រដ្ឋមន្ត្រី​សាធារណៈ​ការបង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​កូរ៉េ​លើ​គំរោង​សាងសង់​ស្ពាន​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស ដើម្បី​ធ្វើការ​ជាមួយ​អ្នកជំនាញការ​កូរ៉េ សំរាប់​ពិភាក្សាគ្នា​ឈានទៅ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​នាពេល​ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ លោក​វ៉ា​ស៊ីម សូរិយា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី៨ ធ្នូ​កន្លងមក​ថា ផែនការ​សាងសង់​ស្ពាន​នេះ ត្រូវបាន​បង្ហើប​ដោយ​ប្រធានាធិបតី​កូរ៉េ លោក​ម៉ូ​ន ជេ​អ៊ី​ន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​វៀតណាម​កាលពី​កំឡុង​ខែវិច្ឆិកា​កន្លងមកនេះ។លោក​បន្តថា បច្ចុប្បន្ន​លោក​ទេសរដ្ឋមន្ត្រី​បាន​បង្កើត​ក្រុមការងារ ដើម្បី​ធ្វើ​ការងារ​នេះ​ជាមួយ​អ្នកជំនាញការ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​នៃ​សាធារណៈរដ្ឋ​កូរ៉េ (koica) ដើម្បី​ធ្វើ​ការងារ​នេះ។

លោក​បន្តថា “ខ្ញុំ​មិនបាន​ដឹងថា​គំរូ​ស្ពាន​នេះ​បាន​សិក្សា​រួច​ឬ​នៅ​នោះទេ ប៉ុន្តែ​នៅពេល​អ្នកជំនាញការ​កូរ៉េ​មកដល់​នាពេលខាងមុខ ពួកគេ​អាច​បង្ហាញ​ពី​ទម្រង់​ស្ពាន​នេះ​តែម្តង​ក៏​ថា​បាន ដោយសារ​កន្លងមក​ភាគី​កូរ៉េ​បាន​សិក្សា​រួចហើយ” ។

លោក​សូរិយា​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា តាម​ធម្មតា​គំរោងធំៗបែបនេះ យើង​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​បានទេ ដោយសារ​វា​នៅ​ត្រូវការ​ពេលវេលា​និង​និតិ​វិធី​ច្រើន លើកលែងតែ​សម្តេច​ប្រមុខ​រដ្ឋាភិបាល អញ្ជើញ​បើក​ការដ្ឋាន​តែម្តង​ទើប​យើង​អាច​ដឹងបាន​ជាក់លាក់។

ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅកាន់់​ប្រទេស​កូរ៉េ សម្តេច​តេ​ជោ​ហ៊ុន សែន​បានស្នើ​ភាគី​កូរ៉េ​ជួយ​សាងសង់​ស្ពាន​មិត្តភាព សម្រាប់​ប្រទេស​ទាំងពីរ ខណៈ​មិត្ត​ចិន និង​ជប៉ុន​បាន​សាងសង់​ស្ពាន​មិត្តភាព​សំរាប់​កម្ពុជា ជាច្រើន​រួចមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here