គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​ទីក្រុង​រាម តម្លៃ ១៦ពាន់់​លាន​ដុល្លារ ចាប់ផ្តើម​ដំណើរការចាក់ដី​បំពេញ​ឆ្នេរសមុទ្រ

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ គំរោង​កសាង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ ទីក្រុង​រាម​ក្នុង​តំបន់​ទេសចរណ៍​នាគរាជ​តម្លៃ១៦ពាន់​លាន​ដុល្លារ​អាមេរិក បាននិងកំពុង​ចាក់ដី​បំពេញ​ឆ្នេរសមុទ្រ ដើម្បី​ត្រៀម​ដំណើរ​ការកសាង​ទីក្រុង​ដ៏​ធំ​នេះហើយ។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​ឃាង ភារ​ម្យ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៨ មករា​កន្លងមក​ថា គំរោង​នេះ​មាន​វិសាលភាព​ធំ ដោយមាន​ផ្ទៃដី​ទំហំ៨៣៤ហិកតា ជា​តំបន់​ដែល​ត្រូវ​ចាក់ដី​បំពេញ​លើ​សមុទ្រ ដើម្បី​កសាង​ទីក្រុង​ដ៏​ធំ​នេះ​ឡើង។ លោក​បន្តថា គំរោង​នេះ​ស្ថិតនៅ​តំបន់​រាម ក្បែរ​ព្រលានយន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ។

លោក​បន្តថា “គំរោង​ដែល​បានទទួល​ការអនុម័ត​ពី​រដ្ឋាភិបាល នឹង​ជួយ​លើក​កំពស់​មុខមាត់​ក្រុងព្រះសីហនុ និង​ជួយ​ជម្រុញ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ខ្លាំង​នាពេល​អនាគត” ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន ដែល​បានចេញ​ផ្សាយ​ក្រោយ​កិច្ចប្រជុំ​គណៈ​កម្ម​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (គ អ ឆ ក)ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គ អ ឆ ក ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០កន្លងមក​បាន​ឲ្យ​ដឹងថា អ អ ឆ ក គាំទ្រ​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ “ទីក្រុង​រាម” នៅក្នុង​តំបន់​ទេសចរណ៍​នាគរាជ ដែល​ស្នើ​ដោយ​ក្រុមហ៊ុន CANOPY SANDS Development Co, Ltd លើ​ផ្ទៃដី​ទំហំ៨៣៤ហិកតា ដែលជា​កម្ម​សិ​ទ្ឋ​របស់​ក្រុមហ៊ុន​ក្នុងការ​រៀបចំ​ទីតាំង និង​ចាប់ផ្តើម​ដំណើរការ​អនុវត្តន៍​គំរោង។

សេចក្តីប្រកាស​ដដែល​បាន​បង្ហាញថា គំរោង​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន​ទុនវិនិយោគ​រហូតដល់១៦ពាន់​លាន​ដុល្លារ ដែល​នឹង​ក្លាយជា​តំបន់​មាន​សក្តានុពល​បំផុត នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ផ្តល់​ការងារ​ធ្វើជា​ច្រើន​ដល់​យុវជន និង​ប្រែ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​បែប​គំរូ តាម​ទស្សនទាន “ស្អាត បៃតង ឆ្លាត​វៃ” ។

គំរោង​នេះ​ត្រូវ​បែង​ចែកជា​ដំណាក់កាល ដោយ​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​ពី​ដើមឆ្នាំ២០២០ រួមមាន​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​និង​សំណង់ផ្សេងៗ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រមណីយដ្ឋាន អាគារ​ស្នាក់នៅ សាលប្រជុំ សាលសន្និសីទ អាគារ​ស្នាក់នៅ​រួម មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌល​កីឡា ក្នុងនោះ​ក៏មាន​កីឡា​វាយ​កូន​ហ្គោល​ផងដែរ។

សេចក្តីប្រកាស​ព៌​ត​មានបាន​បន្តថា គំរោង​នេះ​នឹងត្រូវ​រៀបចំ​ឆ្នេរ​ខ្សាច់​ស្អាត​ពីរ​កន្លែង ដើម្បី​ប្រើប្រាស់​សាធារណៈ សម្រាប់​ការអភិវឌ្ឍ​នៅ​តំបន់​នោះ​ផង ក៏ដូចជា​សាធារណៈជន អាច​ចេញចូល​ប្រើប្រាស់​តំបន់​នោះ ដែល​បច្ចុប្បន្ន​មិនទាន់មាន​ខ្សាច់​ស ស្អាត​នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here