ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងមូលដ្ឋានខណ្ឌឫស្សីកែវបានជ្រាបថា រដ្ឋបាលរាជធានី និងមន្ទីរសាធារណៈការដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុល និងពង្រីកផ្លូវ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ដោយចំណាយពេលអនុវត្តការងាររយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ។
នៅក្នុងសេចក្ដីជូនដំណឹងដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅកមណាត់ផ្លូវចាតិលេខ៥ ពីចំណុចផ្លូវភ្លោះក្បែរធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិស្ពានខ្ពស់ រហូតដល់ហ្គារាស់សាំងតូតាល់ទល់មុខសាលាខណ្ឌឫស្សី សង្កាត់គីឡូម៉ែត្រលេខ៦ នឹងត្រូវធ្វើការឈូសឆាយ ជួសជុលកែលម្អរឱ្យល្អប្រសើរឡើងវិញ។
ដូច្នេះ ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន រដ្ឋបាលខណ្ឌឫស្សីកែវ ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងដើម្បីបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ដោយធ្វើដំណើរវាងទៅផ្លូវ ៥៩៨ ឫផ្លូវ ជា សុផារ៉ា ជាបណ្ដោះអាសន្នវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពីព្រោះក្រុមការងារត្រូវប្រើប្រាស់គ្រឿងចក្រ និងរថយន្ដធន់ធ្ងន់សម្រាប់ស្ថាបនាផ្លូវ៕