ដំណឹង​ល្អ៖ ព្រលានយន្តហោះ​តារា​សាគរ​នឹង​បើក​ដំណើរការ​នៅ​ដើម​ត្រីមាស​ទី៣ឆ្នាំនេះ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ខណៈ​ការសាងសង់​កំពុងដំណើរការ​យ៉ាងសកម្ម ព្រលានយន្តហោះ​តារា​សាគរ ខេត្តកោះកុង នឹង​អាច​បើក​ដំណើរការ​នៅ​កំឡុង​ខែកក្កដា ឬ​ខែសីហា​ខាងមុខនេះ បន្ទាប់ពី​ព្រលាន​នេះ​បាន​បំពេញ​តាម​និតិ​វិធី​រួចរាល់។

អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៧ មករា​នេះ​ថា ព្រលានយន្តហោះ​អន្តរជាតិ​នេះ អាចមាន​សមត្ថ​ភាពចុះ​ចត​យន្តហោះ​ប្រភេទ Boing 757 និង​ប្រភេទ​Boing 777 ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ចន្លោះ​ពី៣៥០ ទៅ ៤០០នាក់ ព្រោះ​វា​ជា​ព្រលានយន្តហោះ​ប្រភេទ 4E កម្រិត​អន្តរជាតិ។

លោក​បន្តថា “នៅពេល​សាងសង់​ចប់ អ្នកវិនិយោគ​ត្រូវបំពេញ​បែបបទ​ជាច្រើន ដើម្បី​ធ្វើការ​វាយតម្លៃថា​ព្រលាន​នេះ មាន​សុវត្ថិភាព​ក្នុងការ​ចុះចត ដោយ​ទទួល​វិញ្ញាបនបត្រ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​ស្ថាប័ន​អាកាសចរណ៍​អន្តរជាតិ” ។ លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​បន្តថា “ព្រលាន​នេះ​ទាក់ទាញ​ការចុះ​ចត របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ច្រើន​បែបណា វា​អាស្រ័យ​លើ​ការធ្វើ​ទីផ្សារ​របស់​ក្រុមហ៊ុន និង​ស្ថានភាព​ជំងឺ​កូ​វីដ១៩បញ្ចប់” ។

ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន​បាន​មានប្រសាសន៍ថា នៅពេល​ព្រលាន​នេះ​បើក​ដំណើរការ និង​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ឡើងវិញ ហើយ​អ្នកដំនើរ​ទូទាំង​ពិភពលោក​អាចធ្វើ​ដំណើរ​បាន លោកស្រី​ជឿថា​ព្រលាន​នេះ​នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ចុះចត​ច្រើន​មិន​ខាន ដោយសារ​ខេត្តកោះកុង ជា​ខេត្ត​មាន​សក្តានុពល​បំផុត​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ។

លោកស្រី​បន្ថែមថា “តាម​ធម្មតា​នៅពេល​វិនិយោគ​លើ​ព្រលានយន្តហោះ ក្រុមហ៊ុន​នឹងមាន​ផែនការ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​ចុះចត​នៅ​ព្រលានយន្តហោះ​របស់ខ្លួន​មិន​ខាន ព្រោះ​ពួកគេ​វិនិយោគ​អ្វីមួយ ពួកគេ​តែងតែ​ស្វែងរក​ផលចំណេញ” ។

តាម​ការ​ឲ្យ​ដឹង​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដែល​កំពុង​វិនិយោគ​ព្រលានយន្តហោះ​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ របស់​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នេះ នឹង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ទៅកាន់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង និង​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដទៃទៀត នៅពេល​ព្រលាន​នេះ​បើក​ដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here