ដោយស៊ីវ ម៉េង
ភ្នំពេញៈ ជាស្រ្តីកើតក្នុងគ្រួសារមានជីវភាពធូរធារមួយរូប អ្នកស្រី កែវ សុចិន្តា បានធំធាត់ជាមួយការថែរទាំយ៉ាងល្អ និងទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ ពិសេសលោក អ្នកមានគុណរបស់ខ្លួន។
ជាមួយនឹងស្នាមញញឹមប្រកបដោយភាពជឿជាក់ អ្នកស្រី កែវ សុចិន្តា បានកើតនិងធំដឹងក្តីនៅខេត្តស្វាយរៀង កន្លែងដែលម្តាយរបស់ខ្លួន បានប្រកបរបរជាអាជីវករលក់មាស និងលោកឪពុកជាមន្រ្តីពន្ធដារខេត្ត។
ដោយសារកើតក្នុងគ្រួសារជាមន្រ្តីរាជការ អ្នកស្រីបានផ្លាស់ទីលំនៅជាមួយឳពុក ម្តាយ មករៀននៅវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ព្រោះពេលនោះឳពុកអ្នកស្រីបានផ្លាស់ពីខេត្តស្វាយរៀង មកកាន់តួនាទីជាប្រធានផ្នែកពន្ធដារ នៅខេត្តកំពង់ចាម និងបានបន្តរមកវិទ្យាល័យព្រះស៊ីសុវត្តិក្រុងភ្នំពេញ។
ជាមួយនឹងភាពកក់ក្តៅក្នុងគ្រួសារ អ្នកស្រីតែងតែទទួលបាននិទ្ទេសល្អ នៅក្នុងសាលា ដោយទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ជាប់ជាប្រចាំ តាំងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ហើយពេលចូលដល់សាកលវិទ្យាល័យ អ្នកស្រីក៏បានជាប់ចំណាត់ថ្នាក់លេខ១ទៀត ពេលសិក្សាជំនាញគ្រប់គ្រងគណនេយ្យនៅសាកលវិទ្យាល័យន័រតុន។
ជាមនុស្សមានភាពជឿជាក់ និងការតាំងចិត្តខ្ពស់ អ្នកស្រីបានបន្តដោយស្នាមញញឹមថា “ដោយសារពេលរៀនបានលេខ១ និងលេខ២ឳពុករបស់ខ្ញុំតែងតែឲ្យរង្វាន់ បានធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែងជាប្រចាំ ព្រោះខ្លាចធ្លាក់និទ្ទេស”។ អ្នកស្រីបន្ថែមថា “ពេលរៀននៅសាកលវិទ្យាល័យន័រតុន ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ទៀត ក្នុងចំណោមនិស្សិតជាង២៥០នាក់ ហេតុនេះខ្ញុំត្រូវខំប្រឹងបន្ថែម ដើម្បីរក្សាចំណាត់ថ្នាក់ល្អ ព្រោះខ្លាចខ្មាស់គេ ពេលរៀនធ្លាក់និទ្ទេស”។
នៅពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៣ អ្នកស្រីបានប្រឡូកការងារដំបូងនៅអង្គការឌីស៊ីខេម ដោយទទួលបានប្រាក់ខែ៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាជាការងារដែលអ្នកស្រីសប្បាយចិត្ត ព្រោះបានអានឯកសារច្រើន និងវាយកុំព្យូទ័របានលឿនរហូតមកទល់ពេលនេះ។
លាលែងពីការងារកន្លែងចាស់ អ្នកស្រីបានបំពេញការងារ នៅក្រុងហ៊ុនថ្មីមួយទៀតរយៈពេល១ឆ្នាំ មុនពេលចេញទៅធ្វើការគ្រប់គ្រងផ្នែកគណនេយ្យ នៅក្រុមហ៊ុនខេភីអ៊ឹមជី។
