ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មហាវិថីសម្ដេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រដែលកំពុងមានសកម្មភាពចរាចរណ៍យ៉ាងមមាញឹក រួមជាមួយនឹងសកម្មភាពអភិវឌ្ឍន៍សាងសង់សំណង់យ៉ាងច្រើននៅពេលបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញមិនមានគម្រោងសាងសង់ទ្រូងពុះចែកផ្លូវជា២ ឬសាងសង់សួនច្បារនៅកណ្តាលដូចវិថីព្រះនរោត្តម និងផ្លូវព្រះមុនីវង្សនោះទេ ហើយអាចអនុញ្ញាតឱ្យយន្តហោះខ្នាតតូចចុះចតបាននៅពេលមានអាសន្ន ឬភាពចាំបាច់ណាមួយបានថែមទៀតផង។
លោកស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះថា កំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ គឺជាផ្លូវស្អាតទូលាយងាយស្រួលក្នុងការធ្វើចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។ ផ្លូវនេះរដ្ឋបាលរាជធានីភ្នំពេញមិនមានគម្រោងនៃការពុះចែកទ្រូងផ្លូវ ឬសួនច្បារចែកទ្រូងផ្លូវនោះទេ ដោយរក្សាស្ថានភាពផ្លូវទាំងមូល ព្រោះមហាវិថីនេះត្រូវទុកឱ្យបន្សុីគ្នានៃការរៀបចំជាទីតាំងសម្រាប់ចុះយន្តហោះខ្នាតតូច។
លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋលើដងផ្លូវនេះ មានល្បឿនលឿនដែលតែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ទើបរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់ស្លាកសញ្ញាកំណត់ល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងបណ្តាលមកពីការបើកបរហួសល្បឿនកំណត់នេះ។
មហាវិថីសមេ្តចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រនេះ បានចាប់ផ្តើមការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Co., Ltd ដោយតភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ឆ្លងកាត់បឹងជើងឯក និងបឹងទំពុនហើយភ្ជាប់ជាមួួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីនេះត្រូវបានចាត់ទុកជាផ្លូវសាធារណៈធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ ដែលបានដើរតួនាទីធ្វើឱ្យចរាចរណ៍កាន់តែប្រសើរឡើង ពិសេសការធ្វើដំណើរពីខណ្ឌដង្កោ និងក្រុងតាខ្មៅមកកាន់រាជធានីភ្នំពេញកាន់តែជិតជាងមុន៕