ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងភាពសុទិដ្ឋិនិយម និងការរំពឹងទុកពីភាពល្អប្រសើរ នៃវិសយអចលនទ្រព្យក្នុងឆ្នាំ២០២១នេះ អ្នកជំនាញបានអះអាងថាការងើបឡើងវិញ នៃទីផ្សារលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ នឹងមានល្បឿនលឿនជាងគេ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ TOWN CITY Real Estate លោកវ៉ន ចាន់ថន បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តាមការរំពឹងទុក វិស័យអចលនទ្រព្យនៅកម្ពុជា នឹងងាកមករកភាពល្អប្រសើរឡើងវិញ ជាពិសេសចាប់ពីពាក់កណ្តាលឆ្នាំ២០២១នេះសកម្មភាពទិញ លក់នឹងមានភាពមមាញឹកឡើងវិញ ខណៈដែលស្ថានភាពប្រឈមនឹងវិបត្តិជំងឺឆ្លងត្រូវបានទប់ស្កាត់ និងកាត់បន្ថយការរាលដាលក្រោយមានការប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា “ពេលនេះសញ្ញាល្អៗនៅក្នុងវិស័យអចលនទ្រព្យ បានចាប់ផ្តើមបង្ហាញជាបណ្តើរៗ ដែលផ្តើមចេញចលនាក្នុងស្រុក ប៉ុន្តែសម្រាប់សកម្មភាពនៃការចូលរួមពីទីផ្សារក្រៅស្រុកនៅមិនទាន់នៅឡើយនោះទេ” ។ លោកបញ្ជាក់ថា “ចលនានៃទីផ្សារអចលនទ្រព្យ ដែលផ្តើមចេញពីអ្នកក្នុងស្រុកនៅពេលនេះ គឺជាតម្រូវការពិតតម្រូវការជាក់ស្ដែង ជាពិសេសផ្នែកទីផ្សារលំនៅដ្ឋានជាន់ផ្ទាល់ដី ស្ថិតនៅតាមបណ្តាជាយរាជធានីភ្នំពេញ ដែលមានតម្លៃសមរម្យក្រោម១០ម៉ឺនដុល្លារ” ។
លោកបន្តថា មិនមែនពួកគាត់មិនចង់ទិញផ្ទះ នៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែលុយត្រឹមជាង៧ម៉ឺន ឬ១០ម៉ឺន គឺរកផ្ទះនៅមិនបាននោះទេ ដូច្នេះជាជម្រើសពួកគាត់មានតែទិញនៅតាមជាយក្រុង។
លោកវ៉ន ចាន់ថន បានមានប្រសាសន៍បន្តទៀតថា “កាលពីឆ្នាំ២០២០ដែលប្រទេសកំពុងស្ថិតនៅក្នុងភាពប្រឈមខ្លាំង នៃវិបត្តិការទិញលក់លំនៅដ្ឋាន ក៏នៅតែមានសកម្មភាព ប៉ុន្តែមានការធ្លាក់ចុះបន្តិច ដោយសារតែបញ្ហានៃប្រាក់ចំណូលត្រូវបានកាត់បន្ថយ ប៉ុន្តែនៅឆ្នាំ២០២១នេះ ភាពប្រឈមត្រូវបានកាត់បន្ថយ ហើយអាជីវកម្ម និងកន្លែងបម្រើការងារផ្សេងៗ បានចាប់ដំណើរវិញជាធម្មតាឡើងវិញ។ ដូច្នេះពួកគាត់អាចមានលទ្ធភាពឡើងវិញ។
លោកបន្តថា “ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានអនុគ្រោះដោយការលើកលែងពន្ធប្រថាប់ត្រា លើការទិញលក់លំនៅដ្ឋាតម្លៃក្រោម៧ម៉ឺន រួមជាមួយនឹងការបន្តលើកលែងលើការយកពន្ធលើប្រាក់ចំណេញមូលធន នេះជាការជំរុញឱ្យមានការទិញលក់កាន់តែមានល្បឿនលឿន” ។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាន ដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ពិតជាអាចកក្រើកឡើងវិញក្នុងល្បឿនលឿនជាងទីផ្សារដទៃទៀត ប៉ុន្តែភាគច្រើនគឺជាទីផ្សារលំនៅដ្ឋាន ជាន់ផ្ទាល់ដីតែប៉ុណ្ណោះ សម្រាប់ទីផ្សារលំនៅដ្ឋានសហកម្មសិទ្ធិអាចនៅមានកម្រិត។
លោកបញ្ជាក់ថា “ផ្ទះជាប់ដីតម្លៃក្រោម១០ម៉ឺនដុល្លារ ឬក្រោម៧ម៉ឺនដុល្លារវាជាតម្រូវការពិតរបស់ប្រជាពលរដ្ឋក្នុងស្រុក ហើយវានឹងបន្តទៅមុខក្នុងចន្លោះ៥ឆ្នាំ ឬ១០ឆ្នាំទៀត ប៉ុន្តែសម្រាប់តម្រូវការលំនៅដ្ឋានសហកម្មសិទ្ធិ នៅមិនទាន់មានល្បឿនលឿននោះទេ។លោកបន្តថា “មូលេហតុគឺដោយសារតែភាគច្រើន អ្នកដែលមានទំនោររស់នៅក្នុងលំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថាខុនដូគឺជាតម្រូវការទផ្សារមកពីក្រៅស្រុក” ។
លោកបន្ថែមថា ដូច្នេះនៅក្នុងឆ្នាំ២០២១ ខណៈដែលពួកគាត់ (ជនបរទេស)នៅមិនទាន់អាចវិលមកកាន់កម្ពុជាបានវិញនោះ ចរន្តទិញលក់នៅតែមានកម្រិត។
ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា អ្វីៗវាត្រូវការពេលវេលា បើសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរ វ៉ាក់សាំងកូវីដ១៩ មានប្រសិទ្ឋភាព និងអាចចាក់បានទូលំទូលាយដោយរដ្ឋាភិបាលប្រទេសនិមួយៗ នៅពាក់កណ្តាលឆ្នាំ២០២១នេះ ទើបស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ។
លោកបន្តថា “សេដ្ឋកិច្ចប្រទេសយើង ការរីកចម្រើននៅប្រទេសយើង មានភាពប្រទាក់ក្រឡាជាមួយបណ្តាប្រទេសនានានាក្នុងពិភពលោក ហេតុនេះយើងមិនអាចរីកចម្រើន សេដ្ឋកិច្ចងើបឡើងតែឯងនោះបានទេ” ៕