ដោយសារស្រលាញ់ការសិក្សា កំឡុងពេលបំពេញការងារ អ្នកស្រី កែវ សុចិន្តា បានចូលរៀនបន្ថែមផ្នែកគណនេយ្យករសាធារណៈ(ACCA)បន្ថែមទៀត មុនពេលបន្តរថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យន័រតុន នៅឆ្នាំ២០០៥។
ជាមួយនឹងបទពិសោធន៍ការងារ និងសិក្សាបណ្តើរ ចង់ប្រឡូកជំនួញបណ្តើរ អ្នកស្រីបានចាប់ផ្តើមបើកហាងBaby & Lady ហើយហាង Baby Boutique ជាមួយមិត្តភក្តិ ជាមុខជំនួញលើកដំបូង ដែលអ្នកស្រីបានប្រឡូកនៅឆ្នាំ២០១០ ជាលទ្ឋផលមុខជំនួញដំបូងនេះ មិនសូវទទួលបានជោគជ័យទេ ដោយសារអ្នកស្រីមិនមានពេលវេលាផ្តោតគ្រប់គ្រាន់។
អ្នកស្រីបានបន្តដោយអស់សំណើចថា “បើកក្រុមហ៊ុនចូលគ្នាជាមួយមិត្តភក្តិ បោះ ទុន១ម៉ឺនដុល្លារម្នាក់ ចុងក្រោយសល់ម្នាក់១ពាន់ដុល្លារ ប៉ុន្តែវាបានធ្វើឲ្យយើងអាចរៀនសូត្របន្ថែមពីអាជីវកម្ម និងររបៀបនៃការរកស៊ីចូលគ្នា”។
ជាមួយគ្នានេះ អ្នកស្រីបានបើកក្រុមហ៊ុនផ្តល់សេវាកម្មEmerald Agencyនៅឆ្នាំ២០១៥ នៅពេលឈប់ពី KPMG និងបានបន្តរហូតដល់សព្វថ្ងៃនេះ ព្រមជាមួយគ្នានេះ អ្នកស្រីបានបំពេញការងារនៅក្រុមហ៊ុនធានារាប់រងអាយុជីវិត AIA ដោយទទួលបានតួនាទី ជាប្រធានផ្នែកគ្រប់គ្រងអាជីវកម្មជាន់ខ្ពស់។
ជាការងារដែលអ្នកស្រីស្រលាញ់ពេញចិត្ត និងការដាក់ចិត្តចង់បានលេខ១ ពេលធ្វើអាជីវកម្ម ឬរៀនសូត្រ ជាលទ្ឋផលអ្នកស្រីទទួលបានលទ្ឋផលល្អ ដោយលក់ធានារ៉ាប់រងបានល្អជាងគេ ដែលទទួលបានការកោតសរសើរ និងលើកទឹកចិត្តជាបន្តរបន្ទាប់ ពិសេសជាការងារ ដែលអ្នកស្រីស្រលាញ់ពេញចិត្ត ព្រោះជាការងារដែលអាចជួយប្រជាជនបានច្រើន។
ជីវិតអាពាហ៍ពិពាហ៍
ជាមួយនឹងភាគជោគជ័យលើមុខជំនួញ និងវ័យវឌ្ឈនាការ អ្នកស្រី កែវ សុចិន្តាបានសម្រេចចិត្តចូលខ្លោងទ្វារអាពាហ៍ពិពាហ៍ ជាមួយលោកសំឆន សុភ័ក្ត្រា ដែលជាមន្រ្តីរាជការនៅឆ្នាំ២០០៥។
រហូតមកទល់ពេលនេះ អ្នកស្រីទទួលបានចំណងដៃបុត្រចំនួន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់ ដែលពួកគេកំពុងសិក្សា ស្របពេលកូនស្រីបងមានអាយុ១៥ឆ្នាំ កូនស្រីទី២ អាយុ១២ឆ្នាំ និងកូនប្រុសពៅអាយុ៧ឆ្នាំ។
ជាឆាកជីវិតពោរពេញដោយសុភមង្គល និងភាពកក់ក្តៅពីគ្រួសារ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តបានធ្វើឲ្យអ្នកស្រី អាចចាប់ផ្តើមមុខជំនួញកាន់តែច្រើន ការងារក៏កាន់តែទទួលបានជោគជ័យផងដែរ។
ភាពជោគជ័យទទួលបាន
ភាពជោគជ័យ គឺមាននិយមន័យច្រើន ប៉ុន្តែកត្តាកំណត់ជាសត្យានុម័ត គឺការទទួលបានការគាំទ្រពីគ្រួសារ ភាពជោគជ័យលើអាជីវកម្ម និងសុភមង្គលក្នុងគ្រួសារ។
