គម្រោងអភិវឌ្ឍន៍ក្រុងតាខ្មៅលើកដំបូងនៅតំបន់ឆ្នេរទន្លេអាចនឹងលេចជារូបរាងក្នុងពេលខាងមុខនេះ

0

ដោយ ៖ រ៉ាណេត

តាខ្មៅ ៖ ស្របទៅនឹងគម្រោងនៃការអភិវឌ្ឍ បង្កើនសោភ័ណភាពក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នរដ្ឋបាលខេត្ត បាន និងកំពុងសហការសិក្សាទៅលើគម្រោងអភិវឌ្ឍន៍បង្កើតតំបន់កម្សាន្តសាធារណៈដ៏ធំ និងលើកដំបូងដែលមានទីតាំងនៅតាមបណ្តោយឆ្នេរទន្លេក្នុងក្រុងតាខ្មៅ។

អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះថា នៅក្នុងគម្រោងផែនការមេរបស់រដ្ឋបាលតាខ្មៅ ខេត្តកណ្តាល នឹងធ្វើការអភិវឌ្ឍន៍នៅទូទាំងក្រុងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់ការធ្វើដំណើរ ដឹកជញ្ជូនប្រកបដោយសុវត្ថិភាព រួមជាមួយនឹងការបង្កើតជាតំបន់កម្សាន្តលំហែរជាសាធារណៈ។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានខិតខំធ្វើការកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនដែលស្របទៅតាមប្លង់គោលរបស់ខេត្ត ដែលក្នុងនោះរួមមានការវិនិយោគដោយផ្ទាល់ពីខេត្ត និងកិច្ចសហការជាមួយវិស័យឯកជន”។

លោកបានបញ្ជាក់ទៀតថា “ពាក់ព័ន្ធទៅនឹងគម្រោងនៃការសាងសង់តំបន់កម្សាន្តសាធារណៈប្រចាំក្រុងតាខ្មៅ ពេលនេះយើងកំពុងតែសិក្សានៅឡើយ ដោយឱ្យវិស័យឯកជនធ្វើសេចក្ដីព្រាងបឋមដែលមានប្លង់ គម្រោង និងរូបភាពនៃគម្រោងផងដែរ។ គម្រោង និងការរចនាប្លង់នេះត្រូវបានសិក្សាដោយក្រុមហ៊ុនភូមិផ្កាត្រកួនដែលមានជំនាញក្នុងការអភិវឌ្ឍតំបន់កម្សាន្ត”។

តាមការបង្ហើបប្រាប់ឱ្យពីសំណាក់លោកគង់ សោភ័ណ អភិបាលខេត្តកណ្តាលបានបញ្ជាក់ថា គម្រោងនៃការអភិវឌ្ឍន៍ដ៏ធំមួយនេះនឹងត្រូវធ្វើឡើងនៅលើទីតាំងចាស់នាតំបន់មាត់ទន្លេចាប់ពីចំណុចព្រះវិហារចិនកែងផ្លូវរហូតដល់ចំណុចព្រែកដំបង ដោយសុំកិច្ចសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែល់ស្ថិតនៅក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត។

លោកអភិបាលបានលើកឡើងថា “ពេលនេះគឺស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ហើយប្រសិនបើអាចដំណើរការបានតាមរយៈគម្រោងនេះវានឹងជួយធ្វើឱ្យមានភាពប្រសើរឡើងយ៉ាងច្រើន ក្រៅពីអាចបង្កើនសោភ័ណភាពក្រុង មានសណ្ដាប់ធ្នាប់ មានសុវត្ថិភាព ដោយប្រជាជនអាចមានទីលានហាត់ប្រាណ មានកន្លែងទទួលទានអាហារប្រកបដោយអនាម័យត្រឹមត្រូវ មានសួនកុមារ ហើយសម្រាប់បងប្អូនប្រជាជនដែលស្ថិតនៅក្នុងតំបន់នៃគម្រោងអភិវឌ្ឍន៍ក៏អាចបង្កើតជាមុខរបរបន្ថែមបានតាមរយៈលក់ចំណីអាហារ ឬសម្ភារៈផ្សេងៗផងដែរ”។

ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ពីខ្ទង់ចំណាយទៅលើផែនការនៃការអភិវឌ្ឍន៍គម្រោងនៅឡើយនោះទេ ហើយរដ្ឋបាលខេត្តកំពុងតែបន្តការសិក្សា និងស្វែងរកដៃគូសហការពីសំណាក់វិស័យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here