ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោក សំ សុខនឿន បានធ្វើការអំពាវនាវដល់អតិថិជន ក៏ដូចជាសាធារណៈជនទូទៅដែលមានបំណងទិញ-លក់អចលនវត្ថុ គួរតែប្រើប្រាស់សេវារបស់ក្រុមហ៊ុនភ្នាក់ងារអាជីពស្របច្បាប់ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវទទួលស្គាល់ពីក្រសួងពាក់ព័ន្ធ ជៀសវាងជួបហានិភ័យ ឬខាតបង់ដោយប្រការណាមួយ។
លោកប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Kw Sam Sn Realty បានលើកឡើងថា ដោយសារតែវិស័យអចលនទ្រព្យមានភាពទូលាយ និងមានឱកាសខ្ពស់ ក្នុងការទទួលបានចំណូលបានជំរុញ ឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ចូលមកប្រឡូកនៅក្នុងវិស័យមួយនេះ ដែលក្នុងនោះមានទាំងអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ ជាពិសេសអ្នកបម្រើសេវាកម្មក្នុងនាមជាភ្នាក់ងារ។
លោកសំ សុខនឿន បានមានប្រសាសន៍ថា “នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននេះ មានការបង្កើតជាក្រុមហ៊ុន ជាក្រុមការងារ ក៏ដូចជានីតិបុគ្គលក្នុងនាមជាអ្នកផ្តល់សេវាក្នុងការទិញ-លក់ និងជួល ដើម្បីទទួលបានចំណូលតាមរយៈកម្រៃជើងសារ” ។ លោកបន្តថា “ប៉ុន្តែអ្វីដែលសំខាន់ នៅក្នុងចំណោមអ្នកទាំងអស់នោះ មានអ្នកខ្លះអនុវត្តស្របតាមក្រមសីលធម៌ មានវិជ្ជាជីវៈ និងមានអាជ្ញាប័ណ្ណទទួលស្គាល់ ដោយក្រសួងត្រឹមត្រូវ ហើយក៏មានអ្នកខ្លះអនុវត្តទីផ្សារ ទាំងដែលមិនអាជ្ញាប័ណ្ណផងដែរ ដែលអាចធ្វើឱ្យអតិថិជនរបស់ខ្លួនជួបហានិភ័យ ខាតបង់ខ្ពស់បំផុត” ។
លោកបានបន្តថា គុណសម្បត្តិនៃការប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុនភ្នាក់ងារដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្រោមការទទួលបានកិច្ចបណ្តុះបណ្តាលចំណេះដឹង ជំនាញទីផ្សារអចលនទ្រព្យច្បាស់លាស់គឺមាន ទី១ ទទួលបានសុវត្ថិភាពខ្ពស់ ទាំងការទិញលក់ និងវិនិយោគ ទី២ ទទួលបានការប្រឹក្សាអំពីទីផ្សារ និងប្រភេទអចលនវត្ថុច្បាស់លាស់ ទាំងតម្លៃ និងភាពស្របច្បាប់។
ទី៣ រាល់ការទិញ លក់ តាមរយៈក្រុមហ៊ុនភ្នាក់ងារអាជីព ក៏ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ព្រោះក្រុមហ៊ុនស្របច្បាប់ មានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋជាប់ជាប្រចាំ ដូច្នេះសរុបជារួម ការប្រើសេវាកម្មជាមួយ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ស្របច្បាប់គឺមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ៕