សមិទ្ធផលថ្មីនៃកិច្ចអភិវឌ្ឍន៍តាមបណ្តាខេត្តនឹងក្លាយជាកម្លាំងជំរុញទីផ្សារអចលនទ្រព្យឱ្យងើបឡើងវិញ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ជាច្រើនដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងវិស័យឯកជននៅតាមបណ្តាខេត្តគោលដៅសំខាន់ៗប្រចាំប្រទេសនឹងក្លាយជាសមិទ្ធផលថ្មីដ៏មានសក្ដានុពលក្នុងការលើកស្ទួយ និងជំរុញឱ្យទីផ្សារអចលនទ្រព្យងើបឡើងវិញក្រោយជួបឱនភាពកាលពីឆ្នាំ២០២០កន្លងទៅនេះ។

លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R’Investment Group បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា ឆ្លងកាត់ស្ថានភាពប្រឈមក្នុងរយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅនេះ ទាំងវិស័យរដ្ឋ ទាំងវិស័យឯកជនសុទ្ធតែទទួលរងនូវសម្ពាធ និងផលបះពាល់ដូចគ្នា ហើយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជំនះនូវភាពលំបាកទាំងនេះយ៉ាងខ្លាំងជាមួយនឹងការទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោកថា ឆ្លងកាត់នូវភាពជាក់ស្ដែងនៃការទទួលរងនូវឥទ្ធិពលអវិជ្ជមានពីវិបត្តិកូវីដក្នុងអំឡុងឆ្នាំ២០២០កន្លងទៅនេះ វិស័យអចលនទ្រព្យកម្ពុជាបានទទួលរងនូវសម្ពាធយ៉ាងខ្លាំងរាប់ទាំងការវិនិយោគ ការអភិវឌ្ឍន៍គម្រោង ក៏ដូចជាទិញលក់ និងជួលផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាស្ថានភាពសេដ្ឋកិច្ចនៅតែរក្សាបានភាពល្អប្រសើរជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

លោកបណ្ឌិតបានបញ្ជាក់ថា ដោយសារតែវិបត្តិកូវីដបានធ្វើឱ្យវិស័យជាច្រើនទទួលរងនូវផលប៉ះពាល់ ក្នុងនោះវិស័យអចលនទ្រព្យក៏ស្ថិតនៅក្នុងសញ្ញាអវិជ្ជមានផងដែរ។ លោកថា ក្នុងសម័យកូវីដ ទីផ្សារអចលនទ្រព្យរួមនៅកម្ពុជាគឺទទួលរងនូវផលប៉ះពាល់ ប៉ុន្តែបើបែងចែងតាមតំបន់វិញ ផលប៉ះពាល់កើតមានមិនដូចគ្នាទេ។

លោកបន្តថា “ខេត្តដែលប៉ះពាល់ធ្ងន់ជាងគេ គឺខេត្តព្រះសីហនុ ដោយសារតែភាគច្រើននៃការវិនិយោគ និងអភិវឌ្ឍជាគម្រោងធំៗដូចជាអគារសណ្ឋាគារ ខុនដូ អាផាតមិន និងកាស៊ីណូជាដើម ក្រោមការបណ្តាក់ទុនរបស់ក្រុមហ៊ុនចិន បន្ទាប់មកគឺខេត្តសៀមរាប ដោយសារតែវិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះយ៉ាងគំហុក។ ប៉ុន្តែសម្រាប់តំបន់ជាយរាជធានីភ្នំពេញ និងខេត្តដែលស្ថិតនៅជាប់ជាយក្រុងដូចជាកំពង់ស្ពឺ កណ្តាល តាកែវ ជាដើម ការទិញលក់អចលនវត្ថុក្នុងទ្រង់ទ្រាយតូច និងមធ្យមនៅតែបន្តមានសញ្ញាវិជ្ជមាន ជាពិសេសផ្នែកលំនៅដ្ឋានតម្លៃសមរម្យ ហើយសកម្មភាពនេះនឹងនៅតែបន្តនៅក្នុងឆ្នាំ២០២១នេះ”។

នៅក្នុងឆ្នាំ២០២០ បើទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមសេដ្ឋកិច្ចសាកល ប៉ុន្តែសម្រាប់ទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅតែបន្តមានតម្រូវការ ដោយក្នុងនោះគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋាន និងគម្រោងបុរីប្រមាណ២០គម្រោងត្រូវបានចាប់អនុវត្តសកម្មភាពនៅលើទីផ្សាររួម។

លោកបណ្ឌិតតេង រិទ្ធីបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២១ យើងឃើញមានសញ្ញាវិជ្ជមានជាច្រើន។ ទី១ ភាពប្រឈមវិបត្តិកូវីដនឹងត្រូវបានកាត់បន្ថយក្រោយការប្រើប្រាស់វ៉ាក់សាំង ទី២មានការបើកឱ្យមានការធ្វើដំណើរឆ្លងកាត់តំបន់ឡើងវិញដែលអាចឱ្យអ្នកវិនិយោគអន្តរជាតិវិលចូលប្រទេសកម្ពុជាវិញ ហើយទី៣ សមិទ្ធផលថ្មីនៃការអភិវឌ្ឍនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍សំខាន់ៗក្រោមការវិនិយោគពីសំណាក់រដ្ឋាភិបាល ដូចជាខេត្តព្រះសីហនុបញ្ចប់គម្រោងស្ថាបនាផ្លូវ៣៤ខ្សែ ខេត្តសៀមរាបបញ្ចប់ការស្ថាបនាផ្លូវ៣៨ខ្សែ ខេត្តកំពតបញ្ចប់កាស្ថាបនាផ្លូវជាតិលេខ៣ និងគម្រោងសាងសង់កំពង់ផែទេសចរណ៍ ការដាក់ឱ្យដំណើរការព្រលានយន្ដហោះតារាសាគរខេត្តកោះកុង រួមជាមួយនឹងការបញ្ចប់គម្រោងអភិវឌ្ឍន៍របស់វិស័យឯកជនដែលចូលរួមនៅក្នុងទីផ្សារអចលនទ្រព្យបែបទេសចរណ៍ផងដែរ ដូច្នេះ នៅក្នុងឆ្នាំ២០២១នេះភាពល្អប្រសើរនៃទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here