ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ខុនដូនិងមជ្ឍមណ្ឌលពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃគំរោងវិនិយោគតម្លៃ៥០០០លានដុល្លារ ដែលក្រុមហ៊ុន Prince Real Estat Group វិនិយោគនៅកម្ពុជាបានបើកដំនើរការហើយ។
គម្រោងខុនដូព្រីនស៍ផ្លាហ្សាកំពស់៣៧ជាន់ និងបោះទុនវិនិយោគរហូតដល់១៨០លានដុល្លារ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខ័ណ្ឌចំការមនេះ ក៏រួមបញ្ចូលនូវផ្សារទំនើបទំហំ៨៥០០ម៉ែត្រការ៉េ។
លោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត បានមានប្រសាសន៍ក្នុង ពិធីដាក់ឲ្យដំណើរការខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា គម្រោងខុនដូ និងមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពស់៣៧ជាន់នេះ បានចាប់ផ្ដើមសាងសង នៅដើមខែសីហា ក្នុងឆ្នាំ២០១៥។ ខុនដូនេះមានបន្ទប់សរុបចំនួន១៧៨៦យូនីត ស្មើនឹង១០ម៉ឺនម៉ែត្រការ៉េ អមដោយការរចនាម៉ូដ និងបរិក្ខារទំនើបៗ ទាន់សម័យងាយស្រួលរស់នៅ និងធ្វើពាណិជ្ជកម្ម ។
លោកបន្ដថា ការសាងសង់អាគារដ៏ខ្ពស់នេះ ដោយសារក្រុមហ៊ុនចង់ចូលរួមជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដោយផ្នែកលើប្លង់អភិវឌ្ឍន៍រាជធានីភ្នំពេញ នៅឆ្នាំ២០២០ រាជធានីភ្នំពេញនឹងពង្រីកផ្ទៃក្រឡាដល់៣៧៥ គីឡូម៉ែត្រការ៉េ ចំនួនប្រជាពលរដ្ឋនឹងកើនឡើងដល់៣លាននាក់ និងនៅឆ្នាំ២០៣៥ រាជធានីភ្នំពេញ នឹងពង្រីកបន្ថែមរហូតដល់៦៧៥គីឡូម៉ែត្រការ៉េ ជាមួនឹងកំណើនដង់ស៊ីតេប្រជាពលរដ្ឋសរុបជាង៥លាននាក់ ដែលកំណើននេះនឹងធ្វើឲ្យតម្រូវការលើវិស័យអចលនទ្រព្យ ជាពិសេសលំនៅដ្ឋាន និងអាគារខុនដូប្រណិតៗកាន់តែកើនឡើងបន្ថែមទៀត៕