ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀត វិស័យសំណង់នឹងពង្រីកវិសាលភាពនៅលើផ្ទៃដីរាប់ពាន់ហិចតាតាមតំបន់ជាយក្រុង ជាពិសេសគម្រោងលំនៅឋានដែលនឹងនៅតែបន្តពង្រីកខ្លួនដល់ទៅ៣០ ទៅ ៤០គីឡូម៉ែត្រចេញពីទីក្រុងភ្នំពេញ ខណៈដែលរាជរដ្ឋាភិបាលបានឹងកំពុងស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដើម្បីសម្រួល់ការធ្វើដំណើរ និងដឹកជញ្ជូន។
លោកស្រីតាំង ហួរ នាយិការក្រុមហ៊ុន Amatak Property Service ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួនជាពិសេសតាមតំបន់ជាយក្រុង និងផ្លូវក្រវ៉ាត់ក្រុងទី៣ ព្រមទាំងបណ្តោយផ្លូវជាតិសំខាន់ៗចេញពីទីក្រុងភ្នំពេញប្រមាណ ៣០ទៅ៤០ គីឡូម៉ែត្រ។
លោកស្រីបន្តថា ការពង្រីកវិសាលភាពទាំងនេះដោយសារតែកំណើនរបស់ប្រជាពលរដ្ឋខ្មែរមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឱ្យមានលំនៅឋានកាន់តែច្រើននៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ មានសក្តានុពលសេដ្ឋកិច្ចងាយស្រួលក្នុងការរសនៅ ព្រមគ្នាជាមួយការផ្គត់ផ្គង់វិស័យលំនៅឋានក្រោមរូបភាពជាការអភិវឌ្ឍន៍គម្រោងបុរី និងបណ្តុំលំនៅឋានផងដែរ។
តាមផែនការរបស់រដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យរោងចក្រសហគ្រាស និងសិប្បកម្មផ្សេងៗឱ្យទៅបោះទីតាំងនៅជាយក្រុង ជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។
លោកម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងដែរថា ប្រជាពលរដ្ឋ និងបន្តចូលមករស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីស្វែងរកការងារ និងប្រកបអាជីវកម្មផ្សេង រួមជាមួយនឹងកំណើននៃចំនួនសិស្ស និស្សិតមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់ ដូច្នេះទីក្រុងភ្នំពេញចាំបាច់ត្រូវតែពង្រីក ហើយតម្រូវការលំនៅឋាននឹងមានកើនឡើងខ្ពស់ស្របទៅនឹងកំណើនប្រជាពលរដ្ឋ។
លោកបានមើលឃើញថា សិស្ស-និស្សិតដែលមករៀននៅក្នុងទីក្រុងភ្នំពេញភាគតិចណាស់ដែលវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ ពួកគេបានចូលបម្រើការងារ និងបង្កើតគ្រួសាររស់នៅក្នុងទីក្រុងភ្នំពេញ ទាំងអស់នេះសុទ្ធតែជាការបង្កើនកំណើនចំនួនមនុស្សនៅក្នុងក្រុង។
លោកឃួង ស្រេង អភិបាលរជធានីភ្នំពេញធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទីក្រងភ្នំពេញមានភាពរីកចំរើនដែលអ្នកសេដ្ឋកិច្ចវិទូមិនស្មានដល់ ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅ និងចរាចរណ៍នៅក្នុងទីក្រុងកើនជាង ៣លាននាក់ និងពង្រីកក្រុងពី ៣០០ ទៅ ៧០០ គីឡូម៉ែត្រក្រឡា។
លោកបន្តថា ជាមួយនឹងភាពរីកចំរើនទាំងនេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញដែលធ្លាប់តែជាតំបន់ដាច់ស្រយាល ជាតំបន់បង្ករបង្កើនផលដាំដំណាំ ឬបឹងល្ហល្ហេវ ត្រូវបានផ្លាស់ប្ដូរ ក្លាយជាទីបណ្តុំលំនៅឋាន និងជាទីប្រជុំជននៃតំបន់ជាយក្រុង ជាក់ស្ដែងដូចជានៅភាគខាងលិចក្រុងដែលកំពុងមានការអភិវឌ្ឍន៍លេចចេញជាសំណង់លំនៅឋាន រោងចក្រ សហគ្រាសផ្សេងៗជាច្រើន៕