OCIC វិនិយោគ ១៥០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ឋ ក្នុងទីក្រុងរណបជ្រោយចង្វារ

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ បន្ទាប់ពីចាក់ខ្សាច់បំពេញ ក្រុមហ៊ុនOCICបានវិនិយោគទឹកប្រាក់ ១៥០លានដុល្លារ លើការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ឋនានានៅក្នុងទីក្រុងរណបជ្រោយចង្វារ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ក្រុមហ៊ុនបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដោយមានផ្លូវប្រវែងសរុបប្រមាណ៣០គីឡូម៉ែត្រ និងប្រព័ន្ឋលូប្រវែង៦០គីឡូ​ម៉ែ​ត្រនៅក្នុងទីក្រុងរណបនេះទាំងមូល។ លោកបន្តថា ក្រុមហ៊ុនបានចំណាយថវិកាសាងសង់ប្រមាណ១៥០លានដុល្លារ ដោយមិនទាន់គិតបញ្ចូលតម្លៃនៃការបូមខ្សាច់ចាក់បំពេញនៅឡើយទេ។

លោកបន្តថា ពេលនេះក្រុមហ៊ុនកំពុងសាងសង់ផ្ទះល្វែង លក់​ក្នុងតម្លៃចន្លោះ១៥ទៅ២៥ម៉ឺនដុល្លារ និងបានបើកលក់បណ្តើរៗហើយ ។ ក្រុមហ៊ុនក៏កំពុង​សាងសង់អាគារពាណិជ្ជកម្មកំពស់១០ ទៅ១២ជាន់លក់ក្នុងតម្លៃ៣ទៅ៤លានដុល្លារ និងអាគារិយាល័យកណ្តាលរបស់ OCIC កំពស់២០ជាន់នៅតំបន់នេះ ដែលបោះទុនវិនិយោគទឹកប្រាក់​ប្រ​មាណ៣០លានដុល្លារអាមេរិក”។

លោកបន្តថា “យើងគ្រោងរៀបចំតំបន់នេះ ជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត ហេតុនេះទើបយើងមិនសាងសង់វីឡា ឬផ្ទះល្វែងច្រើននោះទេ ប៉ុន្តែយើងស្វាគមន៍អ្នកវិនិយោគបរទេស ដែលចង់ទិញដីដើម្បីសាងសង់មជ្ឈមណ្ឌល ពាណិជ្ជកម្មនៅក្នុងទីក្រុងនេះ​”។ លោកបន្តថា “យើងចង់ឲ្យទីក្រុងនេះក្លាយជាតំបន់ពាណិជ្ជកម្មទី២ ដូចតំបន់ពាណិជ្ជ​កម្មស្ថិតនៅតាមមហាវិថីព្រះមុនីវង្សនាពេលអនាគត”។

លោកទូច សំណាងបានបន្តថា ទីក្រុងនេះនឹងត្រូវអភិវឌ្ឈន៍ តាមបែប Smart City ដោយមានការកប់ខ្សែរភ្លើងក្រោមដី អំពូលបំភ្លឺLED បំពាក់ដោយកាមេរ៉ា និងទឹកកខ្វក់ចេញពីអាគារនិមួយៗ សុទ្ឋតែឆ្លងកាត់ប្រព័ន្ឋចម្រោះ មុនបង្ហូរ​ចេញទៅកាន់ទន្លេ។

ទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅលើទឹកដីក្នុងសង្កាត់ចំនួនបី គឺសង្កាត់ជ្រោយចង្វារ ព្រែកលាប និងសង្កាត់ព្រែកតាសេក ក្នុងខ័ណ្ឌជ្រោយចង្វារ។

អ្នកនាំពាក្យរដ្ឋបាលក្រុងភ្នំពេញ​លោកម៉េត មាសភ័ក្តីបានថ្លែងថា រដ្ឋាភិបាលបាន​ផ្តល់ដីសម្បទានដល់ក្រុមហ៊ុនOCIC អភិវឌ្ឍន៍តំបន់នេះជាទីក្រុងរណប ហើយជាលទ្ឋផលខ្សាច់ត្រូវបានចាក់បំពេញរួចហើយ ប៉ុន្តែការអភិវឌ្ឍរបស់វិស័យឯកជនត្រូវតែធ្វើតាម​ប្លង់គោលអភិវឌ្ឍន៍ក្រុង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូចម្រោះទឹកកខ្វ​ក់ជាដើម ដើម្បីធ្វើឲ្យប្រាកដថា ការអភិវឌ្ឈធ្វើឡើងប្រកបដោយនិរន្តរភាព និងធានាបាននូវនិរន្តរភាពបរិស្ថាន។

លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍតំបន់នេះ ជាគំរោងរបស់ក្រុមហ៊ុនដែលត្រូវអនុវត្តន៍តាមផែនការរបស់ខ្លួន ព្រោះទីតាំងនេះ គឺជាទីក្រុងរណបដែលនឹងបណ្តុំដោ​យប្រជាពលរដ្ឋ ដែលនឹងរីកដុះដាលចេញពីទីក្រុង”។លោកបន្តថា “តំបន់និមួយៗមានមាន​សក្តានុពល និងភាពពិសេសដោយឡែកៗពីគ្នា ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ឋនានាភ្ជាប់ទៅតំបន់នេះនាពេលអនាគត នឹងធ្វើឲ្យទីក្រុងនេះមានការរីកចម្រើននាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here