ដោយៈលក្ខិណា
ភ្នំពេញៈ បើទោះបីជាបច្ចុប្បន្ននេះ ទីផ្សារដីឡូត៍ត្រូវបានមើលឃើញថា ហាក់មានសន្ទុះស្ទើរតែដល់កំពូលហើយក្ដី ក៏វិនិយោគិនអចលនទ្រព្យថ្មីៗ បន្តដាក់ទុនជាមួយនឹងគម្រោងដីឡូត៏ ដោយរំពឹងថានឹងទទួលបានជោគជ័យ ខណៈអ្នកជំនាញអចលនទ្រព្យក៏ជំរុញឱ្យយុវជនគួរទិញដីទុកសម្រាប់អនាគត។
អ្នកស្រី ប៊ី ឧដ្ឋានវត្តី អគ្គនាយិកាក្រុមហ៊ុន MT Property ជាម្ចាស់គម្រោងដីឡូត៍មួយកន្លែងនៅប៉ែកខាងលិច រាជធានីភ្នំពេញបានឱ្យដឹងថា អ្នកស្រីបានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងដីឡូត៏នេះ នៅចំពេលដែលពិភពលោកជួបប្រទះនឹងបញ្ហា ធ្ងន់ធ្ងរគឺកូវីដ១៩ ក៏ប៉ុន្តែអ្វីដែលអ្នកស្រី ទទួលបានមកវិញគឺមិនគួរជឿ ជាពិសេសនៅអំឡុងខែតុលា ឆ្នាំ២០២០នេះ កម្ពុជាក៏ជួបប្រទះនឹងគ្រោះទឹកជំនាន់ធ្ងន់ធ្ងរ តែការលក់គម្រោងដីឡូត៏នៅពេលនោះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាច្រើន ដោយក្នុងរយៈពេលខ្លីមួយសោះ លក់អស់ជាពាក់កណ្ដាលភ្លាមៗ ។
អ្នកស្រីបន្តថា ការគាំទ្របែបនេះ អ្នកស្រីក៏បង្កើតគម្រោងដីឡូត៍ ជាបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការដល់អតិថិជន ដែលត្រូវការដីពិត និងទទួលបានឯកសារពិតៗពីក្រុមហ៊ុន ។
អ្នកស្រីនិយាយថា “បច្ចុប្បន្ននេះ យើងទទួលស្គាល់ថាអាជីវកម្មដីឡូត៍ ពិតជាមានច្រើន និងមានការប្រកួតប្រជែងទាំងតម្លៃនិងទីតាំង ប៉ុន្តែក៏មានជនមួយក្រុមធ្វើអាជីវកម្មមិនស្មោះត្រង់ ដោយដីខ្យល់ទៅអតិថិជន ទើបអតិថិជន ត្រូវការអ្នកអភិវឌ្ឍដែលមានភាពស្មោះត្រង់ មានដីពិតប្រាកដ និងមានឯកសារច្បាស់លាស់” ។
បើតាមលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនKW Cambodia បានមានប្រសាសន៍ផងដែរថា មនុស្សកើតជារៀងរាល់ថ្ងៃ រៀងរាល់ឆ្នាំ តែដីអត់មានកើតតទៅទៀតទេ ដូច្នេះការទិញដីទុកសម្រាប់អភិវឌ្ឍជាលំនៅឋាន នៅពេលអនាគតនឹងមិនខុសបំណងឡើយ ហើយជាមនុស្សឆ្លាតទៀតផងដែរ ។
លោកបន្តថា “គ្រាន់តែនៅភ្នំពេញមួយ មានមនុស្សចំណូលថ្មីចូលមករស់នៅរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដូច្នេះរដ្ឋបាលរាជធានី ត្រូវការពង្រីកផ្ទៃដីកាន់តែធំជាងមុន ដោយកាត់ផ្នែកខ្លះនៃខេត្តជាប់ភ្នំពេញ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាល រាជធានីភ្នំពេញ ហើយតំបន់ដីធ្លី ដែលកំពុងពុះឡូត៍នៅជាយៗរាជធានី ក៏អាចកាត់ចូលឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រាជធានីផងដែរ “ ។
លោកបន្ថែមថា យុវជនដែលកំពុងធ្វើការនៅភ្នំពេញ និងនៅជិតៗភ្នំពេញ គួរទិញដីឡូត៏ឱ្យបានពីរឡូត៏ សម្រាប់អនាគត ជាពិសេសយុវជនមិនទាន់រៀបការ ។ នៅពេលដីឡូត៍នោះមានតម្លៃខ្ពស់ ពួកគេអាចលក់មួយឡូត៏ដើម្បីបានលុយរៀបការ ហើយទុកមួយឡូត៏ដើម្បីសង់ផ្ទះរស់នៅក្រោយរៀបការ ។
បើតាមអ្នកជំនាញវិស័យអចលនទ្រព្យដទៃទៀត ក៏បាននិយាយផងដែរថា សកម្មភាពពុះដីឡូត៍ ត្រូវបានមើលឃើញថា កំពុងពុះកញ្ច្រោលនៅតំបន់ប៉ែកខាងលិច ហើយតំបន់នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ក្នុងពេលឧស្សាហកម្មរោងចក្រ ក៏ត្រូវបានកំពុងរុះរើ ទៅដាក់ទីតាំងថ្មីនៅតំបន់នោះបណ្ដើរៗ ដូច្នេះប៉ែកខាងលិចរាជធានីភ្នំពេញ នឹងក្លាយជាតំបន់ឧស្សាហកម្ម និងលំនៅឋានដ៏មានសក្ដានុពល នៅពេលអនាគតខាងមុខនេះ៕