាប់ម្ចាស់ដីដែលពុះជាឡូតិ៍មួយចំនួនក៏មិនទាន់រត់ការឯកសារច្បាប់មកកាន់មន្ទីរនោះដែរ។ សម្រាប់អ្នកដែលធ្វើអាជីវកម្មដីឡូតិ៍ក្នុងទ្រង់ទ្រាយធំ ត្រូវតែមានការរៀបចំឯកសារពាក់ព័ន្ធឱ្យត្រឹមត្រូវ ជៀសវាងកើតមានបញ្ហាទំនាស់ណាមួយកើតឡើងពាក់ព័ន្ធទៅនឹងការបញ្ជាក់ពីកម្មសិទ្ធិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here