ដូចគ្នានេះដែរ អ្នកស្រីកែវ សុចិន្តា ជាមនុស្សមានសមត្ថភាពផ្ទាល់ខ្លួនផង និងទទួលបានការគាំទ្រពីគ្រួសារផង។
អ្នកស្រីបានមានប្រសាសន៍ថា ភាពជោគជ័យមកទល់ថ្ងៃនេះ ផ្តើមចេញពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងការជ្រោមជ្រែងពីគ្រួសារ ព្រោះបើគ្មានការគាំទ្រពីគ្រួសារ ក៏យើងមិនអាចដើរហើរទៅណាទេ។ អ្នកស្រីបន្តថា “ ដោយសារខ្ញុំជាមនុស្សចូលចិត្តដើរកំសាន្ត និងមានក្តីស្រម័យដើរជុំវិញពិភពលោក អញ្ចឹងខ្ញុំតែងតែប្រាប់អ្នកផ្ទះថា ហេតុអីខ្ញុំចូលចិត្តធ្វើរឿងហ្នឹង និងមុនសម្រេចចិត្តវិនិយោគលើគំរោងThe Point Community Mall (ទល់មុខស្ថានទូតចិន)ជាមួយមិត្តភក្តិ និងបានចូលរួមសហការវិនិយោគលើគំរោងមួយចំនួនទៀតជាមួយមិត្តភក្តិ និងគម្រោងមួយចំនួនផងដែរ។
អ្នកស្រីបានបន្ថែមថា “ខ្ញុំបានពិភាក្សាជាមួយស្វាមី និងលោកឳពុកក្មេក ដោយលោកបានផ្តល់យោបល់ គំនិតល្អៗ និងគាំទ្រផ្នែកហិរញ្ញវត្ថុ ទីបំផុតខ្ញុំបានវិនិយោគគំរោងនេះបានរហូតមកដល់ពេលនេះដោយជោគជ័យ”។
ផ្តើមចេញពីការគាំទ្រពីគ្រួសារពេញលេញ អញ្ចឹងខ្ញុំធ្វើអ្វីបាន ពួកគាត់មិនហាមឃាត់នូវអ្វីខ្ញុំចង់ធ្វើទេ ទាំងលោកឳពុកផ្ទាល់ និងលោកឳពុកក្មេក។ ហេតុនេះគេថាខ្ញុំជោគជ័យ គឺផ្តើមចេញពីការខិតខំខ្លួនឯង និងការគាំទ្រពីគ្រួសារហ្នឹងឯង។
អ្នកស្រី កែវសុចិន្តា បានបន្តរថា “កត្តាជោគជ័យមួយទៀត គឺការមានទំនាក់ទំនងល្អ ភាពរួសរាយរាក់ទាក់ និងការមិនប្រកាន់ខ្លួន ដែលខ្ញុំជាមនុស្សចូលចិត្តការងារសង្គមច្រើន មិនប្រកាន់អ្នកធំ អ្នកតូចឡើយ ហើយខ្ញុំចូលចិត្តរៀនអ្វីដែលថ្មីនៅជុំវិញខ្លួនជាប្រចាំ”។អ្នកស្រីបានបន្តថា “ភាគជោគជ័យមួយទៀត នៃការធ្វើជំនួញ គឺយើងត្រូវសួរខ្លួនឯងថា តើយើងចង់បានលុយ ចង់បានកិត្តិយស ការទទួលស្គាល់ ឬចង់ឲ្យគេស្គាល់យើងច្រើន??។
បើសំដៅតែយើងប្រាក់ចំណេញ ខ្ញុំមិនអាចនៅក្នុងផ្នែកធានារ៉ាប់រងយូរបានឡើយ ព្រោះនៅក្នុងផ្នែកនេះ មានការបដិសេធពីភ្ញៀវច្រើន។ អ្នកខ្លះពេលយើងនិយាយទៅគេពីបញ្ហានេះ គេបដិសេធ គេលែងរាប់រកយើងក៏មាន ហេតុនេះយើងត្រូវរ៉ឹងមាំ និងត្រូវប្រឹងប្រែងលើអ្វីដែលយើងចង់បានអ្វីពិតប្រាកដ។
ដូចពេលចូលបំពេញការងារនៅក្រុមហ៊ុនAIAដំបូង ខ្ញុំលក់មិនសូវបាន ខ្ញុំមិនបានខ្វល់ពីវាទេ(ដោយសារមានចំណូលផ្នែកផ្សេងទប់) តែខ្ញុំគិតពីគោលដៅ គឺចង់ឲ្យប្រជាជនយើងយល់ពីធានារ៉ាប់រងថា តើវាមានសារៈសំខាន់បែបណា?។អ្នកស្រីបញ្ជាក់។
