អន្តរក្រសួងកំពុងពន្លឿនការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿននៅក្នុងខេត្តកណ្តាល

0

ដោយ ៖ រ៉ាណេត
កណ្តាល ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជិត ១៩០គីឡូម៉ែត្រដោយឆ្លងកាត់តំបន់មួយចំនួនក្នុងខេត្តកណ្តាល និងមានផលប៉ះពាល់លើប្រជាពលរដ្ឋចំនួន៥៨គ្រួសារ កំពុងត្រូវបានរដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់ក្នុងកាដោះស្រាយ ដើម្បីឱ្យដំណើរការសាងសង់អាចបញ្ចប់បានទៅតាមផែនការដែលគ្រោងទុក។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានពាក់ព័ន្ធនឹងប្រជាពលរដ្ឋរស់នៅ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល សរុបចំនួន៥៨គ្រួសារ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ ជាគម្រោងដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តន៍ក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលរដ្ឋនៅតែជាម្ចាស់កម្មសិទ្ធិលើទីតាំងដីទាំងអស់ដែលបានធ្វើលទ្ធកម្មសម្រាប់គម្រោង ហើយក្រុមហ៊ុននឹងត្រូវប្រគល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ មកឱ្យជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋក្រោយផុតរយៈពេលប្រតិបត្តិការ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសម្បទាន”។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ដំណើរការសាងសង់ផ្លូវ ល្បឿនលឿននេះកំពុងដើរស្របគ្នាជាមួយនឹងផែនការ ដែលបានកំណត់ទុក ដែលអាចបញ្ចប់ក្នុងឆមាសទី១ ឆ្នាំ២០២២ ។

លោកបន្តថា គិតមកទល់ពេលនេះ ការសាងសង់ផ្លូវល្បឿន លឿនសម្រេចបាន ២៦,៨៦ភាគរយហើយ ដោយការសាងសង់កំពុងមានដំណើរទៅមុខជាប្រចាំ ទោះបីមានវិបត្តិសកលអូសបន្លាយពេលយ៉ាងណាក្តី។ មន្ត្រីជំនាញរបស់ក្រសួង សាធារណការតែងតែសហការជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីអាចបញ្ចប់បានទៅតាមផែនការ។

ផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ដែលមានប្រវែងសរុបជិត១៩០ គីឡូម៉ែត្រនេះតភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុមានប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។

ផ្លូវល្បឿនលឿនចាប់ផ្តើមសាងសង់នៅថ្ងៃ ទី២២ ខែ មីនា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលចំណាយទឹកប្រាក់សរុបប្រមាណ ១៩០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here