ដោយៈ រ៉ាណេត
ភ្នំពេញៈ ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០កន្លងទៅនេះ សម្រេចបានទំហំទឹកប្រាក់៦៤០០លានដុល្លារអាមេរិក ក្នុងសំណើសាងសង់សរុបចំនួន៤០៨០គម្រោង ស្ថិតនៅលើផ្ទៃដីសរុបប្រមាណ១៤លានម៉ែត្រការ៉េ។
យោងតាមរបាយការណ៍ស្តីពី និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០២០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើសំណើសុំការសាងសង់ សរុបទូទាំងប្រទេសមានចំនួន៤០៨០គម្រោង ដែលជាកំពុងមានសក្ដានុពលរួមមាន គម្រោងវិនិយោគលំនៅឋាន និងភូមិគ្រឹះមានជាង៣៤០០គម្រោង សំណង់ពាណិជ្ជកម្ម៣១១គម្រោង សំណង់ឧស្សាហកម្ម១៧២គម្រោង សំណង់ទាក់ទងវិស័យទេសចរ៨២ គម្រោង និងសំណង់ផ្សេងៗទៀតមាន២គម្រោង។
ដោយឡែកគម្រោងសាងសង់សំណង់សាធារណៈវិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចលើសំណើសុំសាងសង់សរុបមាន៦៨គម្រោង ដោយក្នុងនោះបានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល មានចំនួន៤០គម្រោង និងថវិកាឯកជនមានចំនួន២៨គម្រោង។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ក៏ដូចជាបណ្តាអ្នកអភិវឌ្ឍន៍គម្រោងសាងសង់នៅតែមានសុទិដ្ឋិនិយម ចំពោះសំណង់លំនៅដ្ឋាន ខណៈដែលតម្រូវការនៃទីផ្សារមួយនេះ នៅតែបន្តរក្សាបាននូវសញ្ជាវិជ្ជមាន ក្នុងកម្រិតខ្ពស់នៅឡើយ ជាពិសេសតម្រូវការលំនៅដ្ឋាន នៅតាមតំបន់ជាយរាជធានីភ្នំពេញ ដែលកំពុងកកើតឡើងយ៉ាងមមាញឹក៕