រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក៤ហិកតាសាងសង់ទីស្ដីការក្រសួងមុខងារសាធារណៈ

0

ដោយៈរ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ទំហំ៤ហិកតាសម្រាប់ការសាងសង់ទីស្ដីការក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃទីតាំងក្រសួងយុត្តិធម៌។

យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដី ការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយលោកកែន សត្ថា លេខ៦៣ សជណ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា ក្រោមចំណារក៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ៤ហិកតា សម្រាប់សាងសង់អាគារទីស្ដី ការក្រសួងមុខងារសាធារណៈដែលស្ថិតនៅភាគខាងលិច នៃទីតាំងក្រសួងយុត្តិធម៌ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន តំបន់នៃផ្ទៃដីបឹងតាមោក កំពុងត្រូវបានធ្វើការអភិវឌ្ឍលើគម្រោងសាងសង់សំណង់ធំៗជាច្រើន ដែលក្នុងនោះរួមមានទាំងគម្រោងដែលអភិវឌ្ឍ និងវិនិយោគដោយរាជរដ្ឋាភិបាល ដូចជា ការសាងសង់អគារស្ថាប័នរដ្ឋ និងការវិនិយោគរបស់វិស័យឯកជនផងដែរ។

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើង តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ និងមានទំហំសរុបចំនួន៣២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន២ សង្កាត់ចំនួន៦ និងភូមិចំនួន ២៥។

បើផ្អែកតាមប្លង់គោលប្រើប្រាស់ដី របស់សាលារាជធានីភ្នំពេញឆ្នាំ២០៣៥ ផ្ទៃបឹងដែលត្រូវរក្សាទុកទំហំប្រមាណតែ២១៤០ហិកតាប៉ុណ្ណោះ ដែលយើងអាចសន្និដ្ឋានបានថាផ្ទៃបឹងប្រមាណ៥០០ហិកតា បន្ថែមទៀតអាចនឹងត្រូវកាត់ចេញពីផ្ទៃបឹងដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here