ក្រសួង​សាធារណ​ការគ្រោង​បណ្តុះបណ្តាល​យុវជន​ឱ្យមាន​ជំនាញ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ

0

ដោយៈ​វុត្ថា

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​បណ្តុះបណ្តាល​យុវជន​កម្ពុជា​ឱ្យមាន​ជំនាញ​ពិត​ប្រក​ដ ក្នុងការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ល្បឿន​លឿន (Expressway) នៅក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​ក្រោយនេះ ដើម្បី​ប្រកួតប្រជែង​ជំនាញ​សាងសង់​របស់​យុវជន​កម្ពុជា​នៅលើ​ឆាក់​អន្តរជាតិ។

លោក គង់ វិមាន នាយក​ខុ​ទ្ធ​កាល័យ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyear.asia កាលពី​ថ្ងៃទី២៥ ខែធ្នូ​ម្សិលមិញ​ថា ផែនការ​កា​រស​ម្រា ប់​បណ្តុះបណ្តាល​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដល់​យុវជន​កម្ពុជា លើ​ជំនាញ​សាងសង់​ស្ពាន និង​ផ្លូវ​ល្បឿន​នេះ ក្រសួង​បាន​នឹង​កំពុង​រៀបចំ ក្រុមការងារ​ចំពោះ​កិច្ច​មួយ ដើម្បី​ធ្វើការ និង​ជជែក​ជាមួយនឹង​វិទ្យាស្ថាន​ជាតិ​បច្ចេកវិទ្យា និង​ក្រសួង​អប់រំ។

លោក​បន្តថា  “ការជជែក និង​ពិភាក្សាគ្នា​នេះ ដើម្បី​ឈានទៅ​ធ្វើ​កិច្ចព្រមព្រៀង​រួមមួយ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិទ្យាស្ថាន របស់​ក្រសួង​មាន​លក្ខណៈ​ស្តង់ដារ​ខ្ពស់​របស់​ជាតិ ខណៈ​បច្ចុប្បន្ននេះ ក្រុមការងារ​បាន​នឹង​កំពុង​ពិភាក្សាគ្នា​អំពី​ក្រម​ខណ្ឌ​និតិ​វិធី” ។

លោក​បន្ថែមថា បន្ទាប់ពី​មានការ​រៀបចំ គោលការណ៍​សព្វគ្រប់​អស់ហើយ  និង​មាន​កិច្ចព្រមព្រៀង និង​មានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​រួចហើយ   ការបណ្តុះបណ្តាល​នឹង​ចាប់ផ្តើម​ហើយ  ព្រោះ​នៅក្នុង​ក្រសួង​បណ្តុំ​ទៅដោយ​មនុស្ស ដែលមាន​ធនធាន​ស្រាប់  និង​ទទួលបាន​សញ្ញាបត្រ និង​ជំនាញ​ច្បាស់លាស់​មកពី​ក្រៅប្រទេស និង​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា ក្នុងការ​បណ្តុះ​និស្សិត ដែលមាន​បំណង​រៀន​ជំនាញ​វិស្វករ​សំណង់។

លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ននេះ​ក្រសួង​ក៏មាន​មន្ត្រី​ជំនាញ​សាងសង់​ស្ពាន និង​ផ្លូវ​ច្រើន​ដែរ ប៉ុន្តែ​មិនទាន់​ឆ្លើយតប​ទៅនឹង ការរីកចំរើន និង​សេចក្តីត្រូវការ​នោះទេ ដោយ​ពួកគាត់​មានលទ្ធភាព​ក្នុងការ​សាងសង់​ផ្លូវ និង​ស្ពាន​ក្នុង​កម្រិត​ធ​ម្យ​ម  តែ​មិនទាន់​អាច​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ល្បឿន​បាន​នោះទេ។

លោក​ថ្លែងថា ភាគច្រើន​គម្រោង​ស្ពាន និង​ផ្លូវ Expressway ធំៗ ត្រូវបាន​សិក្សា និង​សាងសង់​ដោយ​វិស្វករ និង​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស​ស្ទើ​តែង​ទាំងអស់” ។ លោក​បន្តថា “ដូច្នេះហើយ​បានជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់​ចេញ​នូវ​ផែនការ​យ៉ាង​មុត​ស្រួច ធ្វើយ៉ាងណា​បណ្តុះបណ្តាល​ជំនាញ​ទាំងនេះ ដល់​យុវជន​កម្ពុជា​នៅ​ឆ្នាំ​ក្រោយនេះ” ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ប្រចាំ​សប្ដាហ៍​តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ​កាលពីពេលថ្មីៗនេះ​បានឱ្យដឹងថា ក្រសួង​បាន និង​កំពុង​អនុវត្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​សហការគ្នា​រៀបចំ​កម្មវិធី បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ទាក់ទង​នឹង​ផ្លូវថ្នល់ និង​ស្ពាន​ដល់​កូន​ខ្មែរ ឱ្យក្លាយ​ទៅជា​វិស្វករ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេសរ​បស់​ក្រសួង។

លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ ចំពោះ​កិច្ច​ពិនិត្យ​លទ្ធភាព​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្ដាល​ចាប់ពី​ខែមករា ឆ្នាំ២០២១ នេះ​តទៅ ក្នុងការ​ចូលរួម​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ ឱ្យ​កាន់តែ​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​គឺ មនុស្ស ផ្លូវ ភ្លើង ទឹក។

រដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​ជាច្រើន គម្រោង ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចំរើន​របស់​ប្រទេស និង ការដឹកជញ្ជូន​នៅក្នុង​ប្រទេស ព្រមទាំង​បង្កើន​នូវ​ទំហំ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ឱ្យ​កាន់តែ​មានការ​រីកចំរើន​បន្ថែមទៀត ខណៈ​ប​ច្ចុ​ប្ប​មាន​គម្រោង​ធំ​ជាច្រើន​ទាំង​ផ្លូវ​ល្បឿន​លឿន ផ្លូវ​ក្រវ៉ាត់​ក្រុង និង​ស្ពាន​ឆ្លង​កាន់​ទន្លេ បាន​នឹង​កំពុង​សាងសង់ និង​ត្រៀម​សាងសង់​នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here