ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី របស់ថៃ សម្រេចបានចំណូលពីការលក់ចំនួន១,០២៣ប៊ីលានរៀល (២៥២.៣លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២០ ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ង់ត៍ និងគ្រឿងសំណង់នៅផ្សារកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនអេសស៊ីជី ចេញផ្សាយកាលពីម្សិលម៉ិញនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ចំនួន២៤៤ប៊ីលានរៀលរៀល (៥៩,៧លានដុល្លារអាមេរិក) ដែលរួមបញ្ចូលការលក់ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ង់ត៍ និងគ្រឿងសំណង់ ហើយតួលេខនេះបង្ហាញពីការធ្លាក់ចុះ៣ភាគរយបើធៀបនឹងឆ្នាំ២០១៩ ។
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក និងការផ្ទុះនូវករណីឆ្លងសហគមន៍នៃជំងឺរាតត្បាតកូវីដ-១៩ ។ គ្រោះទឹកជំនន់បានបណ្ដាលឲ្យផ្លូវថ្នល់ជាច្រើន រងការខូចខាតនិងកាត់ផ្ដាច់ ដែលនាំឲ្យការដឹកជញ្ជូនស៊ីម៉ង់ត៍ និងគ្រឿងសំណង់ទទួលរងការប៉ះពាល់យ៉ាងខ្លាំង។
ជាលទ្ធផល ការសាងសង់នៅក្នុងតំបន់ដែលជួបគ្រោះទឹកជំនន់ត្រូវបានអាក់ខានដំណើរការ។ ជាងនេះទៀត ដោយមានការផ្ទុះឡើងនូវករណីឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ គម្រោងសាងសង់ភាគច្រើនបំផុតនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានផ្អាក។ ប្រការនេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ទៅលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។
ប៉ុន្តែ ខណៈដែលមានការធ្លាក់ចុះនូវតម្រូវការនៅក្នុងផ្នែកសំណង់លំនៅដ្ឋាន អគារពាណិជ្ជកម្មនិងឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ច តាមរយៈការបង្កើនការវិនិយោគច្រើនថែមទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ។
ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកតាមរបាយការណ៍ត្រីមាសទី៤ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបក្នុងតម្លៃចំនួន១,៦៤៨ប៊ីលានរៀល (៤០៩លានដុល្លារអាមេរិក) ដែលកើនឡើង១៨ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
ទាក់ទងនឹងលទ្ធផលប្រតិបត្តិការអាជីវកម្មក្នុងតំបន់ លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក អេសស៊ីជី បានបញ្ចេញឲ្យដឹងនូវលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០ ដោយចំណូលពីការលក់បានធ្លាក់ចុះ៩ភាគរយបើធៀបនឹងឆ្នាំ២០១៩ ពោលគឺសម្រេចបានត្រឹម ២៦.០១២ប៊ីលានរៀល (៩,៦០២លានដុល្លារអាមេរិក) ដោយសារការធ្លាក់ចុះនូវតម្លៃផលិតផលគីមី និងបរិមាណលក់ថយចុះ។
លោកបន្ដថា ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ៤,៤២៤ប៊ីលានរៀល (១,០៩១លានដុល្លារអាមេរិក) ដែលកើនឡើង៧ភាគរយ បើធៀបនឹងតួលេខនៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរនៅគ្រប់មុខធុរកិច្ច។ នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់១៦.៣៣៩ប៊ីលានរៀល (៤,០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង៣២ភាគរយ នៃចំណូលសរុបពីការលក់ដែលល្អប្រសើរជាងកាលពីត្រីមាសមុន៕