ដោយៈសុខុម
បាងកក: អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (Industrial Estate Authority of Thailand) ហៅកាត់ IEAT ឱ្យដឹងថា ផលប៉ះពាល់ដែលបង្កឡើងដោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យដីធ្លីធ្លាក់ថ្លៃតិចតួចក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២០ ប៉ុន្តែទំហំវិនិយោគបានកើនឡើងខ្លាំងរហូតដល់ទៅ៦៨៣%។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២១ ធ្នូកន្លងមក។
ការរាយការណ៍ពីសារព័ត៌មានដដែលនេះបានឲ្យដឹងថា ពីខែតុលាឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២០ ការលក់ដីឧស្សាហកម្មសរុបបានធ្លាក់ចុះ១,៥២% ឆ្នាំធៀបនឹងឆ្នាំមកនៅត្រឹម ២.១៥០ រ៉ៃ (៣៤៤ ហិកតា) ដោយច្រករបៀងសេដ្ឋកិច្ចភូមិភាគបូព៌ា (Eastern Economic Corridor (EEC)) បានធ្លាក់ចុះ៧,២% ឆ្នាំធៀបនឹងឆ្នាំមកនៅត្រឹម ១.៨៤១ រ៉ៃ (២៩៤,៥ ហិកតា)។ ក្នុងសារពើពន្ធឆ្នាំ២០១៩ ដីលក់បានសរុបមានចំនួន ២.១៨៤ រ៉ៃ (៤៤៩,៥ ហិកតា) ដោយការលក់នៅ EEC ទទួលបាន១.៩៨៤ រ៉ៃ (៣១៧,៥ ហិកតា)។
លោកស្រី Somchint Pilouk ប្រធានIEAT បានបន្ទោសការធ្លាក់ចុះនេះទៅលើការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលជះផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មនានា ក៏ដូចជាវិធានការបិទប្រទេស ដែលធ្វើឱ្យជនបរទេសមិនអាចធ្វើដំណើរមកកាន់ប្រទេសថៃបាន។
លោកស្រីថ្លែងថា “យើងរំពឹងថាពិភពលោក នឹងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងឆាប់ៗនេះ ដើម្បីបញ្ឈប់ការឆ្លងរាតត្បាតដោយសង្ឃឹមថា នឹងជួយជំរុញសេដ្ឋកិច្ចសកលឱ្យងើបឡើងនៅឆ្នាំក្រោយ”។
IEAT បានគូសបញ្ជាក់ថា ទោះបីជាការលក់ដីធ្លាក់ចុះយ៉ាងណាក្ដី ក៏ទំហំវិនិយោគដែលកើនឡើងខ្ពស់ បានផ្ដល់ការងារបន្ថែមជាច្រើនកន្លែង។
លោកស្រី Somchint Pilouk បានបន្ថែមថា ទំហំវិនិយោគបានកើនឡើង៦៨៣% រហូតដល់ទៅ២៣៩ពាន់លានបាត(៨ពាន់លានដុល្លារ)ក្នុងឆ្នាំសារពើពន្ធ២០២០ ដោយសារក្រុមវិនិយោគិន ដែលមានស្រាប់បានបង្កើនទំហំវិនិយោគរបស់ខ្លួន។
ការបង្កើនទំហំវិនិយោគនេះ បានផ្ដល់ការងារបន្ថែមរហូតដល់៣២.៧៥៣ កន្លែង ដែលកើនឡើងពីការងារ៥.៥១២ កន្លែង ឬកើនឡើង៤៩៤%៕