ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិសេសប្រចាំប្រទេសកម្ពុជា ខេត្តកំពង់ស្ពឺបានឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគប្រមាណ២០ភាគរយនៃទុនវិនិយោគសរុបប្រចាំប្រទេស។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ខេត្តកំពង់ស្ពឺបានឈរនៅលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលទទួលបានទុនវិនិយោគប្រមាណ២០ភាគរយ នៃទុនវិនិយោគសរុបប្រចាំប្រទេស៨២៥០លានដុល្លារកាលពីឆ្នាំ២០២០។
អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះថា ក្នុងនាមជាអាជ្ញាធរខេត្ត លោកពិតជាមានក្ដីរីករាយ ជាមួយនឹងលទ្ធផលក៏ល្អប្រសើរ ដែលទទួលបានគម្រោងវិនិយោគជាច្រើននៅក្នុងខេត្ត។
លោកបានបន្តថា “បច្ចុប្បន្នខេត្តកំពង់ស្ពឺ ដែលធ្លាប់តែមានជីវភាពក្រីក្រជាងគេបានប្រែក្លាយជាខេត្ត មានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍស្ទើរគ្រប់វិស័យជាពិសេសវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងវិស័យអចលនទ្រព្យផងដែរ”។ លោកបញ្ជាក់ថា “សម្រាប់វិស័យឧស្សាហកម្ម ខេត្តទទួលបានរាប់រយគម្រោង ដែលគិតទាំងសហគ្រាសតូចធំ រួមទាំងរោងចក្រនានាមានមិនក្រោយ៧០០ទីតាំងនោះទេ”។
ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងស្រុក
គង់ពិសី និងមួយទីតាំងទៀតនៅផ្លូវជាតិលេខ៤៤ ស្រុកឱត៉ាល់ ដោយមិនទាន់រាប់ពីគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្មដ៏ធំរបស់លោកឧកញ៉ពុង ឃាវសែរ នៅឡើយនោះទេ។
លោកបានបន្តថា នេះគឺជាមោទនភាពបំផុតចំពោះខេត្តកំពង់ស្ពឺ ដែលបាននឹងកំពុងទទួលបាននូវការអភិវឌ្ឍន៍ រោងចក្រសហគ្រាសរីកដុះដាលដូចផ្សិត នៅពេលនេះ ដោយបច្ចប្បន្នខេត្តកំពង់ស្ពឺ មិនដូចពីអតីតកាលទៀតទេ ហើយខេត្តមួយនេះកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ និងកំពុងតែស្រូបយកម្លាំងពលកម្ម ពីបណ្តាខេត្តផ្សេងៗរាប់ម៉ឺនកន្លែងផងដែរ។
លោកអភិបាលបានបញ្ជាក់ថា ការបង្រួបបង្រួមជាតិ ឯកភាពជាតិខ្មែរ និងបានដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិជ្រកក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើន ស្មើមុខស្មើមាត់ ដូចបណ្ដាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បច្ចុប្បន្នតំបន់សំខាន់ៗ ដែលកំពុងមានភាពទាក់ទាញ ក្នុងការដាក់ទីតាំងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម នៃខេត្តកំពង់ស្ពឺ កំពុងរីកសាយភាយនៅតាមបណ្តោយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ ផ្លូវលេខ៤១ ផ្លូវជាតិលេខ៤៤ រួមជាមួយគម្រោងនៃបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដែលមានតម្លៃសរុបរាប់រយលានដុល្លារ៕