គំរោងអចលនទ្រព្យតម្លៃជាង ២០០០លានដុល្លារប្រកាសលក់នៅថ្ងៃនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងអចលនទ្រព្យយក្ស ដែលបោះទុនវិនិយោគជាង២០០០លានដុល្លារ​អាំមេរិក បានសម្រេចប្រកាសលក់នាថ្ងៃនេះហើយ នៅសាលតាំងបង្ហាញគំរោង ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។

លោក RAYSON មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារ នៃគំរោង R&F CITY ដែលបានវិនិយោ គគំរោងដ៏ធំមួយ នៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះមានផ្ទះសម្រាប់ធ្វើអាជីវកម្មចំនួន៣៨ និងមានខុនដូ​សរុបជាង៥០០០យូនីត។ គំរោងនេះមានអាគារខ្ពស់ៗចំនួន៣៣ជាន់ សរុបចំនួន២០អាគារ ដែលធ្វើឲ្យគំរោងនេះ ក្លាយជាសហគមន៍ដ៏រសរវើកមួយនាពេលអនាគត។

លោកបន្តថា “គោលនយោបាយផ្លូវសូត្រ ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលចិននិងកម្ពុជា និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ទើបក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោគនៅ​ទីក្រុងភ្នំពេញ”។លោកបន្តថា “គំរោងនេះស្ថិតនៅលើផ្ទៃដីជាង៧ហិកតា និងបានបោះទុន​វិនិយោគសរុបជាង២០០០លានដុល្លារអាមេរិក”។

លោក RAYSON បានថ្លែងឲ្យដឹងទៀតថា គំរោងនេះយើងផ្តោតសំខាន់លើសហគមន៍ជំនួញ និងប្រជាជនចិនដែលបានវិនិយោគ និងរស់នៅកម្ពុជា និងប្រជាជនកម្ពុជា ដែលចង់ផ្លាស់ប្តូរ Lifestyle របស់ពួកគេ ព្រោះអនាគតប្រជាជននៅទីក្រុងភ្នំពេញនឹងសម្រេ​ចចិត្តរស់នៅខុនដូកាន់តែច្រើន ដោយសារការរស់នៅតាមខុនដូធ្វើឲ្យមានភាពងាយស្រួល កក់ក្តៅ ជាមួយសេវាសន្តសុខ អនាម័យ និងសេវាកម្មដ៏ទាក់ទាញជាច្រើនទៀត។

លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានថ្លែងថា ការប្រកាសលក់គំរោងដែលមានផ្ទះចំនួន៥០០០យូនីត ស្តាប់ទៅ​ដូចមានចំនួនច្រើន ប៉ុន្តែបើមើលពីគោលនយោបាយលំនៅដ្ឋាននៅកម្ពុជា ចំនួននេះនៅ​មានកាខ្វះខាតនៅឡើយ។ លោកបន្តថា បើមើលសក្តានុពលនៅកម្ពុជា លំនៅដ្ឋានក្នុងចំនួននេះនៅតែមានតម្រូវការច្រើន ដោយសារកម្ពុជាមានច្បាប់អនុញ្ញាត្តឲ្យជនបរទេស អាចមានសិទ្ឋទិញផ្ទះចាប់ពីជាន់ទី១ឡើងទៅ និងច្បាប់វិនិយោគកម្ពុជាបានអនុញ្ញាត្តឲ្យ ជនបរទេសមានសិទ្ឋកាន់កាប់ភាគហ៊ុន១០០ភាគរយនៅកម្ពុជា។

លោកឧកញ៉ាបានបន្តថា “កម្ពុជាជាបេះដូងអាស៊ាន និងគោលនយោបាយផ្លូវសូត្រ កម្ពុជាទទួលបានផលប្រយោជន៍ច្រើន និងជាប្រទេសដែលគេវិនិយោគទទួលបានផលចំណេញ ទើបពួកគេចូលមកវិនិយោគនៅទីនេះ”។លោកបន្តថា “កម្ពុជាស្ថិតនៅចំចំណុច​កណ្តាលតំបន់អាស៊ាន ដែលការធ្វើដំណើរចំណាយពេលត្រឹម២ម៉ោងកន្លះប៉ុណ្ណោះយ៉ាង​យូរពីបណ្តាប្រទេសជាសមាជិកអាស៊ានមកកម្ពុជា ហេតុនេះនាពេលអនាគតកម្ពុជានឹងក្លាយជាhubមួយនៅក្នុងតំបន់នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here