ដោយ ដែន ចែងចាំង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា ក្រុមហ៊ុនសាជីវកម្មចម្រុះខ្មែរ ចិន(CIIDG)បានសម្រេចបោះទុនវិនិយោគ១២០០លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រដើរដោយថាមពលធ្យូងថ្ម នៅខេត្តព្រះសីហនុ ដែលអាចផ្តល់ថាមពល ៧០០មេហ្កាវ៉ាត់។
អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពលលោកវិចទ័រ សូណាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ឧសភានេះថា នេះជាការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនCIIDGលើការពង្រីកថាមពលអគ្គិសនីថ្មី ដែលផលិតចេញពីធ្យូងថ្មស្អាត ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។លោកបន្តថា ក្រុមហ៊ុនបានពង្រីកការផលិតទំហំ២យូនីតទៀត ដែលមួយយូនីតអាចផលិតបានថាមពល៣៥០មេហ្កាវ៉ាត់ ហើយយូនីតទី១នឹងដាក់ឲ្យប្រើប្រាស់នីៅឆ្នាំ២០២៣ និងយូនីតទី២ នឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៤ខាងមុខ។
លោកបន្តថា “ថាមពលអគ្គិសនីថ្មីនេះ នឹងតភ្ជាប់ចូលបណ្តាញជាតិ ដែលបច្ចុប្បន្នបណ្តាញអគ្គិសនីជាតិបានគ្របដណ្តប់១៩រាជធានី ខេត្តរួចហើយ ហេតុនេះថាមពលអគ្គិសនីចេញពីរោងចក្រថ្មីនេះ នឹងអាចពង្រីកការគ្របដណ្តប់បន្ថែម”។លោកបន្តថា “ដោយសារការរីកចម្រើនសេដ្ឋកិច្ច ចំនួនប្រជាជនកើនឡើង ឧស្សាហកម្មកើនឡើងបានធ្វើឲ្យតម្រូវការថាមពលអគ្គិសនីកើនឡើង១៥ភាគរយ ឬប្រមាណ២៥០មេហ្កាវ៉ាត់ជារៀងរាល់ឆ្នាំ”។
លោកវិកទ័រ សូណាបានបន្តថា បណ្តាញថាមពលរបស់យើង ពិតជាកំពុងពង្រីកយ៉ាងសកម្ម ហើយរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពលបានពង្រីកការចែកចាយបណ្តាញអគ្គិសនីលឿនលើសល្បឿនកំណត់។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាន ថ្លែងថា ការពង្រីកបណ្តាញចែកចាយថាមពលអគ្គិសនីនៅកម្ពុជា តាមរយៈការខិតខំរបស់រដ្ឋាភិបាលពិតជាបានគ្របដណ្តប់លឿន និងឆ្លើយតបនឹងអ្វីដែលប្រជាពលរដ្ឋចង់បាន ដោយសារការពង្រីកការវិនិយោគពីវិស័យឯកជន និងរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាថាមពលអគ្គិសនីនៅកម្ពុជា មិនទាន់មានគុណភាពល្អប្រសើរនៅឡើយទេ។
គុណភាពថាមពលអគ្គិសនី សំដៅដល់អគ្គិសនី ដែលមិនដាច់ មានតង់ស្យុងមិនឡើងចុះ និងជាថាលពលដែលរត់ថេរគ្រប់តាមស្តង់ដាកំណត់។
លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ដោយសារថាមពលអគ្គិសនីកម្ពុជា មិនទាន់មានគុណភាពល្អ ទើបតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ដែលវិនិយោគដោយក្រុមហ៊ុនអ៊ែតវូដបានសម្រេចចិត្តចុះហត្ថលេខាជាមួយក្រុមហ៊ុនថៃ ដែលមានជំនាញផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយគុណភាព ចូលតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដើម្បីធ្វើឲ្យប្រាកដថាខ្សែសង្វាក់ផលិតកម្ម នៅក្នុងរោងចក្រនេះដំណើរការដោយរលូន និងមិនប្រឈមហានិភ័យជាប់គាំងណាមួយ នៅពេលការផលិតកំពុងដំណើរការ៕