ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្ដិបានថ្លែងថា វិស័យបច្ចេកវិទ្យាកំពុងមានការរីកចម្រើន ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយសារការផ្តល់នូវបច្ចេកវិទ្យាថ្មីៗពីគ្រឹះស្ថានហិរញ្ញវត្ថុដល់សាធារណៈជន។
ក្នុងជំនួបជាមួយលោក Matthew Tippetts អគ្គនាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Clik លោកប៉ាន សូរស័ក្តិបានថ្លែងថា កម្មវិធីទូទាត់ប្រាក់តាមអេឡិចត្រូនិកនេះ មានសារៈសំខាន់បំផុត ដើម្បីរួមចំណែកក្នុងការធ្វើឌីជីថលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកបន្តថា ក្រសួងពាណិជ្ជកម្មកំពុងតែជំរុញបញ្ចប់ នូវសេចក្ដីព្រាងច្បាប់ស្ដីពី ពាណិជ្ជកម្មតាមអេឡិចត្រូនិក ហើយកម្មវិធីនេះនឹងអាចសម្រួលដល់ការទូទាត់ប្រាក់ ក្នុងការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក មិនត្រឹមតែរវាងអ្នកលក់ និងអ្នកទិញនៅក្នុងស្រុកប៉ុណ្ណោះទេ តែនឹងអាចជំរុញដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនផងដែរ។
លោក Matthew Tippetts បានឲ្យដឹងថា ក្រុមហ៊ុន Clik ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) មួយដែលបង្កើតឡើងនៅប្រទេសកម្ពុជា សម្រាប់បម្រើការលើសេវាកម្មទូទាត់ប្រាក់តាមអេឡិចត្រូនិក។ ជាមួយនឹងការងារនោះ ក្រុមហ៊ុន Clik នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធី (Platform) មួយដើម្បីទូទាត់ និងផ្ទេរប្រាក់ទៅវិញទៅមកតាមអេឡិចត្រូនិក ឬក៏ទូទាត់ប្រាក់តាមកាតដូចជា Visa, Mastercard និងកាតមួយចំនួនទៀតផងដែរ។ លោកក៏បានឲ្យដឹងទៀតថា កម្មវិធីរបស់លោកក៏អាចតភ្ជាប់ទៅកម្មវិធីទូទាត់ធំៗជាច្រើនដូចជា Paypal, Alipa, WeChat ។ល។ ដើម្បីសម្រួលដល់ការទូទាត់ប្រតិបត្តិការនានា ជាពិសេសប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋបច្ចេកវិទ្យានៅលើពិភពលោកកំពុងមានការរីកចម្រើន ប៉ុន្តែនៅកម្ពុជាការរីកចម្រើនក្នុងវិស័យនេះនៅមានកម្រិតនៅឡើយ ដោយសារកម្ពុជាមិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋគ្រប់គ្រាន់ ដើម្បីទាញយកផលប្រយោជន៍ពីវិស័យនេះនៅឡើយទេ។
លោកបន្តថា “ប្រព័ន្ឋបច្ចេកវិទ្យាមានផលចំណេញច្រើន និងបង្កហានិភ័យផងដែរ ប្រសិនជាយើងមិនមានហេដ្ឋរចនាសម្ព័ន្ឋ និងធនធានមនុស្សសមស្រប ដើម្បីគ្រប់គ្រងនិងទាញយកផលប្រយោជន៍ពីវា”៕