ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងសាងសង់លំនៅឋាន បុរីធំៗ នៅតែបន្តមានសកម្មភាពសាងសង់ធម្មតា បើទោះបីកម្ពុជាបានឹងកំពុងប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលជាសកលនៃជំងឺ Covid-19 យ៉ាងណាក្តី។
លោកម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium housing Co, Ltd បានឱ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៧ ធ្នូនេះថា សកម្មភាពនៃការសាងសង់លើគម្រោងចាស់ៗ នៃវិស័យសំណង់ ជាពិសេសគម្រោងលំនោឋាននៅតែមានភាពរស់រវើក បើទោះបីកម្ពុជាមានករណីឆ្លងជំងឺកូវីដ ១៩ ក៏ដោយ ។
លោកបន្តថា “យើងមើលឃើញថា អត់មានការថមថយសកម្មភាពសាងសង់លើគម្រោងចាស់ៗទេ សកម្មភាពនេះនឹងធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជា នៅតែមានភាពរីកចំរើននាពេលខាងមុខនេះ បើទោះបីបច្ចុប្បន្ននេះ មានស្ថានភាពនៅទ្រឹងដោសជំងឺកូវីដ ១៩” ។ លោកបន្ថែមថា “សម្រាប់ទីផ្សារទិញ-លក់ហាក់មានសញ្ញាថមថយបន្តិច ប៉ុន្តែតម្លៃលំនៅឋានវិញ គឺមិនមានការធ្លាក់ចុះនោះទេ ជាពិសេសលំនៅឋានដែលមានតម្លៃសមរម្យចាប់ពី ៥ម៉ឺនដុល្លារ ដល់ ៨ ម៉ឺនដុល្លារអាមេរិក” ។
ចំណែកលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឱ្យដឹងដែរថា វិស័យអចលនទ្រព្យ ទទួលរងនូវផលប៉ះពាល់ផ្ទួនៗ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ដើមឆ្នាំ២០២០ តែយ៉ាងសកម្មភាពនៃការសងសង់គម្រោងចាស់នៅតែបន្តធ្វើសកម្មភាព មិនមានការថមថយនោះទេ។
លោកបន្តថា “យើងមានការឃើញគម្រោងស្នើសុំវិនិយោគ នៅដើមឆ្នាំនេះមានចំនួនច្រើន តែយើងមិនដឹងថាគាត់ធ្វើឬមិនធ្វើទេ តែសម្រាប់គម្រោងចាស់ៗ បើទោះបីមានកូវីដ១៩ ឬការបិហ្គេមអនឡាញក៏ដោយ តែខ្ញុំឃើញសកម្មភាពសាងសង់នូវគម្រោងធំៗទាំងនៅតែបន្ត មិនមានសញ្ញាណាមួយជាប់គាំងលើវិស័យអចលនទ្រព្យនោះទេ” ៕