ដោយ ៖ សុខុម
ហុងកុង: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ក្រុងហុងកុង បានសំយ៉ុងក្បាលសចុះខ្លាំងមិនធ្លាប់មានរហូតដល់ ៦,១% ក្នុងឆ្នាំ២០២០ នៅពេលទីក្រុងមួយនេះបានរងផលប៉ះពាល់ខ្លាំងដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលបានចាប់ផ្ដើមផ្ទុះឡើងនៅរយៈពេលប៉ុន្មានខែក្រោយ និងមានភាពចលាចលផ្នែកនយោបាយ។
រដ្ឋបាលពិសេសក្រុងហុងកុង កាលពីថ្ងៃសុក្រ ទី២៩ មករា និយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ក្រុងនេះបានធ្លាក់ចុះ ១% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ ដែលបានឈានទៅដល់ការធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងឆ្នាំកន្លងទៅទាំងមូល។
អ្នកនាំពាក្យរដ្ឋបាលពិសេសក្រុងហុងកុងបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា “ខណៈស្ថិរភាពសង្គមនៅហុងកុងត្រូវបានស្ដារឡើងវិញ សេដ្ឋកិច្ចបានធ្លាក់ចុះធ្ងន់ធ្ងរកាលពីឆ្នាំមុនដែលភាគច្រើនធ្លាក់ចុះដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩”។
សេដ្ឋកិច្ចរបស់ក្រុងហុងកុងបានធ្លាក់ចុះខ្លាំងរយៈពេល ២ ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ២០១៩ ក្រុងនេះត្រូវបានធ្វើឱ្យកក្រើកដោយសារពលរដ្ឋ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានផ្ទុះបាតុកម្មអូសបន្លាយរយៈពេល ៧ ខែជាប់គ្នានៅក្នុងការប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនប៉េកាំង មកលើក្រុងមួយនេះ។ មិនយូរប៉ុន្មានក្រោយពីនោះ ក្រុងហុងកុង បានក្លាយជាកន្លែងទី១ ដែលបានកត់ត្រាការផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ ក្រោយពីវីរុសនេះផ្ទុះនៅចិនប៉េកាំង។
ទីក្រុងដែលមានប្រជាជនរស់នៅច្រើនកកកុញមួយនេះ អាចទប់ការឆ្លងរាតត្បាតឱ្យស្ថិតនៅកម្រិតទាបគួរឱ្យកត់សម្គាល់ ដោយមានតែករណីឆ្លងតែជាង ១០.០០ ករណី និងស្លាប់ប្រមាណ ១៨០ ករណីប៉ុណ្ណោះ។ ប៉ុន្តែក្រុងនេះបានដាក់ចេញវិធានការរក្សាគម្លាតសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ ហើយផាកពិន័យជាប្រាក់ចំពោះអ្នកបំពានវិធានការនេះស្ទើរតែមួយឆ្នាំពេញកាលពីឆ្នាំ២០២០។
អ្នកនាំពាក្យរដ្ឋបាលពិសេសនេះបានលើកឡើងថា “សេដ្ឋកិច្ចរបស់ក្រុងនេះបានធូរស្រាលជាលំដាប់” ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០។ តាមការរំពឹងទុកថា សេដ្ឋកិច្ចក្រុងហុងកុង នឹងទទួលបានកំណើនជាវិជ្ជមានសម្រាប់ឆ្នាំ២០២១ ទាំងមូល ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចក្នុងឆមាសទី១ នៃឆ្នាំនេះនឹងនៅតែមានបញ្ហាប្រឈម ហើយកម្រិតនៃការងើបឡើងវិញស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងច្រើន ជាពិសេសភាពមិនប្រាកដប្រជាអំពីស្ថានភាពឆ្លងរាតត្បាតវីរុសកូវីដ-១៩”។
យោងតាមទិន្នន័យបង្ហាញថា ការចំណាយរបស់ពលរដ្ឋបានធ្លាក់ចុះ ១០,២% ពីឆ្នាំ២០១៩។ ចំណែកឯការនាំចេញបានធ្លាក់ចុះ ៣៦,៨% ហើយការនាំចូលបានធ្លាក់ចុះ ៣៥,២%។ ទន្ទឹមនេះ អត្រាគ្មានការងារធ្វើនាពេលបច្ចុប្បន្នមាន ៦,៦% ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៦ ឆ្នាំមកនេះ៕