ទីផ្សារពលកម្មផ្លាស់ប្តូរ យុវជនចាកចេញពីស្រុកកំណើតមកកាន់ទីក្រុងកាន់តែច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ និន្នាការកំពុងផ្លាស់ប្តូរក្នុងទីផ្សារពលកម្មនៅកម្ពុជា ដោយសារការកើនឡើងនូវវិស័យឧស្សាហកម្ម ដែលទាក់ទាញយុវជនចាកចេញពីស្រុកកំនើត ដោយបោះបង់មុខរបរជាប្រពៃណីរបស់ខ្លួន ដែលមិនសូវទទួលបានប្រាក់កម្រៃខ្ពស់។

ការផ្លាស់ប្តូរនេះភាគច្រើនកើតមានឡើងក្នុងវិស័យកសិកម្ម ជាក់ស្តែងសហគមន៍ផលិតស្កត្នោត ដែលស្ថិតក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បាននិងកំពុងប្រឈមមុខនឹងបញ្ហានេះ ដោយសារយុវជនបាន​បោះបង់មុខរបរឡើងត្នោត ហើយងាកមកធ្វើការនៅតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ និង​រោងចក្រ សហគ្រាសនៅតាមបណ្តាខេត្តនានា។

ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មត្នោត ស្ថិតក្នុងឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺលោក ហុង ហឿន បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ ឧសភាកន្លងមកថា ការផលិតស្ករត្នោតមានការធ្លាក់ចុះប្រមាណ​១០តោននៅឆ្នាំនេះ ហើយបើតាមការស្ទាបស្ទង់មតិ ទិន្នផលស្ករត្នោតផលិតបាន នឹងអាចបន្តធ្លាក់ចុះជាបន្តបន្ទាប់ទៀត ព្រោះបច្ចុប្បន្នសមាជិកសហគមន៍អ្នកឡើងត្នោត ពួកគាត់មានវ័យកាន់តែចាស់”។

លោកបន្តថា “យុវជននៅក្នុងសហគមន៍ បានបោះបង់មុខរបរនេះ ដោយពួកគាត់បានងាកទៅធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនានា ខណៈដែលវិស័យទាំងនោះកំពុងរីកចម្រើន”។

និន្នាការនេះកំពុងដើរស្របគ្នា នឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលមានគោ​លដៅផ្លាស់ប្តូរពីទីផ្សារការងារតាមបែបអតិពលកម្ម ទៅជាការងារដែលពឹងផ្អែកលើការងារជំនាញ និងទទួលបានតម្លៃបន្ថែមខ្ពស់ ដែលនិន្នាការនេះនឹងជម្រុញឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកកាន់តែច្រើនមករស់នៅក្រុងភ្នំពេញ។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានព្យាករណ៍ថា ចំនួ​នប្រជាពលរដ្ឋមករស់នៅតាមទីក្រុង ទីប្រជុំជន ពិសេសក្រុងភ្នំពេញនឹងកើនឡើងដល់៨លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ។

លោកង៉ែត ជូទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា កង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្ម និងផ្នែកដទៃទៀតជាបញ្ហាប្រឈមធំមួយ ដោយសារប្រទេសយើងជាប្រទេសកសិកម្ម តែយើងប្រើប្រាស់ធនធានមិនសូវមានប្រសិទ្ឋិភាពនៅឡើយ។លោកបន្តថា រដ្ឋាភិបាលគួរបង្កើនប្រសិទ្ឋិភាព និងវិនិយោគលើវិស័យកសិកម្មបន្ថែម ដើម្បី ទាញយកកំលាំងពលកម្មកុំឲ្យគាត់ចំណាកស្រុកច្រើន និងគួរពង្រឹងស្តង់ដាការងារ សុវត្ថិភាព​ក្នុងសុខភាពសម្រាប់ពលករចំណាកស្រុកជាដើម។

លោកបន្តថា ពលករធ្វើការងារក្នុងវិស័យសំណង់ និងការងារក្នុងវិស័យការងារក្រៅប្រព័ន្ឋដទៃទៀត គួរទទួលបានការថែរទាំ និងការព្យាបាលសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ដូចកម្មករក្នុងប្រព័ន្ឋ”។លោកបន្តថា “ការបណ្តុះបណ្តាលពួកគេឲ្យមានជំនាញ ដើម្បីទទួលបានការងារល្អ​ប្រសើរ និងទាញយកតម្លៃបន្ថែមខ្ពស់ក៏គួរយកចិត្តទុកដាក់ផងដែរ”។

លោកហុង ហឿន បានអំពាវនាវដល់សមាជិកសហគមន៍ ក៏ដូចជា នៅតាមបណ្តាសហគមន៍ ដែលមានដើមត្នោតគួរបន្តនូវមុខរបរនេះ ព្រោះស្ករត្នោតគឺជាស្ករធម្មជាតិ ហើយមានតែប្រទេសកម្ពុជាប៉ុណ្ណោះ ដែលមានស្ករប្រភេទនេះ ខណៈពេលបច្ចុប្ប​ន្នមានក្រុមហ៊ុនដៃគូនាំចេញចំនួន៨ ក្រុមហ៊ុនចែកចាយក្នុងស្រុកចំនួន៦ និងក្រុមហ៊ុនដ៏ទៃទៀតដែលមានបំណងសហការ ជួយផ្តល់ជាបទពិសោ​ធ​ន៍ ឬការតម្លើងថ្លៃឲ្យបានសមរម្យដល់សហគមន៍ ដើម្បីជម្រុញលើកទឹកចិត្តដល់សហគមន៍ អ្នកផលិតស្ករត្នោត ក្នុងការបន្តអនុវត្តន៍កិច្ចការនេះឲ្យមានការរីកចម្រើន នឹងការបន្តប្រកួតប្រជែងស្ករធម្មជាតិឲ្យមានទីផ្សារល្អដាច់គេ ទាំងនៅក្នុងតំបន់ក៏ដូចទីផ្សារអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here