ដោយគង់ សូរិយា
ភ្នំពេញៈ ឆ្លើយតបនឹងកំនើនជីវភាព និងអំណាចនៃការទិញលើទីផ្សារលក់រាយ ក្រុមហ៊ុន Prince Real Etate Group បាននិងកំពុងបង្ហាញមហិច្ឆតាបន្ថែមទៀត លើការប្រកួតប្រជែងវិនិយោគសាងសង់ផ្សារទំនើបនៅរាជធានីភ្នំពេញ។
ក្រុមហ៊ុននេះបានឈានដល់កិច្ចសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការនៃគម្រោងផ្សារទំនើប Prince Square ដែលគំរោងនេះ មានទំហំសរុប ៣៥,០០០ម៉ែត្រការ៉េ ជាផ្សារទំនើបកម្ពស់៤ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ ទាន់សម័យ។ល។
លោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group បានថ្លែងថា Prince Square បានវិនិយោគធនធានមនុស្ស និងធនធានសម្ភារជាច្រើនតាំងពីដំណាក់កាលដំបូងនៃការធ្វើផែនការ ហើយទាក់ទងនឹងប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្ម យើងក៏មានផងដែរនូវគំរូអាជីវកម្ម និងក្រុមប្រតិបត្តិការអាជីវកម្មជំនាញលំដាប់កំពូលលើពិភពលោក។
Prince Square បានទទួលការចាប់អារម្មណ៍ ពីគ្រប់មជ្ឈដ្ឋានចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងមកម្ល៉េះ។ ថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានផ្តល់ការគាំទ្រយ៉ាងខ្លាំង ក្នុងកំឡុងពេលសាងសង់ ដែលធ្វើឲ្យគម្រោងនេះអាចទទួលបានជោគជ័យ និងសម្រេចតាមគម្រោងផែនការយ៉ាងរលូន។ ការទទួលបានជោគជ័យលើប្រតិបត្តិការអាជីវកម្មរបស់គម្រោង Prince Square ជាដំណើរការរយៈពេលវែងមួយ ហើយការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។
លោក Steven Wang បានថ្លែងថា “យើងសង្ឃឹមថា នៅក្នុងដំណើរការប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ យើងនឹងអាចទទួលបាននូវការគាំទ្រពីលោក ឃួង ស្រេង ព្រមទាំងស្ថាប័នពាក់ព័ន្ធផងដែរ” ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា Prince Square គឺជាគម្រោងពាណិជ្ជកម្មដំបូង របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដូច្នេះការនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិត សម្រាំងផលិតផលម៉ាក់ល្បីៗលំដាប់ពិភពលោក។ ក្នុងគមោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្មដ៏គាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយ នៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេសឲ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។
លោកបន្តថា “ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមចូលរួមគាំទ្រ បង្កលក្ខណៈ ទទួលស្វាគមន៍ និងជំរុញលើកទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។លោកបន្តថា “ការបើកទូលាយបរិយាកាសវិនិយោគ ឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍិខ្ពស់” ៕