តើតំបន់ផ្លូវវេងស្រេងចាប់ផ្តើមផ្លាស់ពីតំបន់រោងចក្រ ឧស្សាហកម្មមកជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ តំបន់ផ្លូវេងស្រេងនៃខណ្ឌមានជ័យ ដែលធ្លាប់តែជាតំបន់ប្រមូលផ្តុំទៅដោយរោងចក្រសហគ្រាស និងឃ្លាំងយ៉ាងច្រើនជាងគេ នៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះបានជំនួស ទៅដោយបណ្តុំលំនៅដ្ឋានបែបទាន់សម័យ និងមានតម្លៃសមរម្យចាប់ពីជាង៧ម៉ឺនដុល្លាររហូតដល់ប្រមាណ១៥ម៉ឺនដុល្លារ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance Property លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ តំបន់ដែលធ្លាប់តែជាបណ្តុំរោងចក្រ និងឃ្លាំងកាលពីប្រមាណ២ឆ្នាំមុននោះ បានក្លាយជាបណ្តុំលំនៅដ្ឋានបែបទំនើប និងទាន់សម័យស្អេកស្កះ រួមមានទាំងប្រភេ​ទបុរីធំៗ និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលក្ខណៈជាបណ្តុំ។

លោកបន្តថា “សកម្មភាពអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន នៅក្នុងតំបន់នេះនៅតែភាពមមាញឹកមិនចាញ់តំបន់ភាគខាងត្បូង និងខាងជើងក្រុងនោះឡើយ ដោយហេតុថាតំបន់នេះមានសក្ដានុពល និងមានអំណោយផលដល់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មលក្ខណៈគ្រួសារផងដែរ”។

លោកឡុង គឹមសួរបានបញ្ជាក់ថា បន្ថែមពីគម្រោងដែលមានស្រាប់ និងកំពុងអនុវត្តនូវសកម្មភាពសាងសង់នាពេលបច្ចុប្បន្ន សម្រាប់ថ្ងៃខាងមុខនេះ គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនទៀតនឹងបង្ហញរូបរាង ដោយសារតែក្រៅពីមានសក្ដានុពល តម្លៃដីនៅទីនេះនៅមានកម្រិត ដែលអនុគ្រោះដល់ការវិនិយោគផ្នែកលំនៅដ្ឋាន។

ជាមួយនឹងសកម្មភាពដ៏មមាញឹក នៃការសាងសង់សំណង់លំនៅដ្ឋាន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន រួមមាន ដូចជាផ្លូវក្រវ៉ាត់ទី៣ដែលមានទំហំ ផ្លូវក្នុងតំបន់ ក៏ដូចជាបណ្តាញអគ្គិសនីផងដែរ ដែលជាការឆ្លើយតប និងសម្របសម្រួលដល់ការរស់នៅរបស់ប្រជាជន ដែលកំពុងតែមានកំណើន។

លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍បញ្ជាក់ថា “ជាធម្មតា នៅពេលដែលមានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ ជាពិសេសបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា មានភាពរីកចម្រើន វានឹងជំរុញឱ្យមានមនុស្សចូលទៅរស់នៅច្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញតម្លៃដី ក៏ដូចជាតម្លៃអចលនទ្រព្យមានការកើនឡើងជាបន្តបន្ទាប់”។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឲ្យរាជធានីភ្នំពេញ ផ្លាស់ប្តូរគួរឲ្យកត់សំគាល់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលនេះជាការផ្លាស់ប្តូរជាធម្មតា នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឈន៍នានា។

លោកបន្តថា ពីមុនរដ្ឋាភិបាលបានប្រើវិធីសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយយករោងចក្រ សហគ្រាសមកដាក់ក្នុងទីក្រុង ដើម្បីឲ្យមនុស្សចូលមករស់នៅទីក្រុងច្រើន ធ្វើឲ្យសេដ្ឋកិច្ចទីក្រុងមានភាពរសរវើក ប៉ុន្តែពេលនេះបរិបទបានផ្លាស់ប្តូរ ដោយសា​រការរីកចម្រើនទីក្រុង ដែលធ្វើឲ្យរដ្ឋាភិបាលគិតគូរជាថ្មី ដោយរុញរោងចក្រ សហគ្រាសទៅកាន់តាមបណ្តាខេត្ត ដែលនៅកៀករាជធានីភ្នំពេញ។

លោកយិន លាងគង់បានបន្តថា និន្នាការពិភពលោកក៏ដូចជាកម្ពុជា កំពុងផ្លាស់ប្តូរ ដោយសារការរីកចម្រើនសេដ្ឋកិច្ច នគរូបនីយកម្ម ដែលជម្រុញឲ្យមានការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែច្រើន ដែលអាចទាញបាននូវតម្លៃសេដ្ឋកិច្ចខ្ពស់ជាងមុន និងប្រជាជនបានទទួលផលប្រយោជន៍ច្រើនជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here