អ្នកស្រី កែវ សុចិន្តា បានបន្តថា មានអ្នកនិយាយថា តើអ្នកស្រីខំធ្វើអ្វី ព្រោះបើផ្អែកពីចំណូលរបស់ខ្លួន គឺមិនមានអ្វីត្រូវលំបាកនោះទេ ប៉ុន្តែខ្ញុំនៅតែចុះនៅតាមបណ្តាខេត្ត ដែលមានការអត់ធ្មត់ និងហត់នឿយច្រើន។
ប៉ុន្តែទីបំផុតខ្ញុំធ្វើបានច្រើន និងទទួលបានលទ្ឋផលល្អ។
ទីបំផុតមានអ្នកចូលរួមរីករាយជាមួយយើង ដោយហៅខ្ញុំ “អ្នកស្រីAIA” ដែលនេះជាសមិទ្ឋផលមួយ ដែលវាជាមោទនភាពមួយ នោះគឺផ្តើមចេញពីការផ្តោតលើគោលដៅ នៃអ្វីដែលយើងចង់បានពិតប្រាកដ។
អនុសាសន៍
មនុស្សមានការគិតផ្សេងៗគ្នា ប៉ុន្តែការគិតវិជ្ជមាន នឹងនាំយើងដើរទៅមុខលឿន ខណៈបច្ចុប្បន្ន សហគ្រិនស្រ្តីលេចធ្លោជាច្រើន បាននិងកំពុងបង្ហាញមុខក្នុងសង្គម និងទទួលបានការបណ្តុះបណ្តាល លើកទឹកចិត្តបន្ថែម។
សម្រាប់អ្នកស្រី កែវ សុចិន្តា បានលើកទឹកចិត្តដល់ស្រ្តីផងដែរថា ស្រ្តីដែលចង់ប្រឡូកក្នុងជំនួញទាមទារការគាំទ្រពីគ្រួសារ ព្រោះបច្ចុប្បន្ននៅតែមានអ្នកគិតថា “រៀនច្រើនធ្វើអី រៀបការហើយឲ្យប្តីចិញ្ចឹមទៅ”។
អ្នកស្រីបន្ថែមថា ហេតុនេះទាមទារអ្នកផ្ទះ(ស្វាមី)ផ្លាស់ប្តូរផ្នត់គំនិត និងអង្គុយជជែកគ្នាថា តើគាត់ចង់បានអ្វី និងធ្វើជំនួញបែបណា ពិសេសទាមទារការគាំទ្រពីកម្លាំងកាយ កម្លាំងចិត្តពីគ្រួសារ ដើម្បីឲ្យស្រ្តីសម្រេចបានតាមគោលដៅរបស់ខ្លួន។
អ្នកស្រីបានលើកជាឧទាហរណ៍ថា “ដូចខ្ញុំចឹង ពេលខ្ញុំកំពុងរៀនគណនេយ្យ លោកឪពុកខ្ញុំ តែងតែទៅយកជាប្រចាំពេលចេញពីសាលា ហើយខ្ញុំប្រាប់គាត់ថា“កូនចង់ធ្វើនេះ ធ្វើនោះ ជាលទ្ឋផលគាត់បានផ្តល់យោបល់ និងការណែនាំផ្សេងៗ ដើម្បីយើងអាចសម្រេចបានគោលដៅរបស់ខ្លួន”។
ញញឹមបណ្តើរ អ្នកស្រីបានបន្តលើកឡើងថា ដូចពាក្យចាស់លោកពោលថា “ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់” នៅពេលយើងយកពាក្យនេះជាប់នឹងខ្លួន ពេលទៅណាក៏គេស្រលាញ់ គេចូលចិត្តយើងដែរ ដូច្នេះពេលយើងទៅដល់ណា មានអ្វីយើងសួរគេ មានអ្វីយើងជួយគេបាន ជារឿងល្អ”។
អ្នកស្រីបានបន្តរដោយម៉ឺងមាត់ថា “អ្វីដែលជាកត្តាដំបូងគេ គឺយើងត្រូវលើកទឹកចិត្តខ្លួនឯងជាមុន មុនពេលគេលើកទឹកចិត្តយើង ព្រោះបើយើងមិនលើកទឹកចិត្តខ្លួនឯង មិនខិតខំខ្លួនឯង ចាំតែគេលើកទឹកចិត្តក៏លំបាកដែរ”។
ជាមួយស្នាមញញឹម និងភាពរួសរាយរាក់ទាក់ អ្នកស្រីបន្ថែមថា “អ្វីសំខាន់មួយទៀតគឺការហ្វឹកហាត់កីឡា និងការធ្វើសមាធិ ក៏ជាកត្តាសំខាន់មួយ ដែលធ្វើឲ្យយើងស្ងប់អារម្មណ៍ និងទទួលបានសុខភាពល្អ ពិសេសអានសៀវភៅ ដើម្បីយើងទទួលបានចំណេះដឹងថ្មីបន្ថែម”៕