ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ ការស្ថាបនាផ្លូវជាតិលេខ១០តភ្ជាប់ពីតំបន់ភូមិភាគពាយ័ព្យនៃខេត្តពោធិ៍សាត់ទៅតំបន់ឆ្នេរនៃខេត្តកោះកុងដោយឆ្លងកាត់តំបន់មួយចំនួននៃខេត្តបាត់ដំបងដែលមានប្រវែងសរុបជិត២០០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិការប្រមាណ១៨៣លានដុល្លារ រហូតមកដល់ពេលនេះសម្រេចបានប្រមាណជិត៤៤ភាគរយហើយ និងគ្រោងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣ខាងមុខនេះ។
លោកបុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះថា គិតត្រឹមពាក់កណ្តាលខេត្តមករា ឆ្នាំ២០២១នេះ លទ្ធផលនៃការសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានសម្រេចប្រមាណ៤៣,៧៥ភាគរយ ដោយក្រុមការងារជំនាញកំពុងពន្លឿនសកម្មភាពសាងសង់ធ្វើយ៉ាងណាអាចបញ្ចប់ទៅតាមផែនការដែលបានកំណត់។
លោកបញ្ជាក់ថា ក្រុមមន្ត្រីបានបន្តចុះពិនិត្យផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៨គីឡូម៉ែត្រ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ដើម្បីបានដឹងពីវឌ្ឍនភាពសាងសង់ ហើយជាលទ្ធផលអនុវត្តបាន ៤៣,៧៥ភាគរយ ហើយអាចធានាបាននូវគុណភាពស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារត្រូវតាមផែនការ។
លោកបន្តថា ផ្លូវមួយខ្សែនេះនឹងផ្តល់អត្ថប្រយោជន៍ទាំងក្នុងការដឹកជញ្ជូន និងជាផ្លូវបែបអេកូទេសចរណ៍ធម្មជាតិតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។
ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះគឺមានសារៈសំខាន់បំផុតសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីជំងឺឆ្លង Covid-19 យ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គរបស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។ ផ្ទុយទៅវិញ នៅក្នុងកាលៈទេសៈនេះ កម្ពុជាបានព្យាយាមជំនះ និងធ្វើពិពិធកម្មក្នុងវិស័យសំខាន់ៗមួយចំនួនឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរថែមមួយកម្រិតទៀត៕