សកម្មភាពអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅប៉ែកខាងត្បូង និងលិចទីក្រុងមានសន្ទុះខ្លាំងនៅដើមឆ្នាំនេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា សកម្មភាពអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ នៅតំបន់ជាយក្រុងរាជធានីភ្នំពេញ ពិសេសតំបន់ប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញមានសន្ទុះខ្លាំងនៅដើមឆ្នាំនេះ។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate Company បានថ្លែងប្រាប់កាលនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថា វិស័យអចលនទ្រព្យ ត្រូវបានមើលឃើញថា ការអភិវឌ្ឍគម្រោងអចលនទ្រព្យ តម្រូវការលំនៅដ្ឋាន និងការវិនិយោគ នៅតែមានសកម្មភាពនៅតំបន់ជាយក្រុងភ្នំពេញ។

លោកបានថ្លែងបន្តថា “តំបន់ប៉ែកខាងត្បូង និងខាងលិច មានខាងទំនប់កប់ស្រួវ ផ្លូវជាតិលេខ៤ លេខ៣ លេខ២សព្វថ្ងៃនេះ វាមានសន្ទុះជាងតំបន់ជាយក្រុងផ្សេងៗ ដូចជា ប៉ែកខាងកើត និងខាងជើង ដោយសារប៉ែកខាងកើត និងខាងជើងមានភាពល្អប្រសើរស្រាប់ហើយ”។លោកបន្តថា “អ្នកអភិវឌ្ឍន៍មួយចំនួនបានចុះទៅមើលទីតាំង ដើម្បីអភិ​វ ឌ្ឍន៍ជាបុរីតម្លៃជាមធ្យម ឬឃ្លាំងជាដើម នៅតាមផ្លូវក្រវ៉ាត់ក្រុង”។

លោកបានបន្តទៀតថា នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣មានសន្ទុះ ដោយសារតែមានតម្រូវការច្រើននៅតំបន់បន់នោះ ដូចជាលំនៅដ្ខាន ការសាងសង់ឃ្លាំងសម្រាប់ផ្ទុកទំនិញ និងទីតាំងរោងចក្រជាដើម។ ចំពោះតម្លៃដីនៅតំបន់ដូចជាខាងកប់ស្រូវ និយាយជារួមសម្រាប់ដីអភិវឌ្ឃធំៗ កន្លែងខ្លះមានតម្លៃចន្លោះពី៣០០ ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ។

លោកស៊ា ឆៃលីននាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ CL Realty Co.,Ltd បានថ្លែងប្រាប់កាលពីថ្មីៗនេះថា បើនិយាយពីតំបន់ជាយក្រុង ស្ថានភាពអចលនទ្រព្យនោះនៅតែមានភាពល្អប្រសើរ ពិសេសតំបន់ប៉ែកខាងលិច និងខាងត្បូង ចំណែកឯតំបន់ខាងកើត និងតំបន់ខាងកើតឈៀងត្បូង ក៏មានសកម្មភាពអចលនទ្រព្យគួរសម។

លោកបន្តថា “មូលហេតុដែលធ្វើឱ្យសកម្មភាពអចលនទ្រព្យ នៅតំបន់ទាំងនោះ មានការកើនឡើង ដោយសារទី១ មានដីទំនេរច្រើន និងតម្លៃដីនៅធូរថ្លៃ និងទី២ គឺដោយសារមានការអភិវឌ្ឍគម្រោងជាច្រើន ដូចជាព្រលានយន្តហោះថ្មី ដែលជាចំណុចរសើបមួយ ហើយខាងកើតមានស្ពានថ្មីមួយ ដែលតភ្ជាប់ពីកោះនរា មកផ្លូវជាតិលេខ១”។

លោកបានឱ្យដឹងទៀតថា ចំណែកឯខាងលិចវិញ មានការអភិវឌ្ឍបុរី ហើយវាក៏ជាផ្លូវសេដ្ឋកិច្ច សម្រាប់ដឹកជញ្ជូនទំនិញ និងមានរោងចក្រនៅទីនោះច្រើន។ ទាំងអស់នេះជាហេតុផល ដែលធ្វើឱ្យតម្លៃអចលនទ្រព្យមានការកើនឡើង។ លោកបានបន្តទៀតថា “ចំពោះតម្លៃដី នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង មិនសូវមានការប្រែប្រួលទេ គឺមានសភាពទ្រឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here