ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមហ៊ុនរុស្សុីដែលកំពុងមានដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសរបស់ខ្លួន បាន និងកំពុងស្វែងយល់ពីសក្ដានុពល និងឱកាសនៃការវិនិយោគនៅក្នុងវិស័យថាមពល ជាពិសេសវិស័យប្រេង និងឧស្ម័ន រួមានការរុករក ការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតផងដែរ។
ឯកអគ្គរដ្ឋទូតប្រទេសរុស្សុីប្រចាំនៅកម្ពុជា លោកAnatoly BOROVIK បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា ខណៈដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ និងមានសក្ដានុពលនៅក្នុងវិស័យផ្សេងៗជាច្រើន ជាពិសេសវិស័យងថាមពលនោះ បច្ចុប្បន្នមានក្រុមហ៊ុនរុស្សុីមួយចំនួន បាន និងកំពុងព្យាយាមសិក្សា និងស្វែងយល់ពីឱកាសក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសទៅលើវិស័យថាមពល។
លោកបញ្ជាក់ថា “ក្រុមហ៊ុនរុស្សុី តាមរយៈស្ថានទូតរុស្សុីដែលប្រចាំការនៅកម្ពុជាកំពុងស្វែងយល់ពីសក្តានុពល និងឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនរុស្សី ក្នុងវិស័យប្រេង និងឧស្ម័ន រួមមាន ការស្វែងរុករក ការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត និងចង់វិនិយោគលើវិស័យថាមពលកកើតឡើងវិញ រួមមាន ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ”។
ក្រៅពីគោលបំណងនៃវិស័យឯកជន រដ្ឋាភិបាលនៃប្រទេសរុស្សុីក៏មានបំណងបង្កើនកិច្ចសហប្រតិបត្តិការភូគព្ភសាស្ត្រ និងការអភិវឌ្ឍធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្សី រួមជាមួយនឹងគម្រោងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព, ការផ្តល់អាហារូបករណ៍ និងគម្រោងកសាងសមត្ថភាពសម្រាប់មន្ត្រី និងសិស្សនិសិ្សតកម្ពុជា ក្នុងវិស័យថាមពល ប្រេងនិងឧស្ម័នផងដែរ។
យោងតាមស្ថិតិពីក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២០ ប្រទេសកម្ពុជាបាននាំចេញទំនិញ ដែលមានតម្លៃជាង ៣៨,៧៥លានដុល្លារទៅកាន់ប្រទេសរុស្ស៊ី ពោលគឺធ្លាក់ចុះ ៤,៨ភាគរយ បើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា ការនាំចូលទំនិញពីប្រទេសរុស្ស៊ីវិញ បានកើនឡើងក្នុងរយៈពេលនេះ ដល់ ៦,៤លានដុល្លារ ពោលគឺកើនឡើងពី ២,៥លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលកើនឡើងជាង ១៥៥ភាគរយ។
ការនាំចេញរបស់កម្ពុជាទៅទីផ្សាររុស្ស៊ី ធ្លាក់ចុះនៅក្នុងអំឡុង១០ខែឆ្នាំ ២០២០។ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសរុស្ស៊ីភាគច្រើន មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។ ទោះជាយ៉ាងណា តម្រូវការសម្រាប់ផលិតផលទាំងនេះ បានធ្លាក់ចុះដោយសារតែផ្សារទំនើបនៅប្រទេសរុស្ស៊ី ត្រូវបានបិទដោយអនុញ្ញាតឲ្យមានតែទីតាំងលក់ម្ហូបអាហារប៉ុណ្ណោះ៕