អ្នកជំនាញៈតើទីតាំងកំណត់ជោគវាសនារបស់គំរោងខុនដូយ៉ាងដូចម្តេច?

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីតាំងជាកត្តាចម្បង ដែលអ្នកវិនិយោគអចលនទ្រព្យជាតិ អន្តរជាតិយកមកវិភាគមុនគេ មុនសម្រេចចិត្តវិនិយោគលើគំរោងណាមួយ ពិសេសលំនៅដ្ឋានបែបសហកម្មសិទ្ឋឬខុនដូ។

នៅក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ ក្នុងវិស័យអចលនទ្រព្យបែបទំនើបជាមួយនឹងតម្រូវការទីផ្សារខុនដូនៅកម្ពុជាមានការកើនឡើង បានធ្វើឱ្យអ្នករកស៊ីនៅក្នុងវិស័យមួយនេះ ផ្តោតអារម្មណ៍ទៅលើការវិនិយោគ ដើម្បីអាចទទួលបានឱកាសចំណេញនៅពេលអនាគត់។ យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យមួយនេះ បានក្រើនរំលឹកថា ទោះជាទីផ្សារខុនដូអាចផ្តល់ឱកាសចំណេញ ប៉ុន្តែត្រូវសិក្សាពីគម្រោង ជាពិសេសពិនិត្យមើលទីតាំងឱ្យបានច្បាស់ជៀសវាងជួបការខាតបង់។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ YOUNGSIA Real Estate លោក Cooler Tan បានមានប្រសាសន៍នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ទីផ្សារខុនដូនៅកម្ពុជា គឺមានវិសាលភាពធំទូលាយ និងបន្តភាពរីកចម្រើនទៅមុខបន្ថែមទៀត ក្នុងរយៈពេលយូរឆ្នាំ ដោយសារតែទីផ្សារមួយនេះ ទើបតែចាប់ផ្តើមសាយភាយមួយរយៈពេលចុងក្រោយនេះតែប៉ុណ្ណោះ។

លោកថា “ទោះជាយ៉ាងណាក៏ដោយ មុនពេលសម្រេចទទួលលក់គម្រោងខុនដូណាមួយ ចាំបាច់ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ ពីគម្រោងទាំងលិខិតស្នាមផ្នែកច្បាប់ កម្រិតនៃគុណភាព និងការរចនា ជាពិសេសត្រូវពិនិត្យទៅលើកត្តាភូមិសាស្ត្រ នៃទីតាំងគម្រោងដែលប្រាកដថាជាទីប្រជុំជន មានសក្ដានុពលងាយស្រួលក្នុងការរស់ និងស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម”។លោកបន្តថា “ ទីតាំងពិតជាមានសារៈសំខាន់ណាស់ ហើយវានឹងកំណត់វាសនារបស់គំរោងណាមួយ ព្រោះអ្នកទិញខុនដូតែងតែគិតពីបញ្ហានេះ ពិសេសមូលដ្ឋានសម្ភារៈបរិក្ខា និងសេវាកម្មពាក់ព័ន្ឋជុំវិញគំរោង”។

លោកColor Tanបានបន្តថា ថ្វីត្បិតថាការវិនិយោគដោយការទិញគម្រោងខុនដូណាមួយទុកសម្រាប់លក់ ឬសម្រាប់ជួល ដើម្បីទទួលបានផលប្រយោជន៍ខ្ពស់ ប៉ុន្តែពេលខ្លះក៏មានជួបភាពបរាជ័យដែរ ប្រសិនបើអ្នកទិញចំគម្រោងខុនដូ ដែលស្ថិតនៅទីតាំងមិនអំណោយផលដល់ការរស់នៅ ឬស្ថិតនៅឆ្ងាយពីទីកណ្តាលក្រុង ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្មផ្សេងៗ។

លោកCooler Tan បានបន្តថា ចំណុច១នៅក្នុងចំណុចសំខាន់ចំនួន៥ ដែលត្រូវយកចិត្តដាក់ក្នុងការពិនិត្យ សិក្សា និងស្វែងយល់ឱ្យបានច្បាស់នោះ គឺកត្តាភូមិសាស្ត្រនៃទីតាំងគម្រោង។ នៅពេលដែលគម្រោងស្ថិតនៅក្នុងក្រុង ដែលជាតំបន់ពាណិជ្ជកម្ម ដែលហ៊ុមព័ទ្ធទៅដោយផ្សារទំនើប មន្ទីរពេទ្យ សាលារៀន ហាងអាហារដ្ឋានបែបទំនើប នោះគម្រោងរបស់អ្នកនឹងមានតម្រូវការខ្ពស់ ប៉ុន្តែប្រសិនបើគម្រោងដែលទិញស្ថិតនៅក្រៅពីតំបន់ដូចដែលបានលើកឡើងខាងលើនេះ ទោះជាអ្នកវិនិយោគទទួលបានតម្លៃទាប ក៏ឱកាសចំណេញពីការវិនិយោគរបស់អ្នកមានអត្រាទាបបំផុត ឬអាចទទួលបានចំណេញតិចជាងការវិនិយោគលើទីផ្សារដទៃអចលនវត្ថុដទៃទៀត។

លោកបន្ថែមថា “ដូច្នេះ ទីតាំងនៃគម្រោងគឺជាចំណុចសំខាន់បំផុត ដែលអ្នកត្រូវតែសិក្សាឱ្យបានច្បាស់មុនពេលសម្រេចចិត្តទិញ ជៀសវាងខាតបង់ទាំងលុយកាក់ ទាំងពេលវេលា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here