ដោយៈ រ៉ាណេត
កំពតៈ បើទោះជាសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍន៍គម្រោងនានាជាពិសេសគម្រោងបង្កើតតំបន់កម្សាន្តជាច្រើនកន្លែង រួមជាមួយនឹងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តនៅតែបន្ត ប៉ុន្តែសម្រាប់តម្លៃដីធ្លីមិនមានការប្រែប្រួល ឬឡើងថ្លៃនោះឡើយនោះឡើយ។
លោកសុខ ប៊ុនធឿន ដែលជាភ្នាក់ងារទទួលលក់គម្រោងដីឡូតិ៍ជាច្រើនទីតាំងក្នុងខេត្តកំពត ជាពិសេសនៅតំបន់ផ្លូវក្រវាត់ក្រុងកំពត បានមានប្រសាសន៍ប្រាប់នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះថា ទីផ្សារដីធ្លីនៅក្នុងខេត្តកំពត ជាពិសេសប្រភេទដីឡូតិ៍ដែលស្ថិតនៅក្បែរតំបន់កម្សាន្ត ជាពិសេសនៅក្បែរផ្លូវក្រវាត់ក្រុង គឺមិនសូវមានសកម្មភាពទិញលក់ច្រើន ដូចកាលពីពាក់កណ្តាលឆ្នាំ២០២០នោះទេ។
លោកបញ្ជាក់ថា “តាមការកត់សម្គាល់របស់ខ្ញុំ ដែលកាន់គម្រោងលក់ដីឡូតិ៍ចំនួន៣ទីតាំងនៅក្នុងស្រុកទឹកឈូ គឺនៅចុងឆ្នាំ២០២០នេះ គឺហាក់ភាពស្ងប់ស្ងាត់ជាងកាលពីពាក់កណ្តាលឆ្នាំ២០២០ទៅទៀត”។ លោកបន្តថា “នៅពាក់កណ្តាលឆ្នាំ២០២០ បើទោះជាស្ថិតនៅក្នុងភាពប្រឈមនឹងបញ្ហាវិបត្តិជំងឺឆ្លង ប៉ុន្តែអតិថិជននៅតែមានហើយភាពច្រើនជាអ្នកមកពីក្រុងភ្នំពេញ ដែលពួកគេទិញដីឡូតិ៍ទាំងនេះ សម្រាប់សង់ផ្ទះស្នាក់នៅរយៈពេលខ្លី ឬផ្ទះលំហែររបស់ពួកគេ”។
លោកបន្តថា តម្លៃដីឡូតិ៍ដែលស្ថិតនៅក្នុងស្រុកទឹកឈូ ក្បែរតំបន់មណ្ឌលកម្សាន្តនានា ក៏ដូចជានៅក្បែរជើងភ្នំ មានតម្លៃត្រឹមជាង១ម៉ឺនដុល្លារក្នុងមួយឡូតិ៍ ឬទាបជាងនេះ អាស្រ័យទៅតាមទីតាំង ប៉ុន្តែសម្រាប់ដីគម្រោងដែលស្ថិតនៅជាប់ផ្លូវធំ ឬផ្លូវភូមិដែលមានប្រជាជនរស់នៅស្រាប់ អាចមានតម្លៃរហូតដល់១៥០០០ដុល្លារក្នុងមួយឡូតិ៍។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DEYTHMEY Real Estate លោកវិន ឈុនហ៊ាត បានមានប្រសាសន៍ថា ភាពស្ងប់ស្ងាត់នៅពេលនេះ មិនមែនជារឿងចម្លែកនោះទេ។ លោកបញ្ជាក់ថា “កាលពីអំឡុងពាក់កណ្តាលឆ្នាំ ទោះជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ ប៉ុន្តែនៅក្នុងសហគមន៍កម្ពុជា មិនទាន់មានការចម្លងនោះទេ ហើយគ្រានោះមនុស្សនៅចេញដើរច្រើន នៅតាមតំបន់កម្សាន្តក្នុងស្រុកនានា ដូច្នេះការទិញទិញលក់ដីធ្លីនៅមានសកម្មភាព។
ប៉ុន្តែពេលនេះស្ថានភាពគឺខុសពីមុន ជាពិសេសក្រោយមានការផ្ទុះឡើង នៅក្នុងសហគមន៍កាលពីពេលកន្លងទៅ ហើយបន្ថែមពីនេះ ក៏មានការគំរាមកំហែងពីការចម្លងមកពីប្រទេសជិតខាង ដូចជា ខេត្តរបស់ប្រទេសថៃដែលស្ថិតនៅច្រកព្រំដែន ជាមួយកម្ពុជា។
លោកបានបន្តថា “ពេលនេះមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ហើយអាចនឹងបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ខាងមុខទើបអាចចាប់ផ្តើមមានសកម្មភាពឡើងវិញ។ តម្លៃដីឡើងថ្លៃនៅពេល ដែលមានសកម្មភាពទិញលក់ច្រើន ដូច្នេះហើយប្រសិនបើសកម្មភាពទិញ លក់នៅក្នុងខេត្តកំពតចាប់ផ្តើមមានឡើងវិញ តម្លៃដីនឹងមានការប្រែប្រួលជាក់ជាមិនខាន”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍ថា កំពតគឺជាខេត្តដែលមានសក្តានុពលទេសចរធម្មជាតិ ដែលខេត្តដទៃទៀតមិនមាន ហើយក៏ជាទិសដៅនៃអ្នកទេសចរនៅក្នុងស្រុកផងដែរ ព្រោះពួកគាត់មិនសូវចង់ទៅខេត្តផ្សេងប៉ុន្មានទេ ជាពិសេសទេសចរណ៍ ដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។
លោកបន្តថា “មួយរយៈចុងក្រោយនេះ យើងឃើញមានអាជីវកម្មថ្មីៗបានដុះដាលនៅជុំវិញក្រុងកំពត រាប់ចាប់ពីបារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសូម្បីតែក្រុមហ៊ុនទេសចរណ៍។ ទោះយ៉ាងណាការបណ្តាក់ទុនថ្មីៗទាំងនេះ ភាគច្រើនផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុក ព្រោះទេសចរដែលមកពីក្រៅប្រទេសនៅមិនទាន់មាននោះទេ”៕