ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា តំបន់ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ បាននឹងកំពុងប្រែក្លាយទៅជាទីក្រុងថ្មីស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងសប្តាហ៍កន្លងមកនេះបានមានប្រសាសន៍ថា មនុស្សមួយចំនួនបានរិះគន់ និងមិនឱ្យមានការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងនេះនោះទេ ព្រោះជាតំបន់ដីសើម ប៉ុន្តែជាក់ស្តែងវាបាននឹងកំពុងមានការីករចំរើន និងអភិវឌ្ឍន៍ទៅជាទីក្រុងថ្មីរបស់រាជធានីភ្នំពេញ។
សម្តេចតេជោបានមានប្រសាសន៍ថា “ឥឡូវភាគខាងត្បូងផ្លូវ៦០ម៉ែត្រ កំពុងក្លាយជាទីក្រុងមួយថ្មីហើយ ភាគខាងជើងក៏រីក ភាគខាងត្បូងក៏រីក ភាគខាងលិចក៏រីក ហើយបន្តិចទៀតទៅខាងកើតតំបន់អរិយក្សត្រក៏រីកដែរ” ។
សម្ដេចតេជោបានបញ្ជាក់ថា បន្តិចទៀតក្រោយពេលមានការនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្រោមគោលការណ៍ស្ម័គ្រចិត្ត កម្ពុជានឹងបង្កើនភាពទាក់ទាញដល់បណ្តាអ្នកវិនិយោគអន្តរជាតិបន្ថែមទៀត នៅពេលដែលពួកគេដឹងច្បាស់ថា កម្ពុជាមិនមែនជាតំបន់ដែលប្រឈមខ្ពស់ ឬជាប្រទេសងាយឆ្លងជំងឺនោះទេ។សម្តេចបន្តថា នៅពេលដែលកម្ពុជា អាចទប់ស្កាត់ស្ថានភាពប្រឈមបាន មានការចាក់វ៉ាក់សាំងការពារបានល្អ វានឹងបង្កើនទំនុកចិត្តដល់ពួកវិនិយោគិន ដែលនឹងចូលមកកាន់កម្ពុជាបន្ថែមទៀត។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានឱ្យដឹងថា ដូចទៅនឹងប្រសាសន៍របស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា តំបន់ផ្លូវ៦០ម៉ែត្រ បាននិងកំពុងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានកម្រិតខ្ពស់ ដែលអ្នកមានធនធានល្មមៗ គឺមិនអាចទៅទិញលំនៅដ្ឋាននៅទីនេះបាននោះទេ ហើយសម្រាប់ការភិវឌ្ឍវិញគឺមានគម្រោងធំៗ និងទំនើប។
លោកស្រីបន្តថា សម្រាប់ទីផ្សារដីធ្លីនៅតំបន់នេះគឺមានទំហំធំ ហើយមានតម្លៃខ្ពស់ ដែលអ្នកទិញភាគច្រើន ទិញយកទៅអភិវឌ្ឍន៍សាងសង់បណ្តុំលំនៅឋាន អគារពាណិជ្ជកម្ម សាលារៀន និងមន្ទីរពេទ្យកំរិតខ្ពស់ ពោលគឺគេមិនមែនអភិវឌ្ឍន៍លើគម្រោងតូចតាចនោះទេ។
លោកស្រី អាន សុធិតា នាយិកាប្រចាំប្រទេសរបស់ក្រុមហ៊ុន CBRE Cambodia ឱ្យដឹងដែរថា តំបន់ផ្លូវ ៦០ ម៉ែត្រមានតម្លៃដីខ្ពស់ មិនមែនទើបតែមានពេលនេះទេ ពោលគឺវាបានឡើងចាប់តាំងពីសម្ពោធផ្លូវនេះមកម្លេះ។ ដីដែលមានតម្លៃល្អ គឺនៅជាប់នឹងផ្លូវធំ និងក្បែរគម្រោងអភិវឌ្ឍន៍ធំ។
លោកស្រីបន្តថា ផ្លូវ៦០ម៉ែត្រ នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ របស់ទីក្រុងភ្នំពេញនាពេលខាងមុខ ខណៈតំបន់នេះកំពុងទាក់ទាញ គម្រោងវិនិយោគធំៗចូលទៅយ៉ាងច្រើន ដូចជាគម្រោងបុរីលំនៅឋានកម្រិតខ្ពស់ អគារការិយាល័យ និងអគារពាណិជ្ជកម្ម ផ្សារទំនើបជាដើម ដែលនឹងប្រែក្លាយតំបន់នេះ ទៅជាតំបន់អភិវឌ្ឍ៍កម្រិតខ្ពស់មួយដ៏សំខាន់ ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅបែបទំនើប និងការធ្វើពាណិជ្ជកម្មរបស់ទីក្រុងភ្នំពេញ៕