ដោយ ៖ រ៉ាណេត
ជប៉ុន ៖ ក្រុមហ៊ុន ANA បានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រុមហ៊ុនANA មិនទាន់អាចហោះហើរធម្មតាឡើងវិញបានទេ តែអាចមានការហោះហើរពិសេស (Charter flight) ក្នុងករណីមានការស្នើសុំក្នុងភាពចាំបាច់ណាមួយ។
តាមរយៈស្ថានឯកអគ្គរាជទូតនៃកម្ពុជាប្រចាំប្រទេសជប៉ុនបានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ដោយសារបញ្ហានៃការរីករាលដាលជំងឺCovid-19 នៅតែបន្តមាន ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន ALL NIPPON AIRWAYS (ANA) បានប្រកាសបន្តផ្អាកជើងហោះហើរណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងៃទី២៧ ខែមករា រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកក្នុងករណីអាចបើកជើងហោះហើរមុនពេលកំណត់ ក្រុមហ៊ុននឹងប្រកាសនៅពេលណាមួយសមស្រប។
កាលពីកន្លងមកនេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មក្ពុជា បានស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា-ជប៉ុន។
សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ -ណារីតាឡើងវិញ មុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសផ្អាកដំណើរការមួយរយៈ។
សម្រាប់ព័ត៌មានលម្អិតពីការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) លោកអ្នកអាចចូលមើលគេហទំព័រ ANA តាមរយៈអាសយដ្ឋាន ៖ www.anahd.co.jp/group/en/pr/202101/20210126.html ៕