ដោយៈគង់ សូរិយា
ភ្នំពេញៈ មានចំណេះដឹងច្បាស់លាស់ មានលំហូរទុនគ្រប់គ្រាន់ ត្រូវការការរៀនសូត្រជាប្រចាំ ហេតុនេះការជ្រើសរើសវិនិយោគដីធ្លី ដែលមានវិធីសាស្ត្រត្រឹមត្រូវ នឹងធ្វើ ឲ្យយើងទិញដីបានល្អ តម្លៃល្អ និងអាចមានផលចំណេញលឿន។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាអ្នកតាមដានការវិវត្តក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ដោយចង្អុលបង្ហាញលើចំណុចសំខាន់ៗចំនួន៤ ដែលអ្នកវិនិយោគដីធ្លីគួរពិចារណា។
សិក្សាលើសក្តានុពលទីតាំង
នៅពេលនិយាយពីអចលនទ្រព្យ គឺនិយាយពីទីតាំង ទីតាំង និងទីតាំង ព្រោះទីតាំងមានសារៈសំខាន់ណាស់ សំរាប់កំណត់ភាពជោគជ័យរបស់គម្រោងណាមួយ ព្រោះតម្លៃអចលទ្រព្យពិសេសដីធ្លី ដែលមានតម្លៃឡើងថ្លៃលឿន។
ទីតាំងដែលគួរវិនិយោគគួរធ្វើនៅតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល តំបន់ព្រំដែន តំបន់ជាយក្រុង តំបន់ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលជាដើម។
ប័ណ្ណកម្មសិទ្ធ
ប័ណ្ណកម្មសិទ្ធច្បាស់លាស់នៅកម្ពុជា ហាក់ដូចជាមានបញ្ហាស្មុគ្រស្មាញមួយ ដោយសារមន្ត្រីមូលដ្ឋាន និងមានសមត្ថកិច្ចបានលួចេញប្លង់ត្រួតលើគ្នា ដើម្បីផលប្រយោជន៍ទោះបីពួកគេដឹងថាខុសច្បាប់ក៏ដោយ។
ហេតុនេះ ការសិក្សាលំអិតម្តងហើយម្តងទៀត ពីប័ណ្ណកម្មសិទ្ធដីធ្លីឬអចលនទ្រព្យ វានឹងអាចបញ្ចៀសហានិភ័យ ដែលធ្វើឲ្យការវិនិយោគរបស់លោក អ្នកមានសុវត្ថិភាព និងមានឱកាសចំណេញខ្ពស់។
ប្រើរូបមន្តពិសេស
តាមធម្មតាដីតែងមានការដាក់លក់ច្រើន ហេតុនេះមុនសម្រេចជ្រើសរើសយកទីតាំងណាមួយ អ្នកវិនិយោគអន្តរជាតិបានផ្តល់ជាយោបល់ថា គួរជ្រើសរើសដី៥០ទៅ១០០ទីតាំង ហើយជ្រើសរើសយក ១០ក្បាលដី ឬទីតាំង ដើម្បីយកមកវិភាគពីតម្លៃ ពីសក្តានុពលទីតាំង ដើម្បីប្រាកដថាដីដែលខ្លួនបានជ្រើសរើសពិតជាល្អ។
បន្ទាប់មកគេជ្រើសរើសយកដី៣ទៅ ៤ទីតាំង ដើម្បីសម្រេចចិត្តចុងក្រោយថាគួរជ្រើសរើសដីណាមួយ ដែលមានសក្តានុពល ដែលអ្នកវិនិយោគអាចដឹងថា ដីដែលខ្លួនបានជ្រើសរើសពិតជាល្អ មានទីតាំងល្អ មានប័ណ្ណកម្មសិទ្ឋត្រឹមត្រូវ និងមានឳកាសចំណេញខ្ពស់។
សិក្សាលើលំហូរសាច់ប្រាក់
លំហូរសាច់ប្រាក់មានសារៈសំខាន់ណាស់ ដែលទាមទារឲ្យអ្នកវិនិយោគមានភាពច្បាស់លាស់ ដើម្បីប្រឈមនឹងវិបត្តិ ព្រោះការវិនិយោគឬធ្វើអ្វីមួយ តែងតែមានឳកាស និងបញ្ហាប្រឈម ហេតុនេះការត្រៀមខ្លួនទុកជាមុនពិតជាមានសារៈសំខាន់ណាស់។
ទោះជាដីធ្លីឡើងថ្លៃខ្ពស់ក៏ដោយ ប៉ុន្តែអ្នកជំនាញបានហាមឃាត់មិនឲ្យប្រជាជនឬអ្នកវិនិយោគខ្ចីលុយធនាគារ យកមកវិនិយោគលើដីធ្លីឡើយ ដោយសារការលក់ដីធ្លីត្រូវការពេលវេលាសមស្របមួយ មិនមែនចង់់លក់ ចេះតែលក់បាននៅពេលលោក អ្នកមានបញ្ហាវិបត្តិលំហូរសាច់ប្រាក់ឡើយ៕