ដោយ ៖ រ៉ាណេត
កំពត ៖ ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនជួបភាពស្ងប់ស្ងាត់ទៅលើការទិញលក់ដីធ្លីនោះ សម្រាប់តែខេត្តកំពតនៅតែអាចរក្សាបាននូវភាពល្អប្រសើរជាងគេ ទាំងសកម្មភាពទិញលក់ដីធ្លី ទាំងការអភិវឌ្ឍក្នុងវិស័យសំណង់ ក៏ដូចជាតម្លៃអចលនវត្ថុនៅតែបន្តឡើងថ្លៃជាបន្តបន្ទាប់។
អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ថា ខេត្តកំពតមានសក្ដានុពលស្ទើរគ្រប់វិស័យ និងបានទាក់ទាញគម្រោងវិនិយោគជាបន្តបន្ទាប់ឱ្យចូលមកកាន់ខេត្តដែលជាប់មាត់សមុទ្រមួយនេះ។
លោកបានបញ្ជាកថា “ខេត្តកំពតមានសកត្តានុពលខ្លាំងស្ទើរគ្រប់វិស័យពិសេស កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ទោះស្ថិតនៅវិបត្តិកូវីដ១៩ក៏ដោយ ប្រាក់ចំណូលរបស់ខេត្តនៅតែប្រមូលបានចំនួន ១៤០ភាគរយ ខណៈដែលតម្លៃដីធ្លី ដំណង់អគារ និងការអភិវឌ្ឍផ្សេងៗនៅតែបន្តកើនឡើងឥតឈប់ឈរពីមួយខែទៅមួយខែ”។
លោកបញ្ជាក់ថា “ជាមួយនឹងភាពល្អប្រសើរ និងអំណោយផលពីកត្តាភូមិសាស្ត្រ បច្ចុប្បន្ននេះ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានជម្រុញការរីកលូតលាស់ នៃសេដ្ឋកិច្ចខេត្តកំពត”។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពតនៅក្នុងឆ្នាំ២០២០ វិស័យសំណង់មានចំនួន៣០១គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង១០២ ២៨៥ម៉ែត្រការ៉េ ដែលគិតជាតម្លៃទុនវិនិយោគស្មើនឹងប្រមាណ៣៧លានដុល្លាអាមេរិក កើន២,៧ភាគរយ និងចំនួនគម្រោងកើនឡើង៣៩ភាគរយធៀបនឹងឆ្នាំ២០១៩។
លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R’Investment Group បានមានប្រសាសន៍ថា បច្ចុប្បន្នមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។
លោកបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងបន្តអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពតនឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពជាក់មិនខាន។ សម្រាប់ការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន បែបលំហែរកាយនៅពេលបច្ចុប្បន្ន ត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣-៤ម៉ឺនដុល្លារឡើងទៅសម្រាប់លំនៅដ្ឋានបែបលំហែរមួយខ្នង”។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានមានប្រសាសន៍ថា សព្វថ្ងៃនេះនៅក្នុងខេត្តកំពតមានគម្រោងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចជាច្រើន ជាពិសេស គម្រោងរមណីយដ្ឋាន សណ្ឋាគារ បឹងហ្គាឡូ និងលំនៅដ្ឋានបែបលំហែរនៅតាមដងព្រែកនានា។
លោកបន្តថា “នៅពេលដែលមានគម្រោងវិនិយោគ ផ្នែកបដិសណ្ឋារកិច្ចច្រើននៅក្នុងខេត្តនាពេលនេះ បានឆ្លុះបញ្ចាំងនៃភាពល្អប្រសើរ និងជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា ដែលធានាបាននូវគុណភាពខ្ពស់” ។ លោកបន្ថែមថា “ធម្មតានៅក្នុងធ្វើពាណិជ្ជកម្ម ឬមុខជំនួញណាមួយដែលមានការប្រកួតប្រជែងវានឹងធានាបាននូវគុណភាព និងកម្រិតស្តង់ដារមួយ ហើយយើងក៏ចង់បានការប្រកួតប្រជែងបែបនេះឱ្យបានច្រើន ដើម្បីជំរុញទៅដល់ការលើកកម្ពស់កម្រិតគុណភាព” ៕