តំបន់ចំនួន៤នៅទីក្រុងភ្នំពេញបង្ហាញសក្តានុពលខ្លាំងសម្រាប់ការវិនិយោគអចលនទ្រព្យ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានអះអាងថា តំបន់ចំនួន៤ កំពុងបង្ហាញសក្តានុពលខ្លាំង សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ និងទាក់ទាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ពិសេសខុនដូ។

???????????????????????

លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank Cambodia ត្រូវបានដកស្រង់សម្តីចេញពីកាសែតចិន SCMPកាលថ្មីៗនេះ ដោយបានលើកឡើងថា វិស័យអចលនទ្រព្យនៅទីក្រុងភ្នំពេញកំពុងរីកចម្រើន ខណៈតំបន់សំខាន់ៗ មួយចំនួនមានសក្តានុពល សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងទាក់ទាញវិនិយោគិនជាច្រើន។

លោក Wheble បានថ្លែងថា “តំបន់រីកចម្រើនសំខាន់ៗនៅពេលនេះ រួមមានខណ្ឌទួលគោក និងសែនសុខ មហាវិថីសម្តេចតេជោ ហ៊ុន សែន និងតំបន់ជ្រោយចង្វារ”។

លោកបានបន្តថា “តំបន់ទាំងនេះតំណាងឱ្យចក្ខុវិស័យកំណើនរយៈពេលមធ្យម និងវែងល្អប្រសើរ សម្រាប់វិនិយោគ ប៉ុន្តែអ្នកវិនិយោគគួរតែត្រៀមខ្លួនចាំក្នុងចន្លោះពី៥ ទៅ៧ឆ្នាំ បន្ទាប់ពីបញ្ចប់គម្រោង”។

ជាមួយគ្នានេះដែរ លោក Wheble បានឱ្យដឹងថា វិនិយោគិនគួរស្វែងយល់ពីទីផ្សារគោលដៅវិនិយោគរបស់ខ្លួន និងមានយុទ្ធសាស្ត្រពិតប្រាកដ ដែលគួរពិភាក្សាជាមួយអ្នកប្រឹក្សាផ្នែកអចលនទ្រព្យ។

លោកបានឱ្យដឹងទៀតថា ការពិចារណាសំខាន់ៗ ក៏នឹងរួមបញ្ចូលការសង្កតមើលក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់ត្រា ហិរញ្ញវត្ថុបំរុង និងអ្នកម៉ៅការ ក្នុងកំឡុងពេលសាងសង់ជាដើម។ វិនិយោគិនគួរពិចារណាលើការប្រើប្រាស់ដីជុំវិញ និងស្រាវជ្រាវអ្វី ដែលកំពុងត្រូវបានអភិវឌ្ឍនៅជាប់នឹងគម្រោង ព្រោះវាអាចជះឥទ្ធិពលលើទេសភាព និងពន្លឺធម្មជាតិអនាគត ដែលជះឥទ្ធិពលដល់ការលក់ នៅពេលចង់លក់បន្ត។

លោក Wheble ជឿជាក់ថា កម្ពុជានៅតែមានសក្តានុពល សម្រាប់វិនិយោគិនបរទេស។ លោកថ្លែងថា “ប៉ុន្តែវាទាមទារចំណេះដឹងទីផ្សារ និងការយល់ដឹងពីតម្រូវការនាពេលអនាគត។ ដើម្បីឱ្យទីផ្សារមាននិរន្តរភាព វាចាំបាច់ត្រូវជំរុញដោយតំរូវការក្នុងស្រុក ហើយវិនិយោគិនគួរតែផ្តោតលើគម្រោង ដែលមានតម្លៃសមរម្យនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here