ដោយស៊ីវ ម៉េង
ភ្នំពេញៈ បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋាន បានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។
លោកឧកញ៉ានួន អកអ្នកវិនិយោគផ្នែកដីធ្លី និងរមណីយដ្ឋានទទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វិស័យទេសចរណ៍កម្ពុជា គឺជាទីផ្សារដ៏ធំមួយ ដែលបានជួយជម្រុញដល់កំណើនវិស័យអចលនទ្រព្យ។
នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើង ធ្វ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ច មានការកើនឡើងផងដែរ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជាជុំវិញវិស័យលំនៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។
លោកបន្តថា បច្ចុប្បន្នខេត្តកំពត ហាក់បានក្លាយជាខេត្ត ដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន គឺមកពីខេត្តកំពត ដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុត។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិ ក៏ឃើញថាមានកំណើនឡើង នៅក្នុងខេត្តមួយចំនួនទៀតដូចជា៖ ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។
កម្ពុជាមានអំណោយផលស្រាប់ សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។
លោកឧកញ៉ានួន អកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្រប បន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកបដោយនិរន្តរភាព។លោកឧកញ៉ាបន្តថា បើធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រីជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។
លោកឧកញ៉ានួន អក ខេត្ដកំពតបានឱ្យដឹងថា ខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿនសម្រាប់រមណីយដ្ឋានបែបធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
តំបន់នៅតាមបណ្តោយដងព្រែកកំពត មានសក្តានុពលច្រើនសម្រាប់ការ វិនិយោគរមណីយដ្ឋានបែបធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ដីនៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រត្រូវបានគេមើលឃើញថា មានសក្តានុពលប្លែកៗគ្នាទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ កំពតមានភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រជាពិសេសកំពតឋានសួគ៌ាមានចំការផ្កាជាច្រើនហិតា ហើយលោកថាខេត្តកំពត មានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។
លោកថា “កំពតមានតំបន់លាក់ខ្លួន និងតំបន់ថ្មីៗជាច្រើន ដែលមិនទាន់មានគេស្គាល់នៅឡើយមានដូចជាកំពតឋានសួគ៌ជាដើម” ។
ទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី២៥ដុល្លារ ទៅ៣៥ដុល្លារក្នុងមួយយប់។លោកក៏បានលើកឡើងដែរថា រមណីយដ្ឋានបែបធម្មជាតិលក្ខណៈប្រណិត នៅក្នុងប្រទេសអាចមានតម្លៃរហូតដល់៣,០០០ដុល្លារក្នុងមួយយប់។ គឺជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មីនិងប្លែកពីគេ ដើម្បីទទួលបានភាពជោគជ័យ គិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ៕