ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបង្កើនថវិកាជាបន្តបន្ទាប់ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋទូទាំងប្រទេស ក្នុងទំហំទឹកប្រាក់ចន្លោះ៦០០ទៅ៧០០លានដុល្លារ ដើម្បី ជំរុញកំនើនសេដ្ឋកិច្ចជាតិ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៥ ធ្នូនេះថា ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវជាតិសំខាន់ៗចំនួន១០បាន និងកំពុងសិក្សាឡើងវិញ និងកំពុងសាងសង់នៅទូទាំងប្រទេស ដែលជាការវិនិយោគរបស់រដ្ឋាភិបាល ដើម្បីពង្រីកការតភ្ជាប់និងសមាហរណកម្មផ្ទៃក្នុងកម្ពុជា និងជាមួយប្រទេសក្នុងតំបន់។
លោកបន្តថា ក្នុងមួយឆ្នាំៗរដ្ឋាភិបាលចំណាយប្រាក់ចន្លោះពី៤០០ ទៅ៥០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ឋថ្មី និងចំណាយចន្លោះពី១០០ ទៅ២០០លានដុល្លារសំរាប់ការកែលំអរ និងជុសជុលឡើងវិញ។ លោកបន្តថា ក្នុងចំណោមថវិកាទាំងនោះ រដ្ឋាភិបាលបដិភាគថវិកាចន្លោះពី១៦០ ទៅ២០០លានដុល្លារ ក្រៅពីនោះជាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នានា។
លោកវ៉ាស៊ីម សូរិយាបានបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋជាសសៃឈាម ឬជាក្បាលរថភ្លើង ដែលរុញកំនើនសេដ្ឋកិច្ចជាតិ ហេតុនេះរដ្ឋាភិបាលត្រូវតែវិនិយោគទាំងហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោល ផ្លូវទឹក ផ្លូវអាកាស និងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តដទៃទៀត”។
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់បានមានប្រសាសន៍ថា ដោយសារកម្ពុជាជាប្រទេសទើបមានភាពរីកចម្រើន និងស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿងអាទិភាពរបស់រដ្ឋាភិបាល ព្រោះហេដ្ឋារចនាសម្ព័ន្ឋទន់ខ្សោយ ជាបញ្ហាប្រឈមមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ដូចជាផ្នែកសេដ្ឋកិច្ច។
លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋត្រូវចំណាយច្រើនណាស់ ប៉ុន្តែរដ្ឋាភិបាលត្រូវតែធ្វើ ដើម្បីកំនើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំនើនសេដ្ឋកិច្ចថ្មី”៕