ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់ជ្រោយចង្វារ ស្ថិតនៅតាមផ្លូវជាតិលេខ៦ បច្ចុប្បន្ននៅតែជាទីតាំងដែលប្រមូលផ្តុំ ទៅដោយសំណង់លំនៅដ្ឋានបែបទំនើប និងមានតម្លៃថ្លៃចាប់ពីជិត២០ម៉ឺន រហូតដល់ជាង១លានដុល្លារ ដែលស្ថិតនៅក្នុងគម្រោងបុរីធំជាច្រើន។
ចាប់តាំងពីតំបន់គល់ស្ពានជ្រោយចង្វារ ឆ្ពោះទៅទិសខាងជើងស្របតាមបណ្តោយផ្លូវជាតិលេខ៦A មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើន ដែលកំពុងបង្ហាញរូបរាងជាបន្តបន្ទាប់ ដូចជាគម្រោងទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន OCIC គម្រោងរបស់ក្រុមហ៊ុនលី យ៉ុងផាត់ គម្រោងសំណង់បុរីលំនៅដ្ឋានបែបទំនើប និងប្រណីតជាច្រើន ក្រោមទុនវិនិយោគរាប់សិបពាន់លានដុល្លារ។
ជាមួយនឹងទិដ្ឋភាពជាក់ស្ដែង នៃការអភិវឌ្ឍឥតឈប់ឈរ នៅក្នុងវិស័យសំណង់លំនៅដ្ឋានទាំងនេះ លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ដោយបានបង្ហាញពីក្ដីសាទរ ជាមួយនឹងសកម្មភាពរីកចម្រើនទាំងអស់នេះ។
លោកបានមានប្រសាសន៍ថា “វាមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលប្រទេសជាតិមានភាពរីកចម្រើន និងអភិវឌ្ឍន៍ ជាពិសេសតំបន់ក្រុងភ្នំពេញមានការកើនឡើងនូវ ចំនួនអគារធំៗ ដូចជាសំណង់ខុនដូ អាផាតមិនជាដើម នោះតំបន់ដែលស្ថិតនៅជាប់ក្រុង គឺត្រូវតែមានតម្រូវការខ្ពស់” ។
ជាក់ស្ដែង ដូចជាតំបន់ជ្រោយចង្វារជាដើម ដែលពីមុនមានភាពទូលាយល្ហល្ហេវ ប៉ុន្តែបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ជាពិសេសលើផ្នែកសំណង់លំនៅដ្ឋានតែម្ដង ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងខ្ពស់ ។
លោកឧកញ៉ានួន រិទ្ធី បានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន តម្លៃដីនៅតំបន់ជ្រោយចង្វារមានកម្រិតទាបនៅឡើយ ពោលគឺប្រមាណ ១០០០ទៅ១៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់រហូតដល់២៥០០ ទៅដល់ ៣៥០០ដុល្លារក្នុងមួយម៉ែត្រ ហើយទីតាំងខ្លះអាចមានតម្លៃថ្លៃជាងនេះ។
លោកបន្តទៀតថា “ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពល្អប្រសើរ មិនយូរទៀតនោះទេវានឹងក្លាយជាតំបន់ពិសេស អំណោយផលលើវិស័យលំនៅដ្ឋាន ក៏ដូចជាមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលកើតមានអគារធំៗ និងខ្ពស់ៗមិនក្រោម១៥ -២០ ជាន់នោះទេ” ។
បច្ចុប្បន្ននេះ វត្តមាននៃគម្រោងបុរីលំនៅដ្ឋាន បែបទំនើបជាច្រើនកំពុងតែបង្ហាញខ្លួននៅតំបន់ខាងលើនេះ ដែលកាន់តែបង្ហាញពីសក្ដានុពលនៃតំបន់កាន់ខ្លាំង និងទាក់ទាញបំផុត ដូចជា សំណង់បុរីសុភមង្គល បុរី The Mekong Royal បុរី ហេង ហ៊ាង ស៊ីធី បុរី ប៉េង ហួត, បុរី New Town បុរី អរគីដេវីឡា បុរី រុងរឿង បុរី The Flora, បុរីមង្គលភ្នំពេញ បុរី ភ្នំពេញផាក បុរី ដឹមេគង្គរ៉ូយ៉ាល់ បុរីហាយលែន និងបុរីវិមានភ្នំពេញជាដើម។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ដែរថា បច្ចុប្បន្ននេះតំបន់ខាងលើ បានក្លាយជាតំបន់មុំត្រIកោណស័ក្ដិសម ទៅនឹងការអភិវឌ្ឍជាទីក្រុងរណប ដោយសារតែវាមានកត្តាភូមិសាស្ត្រល្អ និងអំណោយផលពីធម្មជាតិ ដែលព័ទ្ធជុំវិញទៅទន្លេមេគង្គ និងទន្លេសាប ។
លោកបានបន្តទៀតថា “ក្រៅពីមានភាពអំណោយផលពីធម្មជាតិ សមស្របទៅនឹងលំនៅដ្ឋានរស់នៅ ថែមទាំងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែលរាជរដ្ឋាភិបាល ក៏ដូចជា វិស័យឯកជនបានអភិវឌ្ឍន៍ ជាពិសេសផ្លូវជាតិលេខ ៦A តែម្ដង ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន” ៕