ដោយៈ រ៉ាណេត
ព្រះសីហនុៈ ជាមួយនឹងកិច្ចបន្តដំណើរការសាងសង់យ៉ាងសកម្ម បើទោះជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងជាសាកល គម្រោងអភិវឌ្ឍន៍សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងត្រូវបានបង្កើនការយកចិត្តទុកដាក់ ពង្រឹងលើគុណដោយមានក្រុមមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនទទួលសាងសង់ចុះពិនិត្យជាប់ជាប្រចាំ។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកបណ្ឌិតយិត បុណ្ណា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តធ្វើការចុះពិនិត្យការងារសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីធានាបាននូវគុណភាពតាមស្តង់ដារ បច្ចេកទេសត្រឹមត្រូវ និងអាចសម្រេចបានទៅតាមផែនការដែលបានកំណត់។
លោកបានមានប្រសាសន៍ថា“រហូតមកដល់ពេលនេះ ជាលទ្ធផលនៃការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ សម្រេចបានប្រមាណជាង២៧ភាគរយហើយ” ។ លោកបន្តថា “ផ្លូវនេះអនុវត្តន៍៍ដោយក្រុមហ៊ុន CPEC ដែលបាននិងកំពុងបន្តចាក់ស្រទាប់គ្រឹះផ្លូវប្រើប្រាស់ប្រភេទ Cement Stabilize Base ដោយត្រូវប្រាកដថាប្រកបដោយគុណភាពតាមស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ” ។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញ ប្រវែង ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨ ៩,៨៩ គីឡូម៉ែត្រ។
តាមគម្រោងផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