តើក្រុមហ៊ុនអចលនទ្រព្យយក្សចិនទាំង៥ កំពុងវិនិយោគគំរោងអ្វីខ្លះនៅទីក្រុងភ្នំពេញ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចំនួន៥ បាននិងកំពុងចូលមកវិនិយោគនៅទីក្រុងភ្នំពេញ តាមរយៈការសាងសង់គំរោងធំៗដ៏អស្ចារ្យ ដែលកំពុងផ្លាស់ប្តូរមុខមាត់ទីក្រុងនេះយ៉ាងលឿន។

ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន Prince Real Estate Group ដែលបាននិងកំពុងវិនិយោគ​សាងសង់​ខុនដូ Diamond One នៅទីក្រុងកោះពេជ្រ គំរោងខុនដូ Prince Plaza, Prince Modern Plaza នៅតាមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅ​ខេត្តព្រះសីហនុ ដោយគ្រោងបោះទុនវិនិយោគ៥០០០លានដុល្លារនៅកម្ពុជា។ ទី២ ក្រុមហ៊ុន R&F Properties,បាននិងកំពុងសាងសង់អាគារកំពស់៣៣ជាន់ ចំ​នួន២០អាគារស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ដែលគ្រោងបោះទុនវិនិយោគជាង២០០០លានដុល្លារ និងគំរោងមួយទៀតស្ថិតនៅអតីតរងចក្រស័ង្កសី ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ។

ទី៣ ក្រុមហ៊ុន SINO Plaza ដែលបាននិងកំពុងសាងសង់ គំរោងមជ្ឈមណ្ឌលមណ្ឌលពាណិជ្ជកម្មកំពស់៤៥ជាន់ នៅអតីតទីតាំងផ្សារបឹងត្របែក ដែលប្រកាសបោះទុនវិនិយោគ២៥០លានដុល្លារ និងគ្រោងវិនិយោគគំរោងជាច្រើនទៀត។

ទី៤ ក្រុមហ៊ុន Green Land Group​ ជាក្រុមហ៊ុនយក្ស ដែលបានប្រកាសបោះទុនវិនិយោគ៧០០០លានដុល្លារនៅកម្ពុជាបន្ថែមនាពេលខាងមុខ ហើយក្រុមហ៊ុននេះបានប្រកាសទិញអាគារកំពស់៣៨ជាន់ចំនួន៣ នៃគម្រោង D.I RIVIERA និងទៅ៥ ក្រុមហ៊ុន Guangzhou Yuetai Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន​កំពុង​មាន​ប្រតិបត្តិការ​លើ​គម្រោង​ ជាច្រើន​នៅ​កម្ពុជា​ដូចជា East One និង East View និងគំរោងដ៏ធំមួយទៀតស្ថិតនៅផ្លូវវេងស្រេង(តំបន់លូ៥)។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជាផងដែរ។

ក្រុមហ៊ុន Guangzhou Yuetai Group បានប្រកាសពី​ផែនការអភិវឌ្ឍន៍​នៅ​លើ​ដី​ដែល​មាន​ទំហំ​៩,២៥ ​ហិកតា​នា​មាត់​ទន្លេសាប​ក្នុង​រាជធានី​ភ្នំពេញ​។ គម្រោង​ថ្មី​នោះ​នឹង​មាន​ឈ្មោះ​ថា Harbour Bay ដែល​អាច​មាន​អគារ​ខ្ពស់ៗ​ចំនួន​ ២៤ ស្ថិត​តាម​ឆ្នេរ​ទន្លេ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ទៅ​ដល់​សួនច្បារ​ផ្សារ​រាត្រី​។ នេះ​បើ​យោង​តាម​គម្រោង​រចនា​ប្លង់​។

លោក RAYSON មន្រ្តីផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុន R&F Propertiesបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ក្រុមហ៊ុន​ចូល​មក​បោះទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧​។ កម្ពុជា គឺជា​ប្រទេស​ទី​ ២ ក្នុង​តំបន់​អាស៊ាន​ដែល​ក្រុមហ៊ុន​បាន​មក​វិនិយោគ បន្ទាប់ពី​ប្រទេស​មីយ៉ាន់ម៉ា​។ ហេតុផល​ដែល​យើង​មក​ទី​នេះ ដោយសារ​គោលនយោបាយ «​ខ្សែ​ក្រវាត់​ ១ ​ផ្លូវ ​១» ដែល​ផ្តួចផ្តើម​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីនភីង ខណៈ​កម្ពុជា ​ជា​ប្រទេស​មាន​លក្ខណពិសេស ​ដែល​នឹង​ទទួល​ផលប្រយោជន៍​ច្រើន​ពី​ នយោបាយ​នេះ​។

លោកបន្តថា​”យើង​ចាប់ផ្តើម​គម្រោង​នៅ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (​ផ្លូវ​ ៦០ ​ម៉ែត្រ​) ព្រោះ​យើង​ចង់​ផ្តល់​នូវ​បែប​ផែន​ជីវិត​ថ្មី​ ១ សម្រាប់​ប្រជាជន​ខ្មែរ និង​សហគមន៍​ចិន​ដែល​មក​វិនិយោគ និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​”។

R&F City បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ខែ​មីនា​ឆ្នាំ​ ២០១៨ នេះ​ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២០​។ គម្រោង​នេះ​មាន​ទឹកប្រាក់​វិនិយោគ​ជាង​ ២ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​មាន​ផ្ទះ​ស្នាក់នៅ​ចំនួន ៥២៣២ ​យូនីត រួម​ជាមួយ​ក្លិប​កីឡា​ទំហំ​ ៣២០០ ​ម៉ែត្រការ៉េ​ផ្ទះ​បែប​អាជីវកម្ម​ចំនួន​ ៣៨ និង​មាន​សួនច្បារ​ដ៏ធំ​ទៀត​ផង​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​បើក​លក់​ហើយ ដោយ​យើង​ផ្តោត​លើ​ទីផ្សារ​នៅ​ប្រទេស​ចិន និង​កម្ពុជា​។ សំណង់ និង​ការ​រចនា​របស់​គម្រោង​ផ្តោត​ជាពិសេស​លើ​អតិថិជន​ជនជាតិ​ចិន​ដែល​មាន​ ជីវភាព​ខ្ពស់ និង​ចង់​បាន​ជីវិត​រស់នៅ​បែប​ស៊ីវិល័យ​។


លោក RAYSON បានបន្តថា “យើង​ក៏​ផ្តោត​លើ​អតិថិជន​ជនជាតិ​ខ្មែរ​ផង​ដែរ ​ព្រោះ​ខ្ញុំ​គិត​ថា​នៅពេល​ អនាគត​ប្រជាជន​ខ្មែរ​នឹង​ផ្លាស់ប្តូរ​ទម្លាប់​ការ​រស់ទៅ​រស់នៅ​ក្នុង​ខុនដូ ឬ​អាផាតមិន​ដោយសារ​ការរស់នៅ​ខុនដូ ឬ​អាផាតមិន គឺ​មាន​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here