ដោយគង់ សូរិយា
ភ្នំពេញៈ ឆ្នាំ២០២០ដ៏កលយុគ ត្រៀមបញ្ចប់នៅរយៈពេលបីថ្ងៃខាងមុខ ខណៈឆ្នាំ២០២១ បានរំកិលកាន់តែកៀកមកដល់ ដែលគ្រប់គ្នាកំពុងរង់ចាំស្វាគមន៍រឿងរ៉ាវល្អនឹងកើតមានឡើងនៅពេលខាងមុខ។
ដោយឡែកកម្ពុជាក៏ដូចគ្នា ឆ្នាំ២០២១មានគំរោងហេដ្ឋារចនាសម្ព័ន្ឋ អចលនទ្រព្យ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម នឹងមានភាពល្អប្រសើរឡើង។
កិច្ចព្រមព្រៀងធំៗចំនួន៣បាននិងកំពុងត្រៀមចូលជាធរមាន
គ្រាន់់តែបើកឆាកថ្ងៃទី១ ខែ១ ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន (FTA) នឹងចូលជាធរមាន ដែលវាជាកាលានុវត្តន៍៍ភាពថ្មីមួយ សំរាប់ពង្រីកឳកាសឈានឡើងរបស់កម្ពុជា និងសម្រេចបានវិបុលភាពរបស់ខ្លួន តាមយុទ្ឋសាស្ត្ររំកិលប្រទេសចេញពីឋានៈប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមទស្សននិងចក្ខុវិស័យរបស់សម្តេចតេជោ។
ជាមួយគ្នានេះ កម្ពុជាក៏បាននិងកំពុងត្រៀមទទួលបាននូវការនាំចេញទំនិញទៅកាន់ប្រទេសអង់គ្លេសដោយរួចពន្ឋ តាមរយៈប្រព័ន្ឋ GSP ផងដែរ។ លើសពីនេះ ឆ្នាំ២០២១ ក៏ជាពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េបញ្ចប់ផងដែរ ហើយរំពឹងកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅឆ្នាំ២០២១ផងងដែរ។
ជាមួយគ្នានេះ កិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីធំបំផុត (RCEP) ដែលកម្ពុជាជាប្រទេសហត្ថលេខីមួយ ជាមួយប្រទេស១៤ទៀត ក៏នឹងបើកផ្លូវដល់់កម្ពុជាពង្រីកការនាំចេញផងដែរ។
ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន១០
ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន១០ បាននិងកំពុងសាងសង់ និងកំពុងសិក្សាពង្រីកនៅឆ្នាំ២០២១ខាងមុខផងដែរ ដូចជាផ្លូវជាតិលេខ២ ផ្លួវជាតិលេខ២២ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ១០ បាននិងកំពុងសាងសង់ និងត្រៀមសាងសង់នាឆ្នាំ២០២១ផងដែរ។
ប្រសិនជាដំណើរការតាមការគ្រោងទុក ផ្លូវជាតិសំខាន់ៗចំនួន១០ខ្សែ ខ្លះនឹងបញ្ចប់ការស្ថាបនា ខ្លះទៀតនឹងចាប់ផ្តើមពង្រីក និងផ្លូវជាតិខ្លះទៀតនឹងទទួលបានហិរញ្ញប្បទាន។
ពហុកីឡាដ្ឋានមរតកតេជោ
ពហុកីឡាដ្ឋានមរតកសម្តេចតេជោ ដែលជាសំណង់ប្រវត្តិសាស្ត្រសំរាប់ចងដៃកម្ពុជានាដើមសតវត្សរ៍ទី២១នេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ២០២១ខាងមុខនេះ ស្របពេលពហុកីឡាដ្ឋាននេះ នឹងត្រៀមស្វាគមន៍ព្រឹត្តិការណ៍អាស៊ានហ្គេម នាឆ្នាំ២០២៣ខាងមុខ។
ពហុកីឡាដ្ឋាននេះ ជាចំណងដៃ និងជាស្ពានតភ្ជាប់ចំណងមេត្រីភាពកម្ពុជា ចិន កាន់តែមានភាពល្អប្រសើរថែមទៀត ខណៈប្រទេសទាំងពីរបាន និងកំពុងអនុវត្តន៍ភាពជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០កន្លងមកនេះ។
ព្រលានយន្តហោះថ្មីមួយនឹងបើកដំណើការ
ហេដ្ឋារចនាសម្ព័ន្ឋផ្លូវអាកាស លំដាប់អន្តរជាតិថ្មីមួយទៀត គឺព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ ស្របពេលការសាងសង់ព្រលាននេះបាន និងកំពុងដំណើរការយ៉ាងសកម្ម។
គម្រោងព្រលានយន្តហោះនេះ នឹងទាក់ទាញការវិនិយោគពីប្រទេសចិន និងភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនទៀត ដោយសារព្រលានយន្តហោះនេះអាចមានសមត្ថភាពទទួលការចុះចតរបស់យន្តហោះខ្នាតធំៗឆ្លងទ្វីបបាន។
ទីក្រុងសៀមរាបនឹងផ្លាស់ប្តូរមុខមាត់ថ្មី
ទីក្រុងសៀមរាប នឹងផ្លាស់ប្តូរមុខមាត់ថ្មី ដោយសារហេដ្ឋារចនាសម្ព័ន្ឋចំនួន៣៨ខ្សែ ដែលបាននិងកំពុងស្ថាបនា និងកែលំអរឡើងវិញ នឹងបញ្ចប់ជាស្ថាបពរ ពិសេសការកែលំអរស្ទឹងសៀមរាប ឲ្យកាន់តែមានសោភ័ណភាព នឹងធ្វើឲ្យទឹកដីអច្ឆរិយៈនេះនឹងមានភាពស្រស់បំព្រង នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើនថែមទៀត។
ការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋនេះ នឹងធ្វើឲ្យតម្លៃអចលនទ្រព្យនៅខេត្តនេះមានការរីកចម្រើន និងតម្លៃដីធ្លីនឹងកើនឡើងថែមទៀត។
ដីធ្លីនៅតាមបណ្តាខេត្តមួយចំនួននឹងបន្តឡើងថ្លៃ
បើទោះជាកម្ពុជារងវិបត្តិសេដ្ឋកិច្ចសាកលក្តី ក៏ការដោះដូរដីធ្លីនៅតាមបណ្តាខេត្តមួយចំនួននៅតែមានភាពសកម្ម ហេតុនេះនៅឆ្នាំ២០២១ ការដោះដូរដីធ្លី និងតម្លៃដីនឹងកើនឡើងនៅតាមបណ្តាខេត្តមួយចំនួនទៀត ដូចជា ខេត្តកណ្តាល តាកែវ កំពត កែប កោះកុង មណ្ឌលគិរីជាដើម៕