លោកបណ្ឌិតគីម ហ៊ាង : ដីនៅតំបន់ជើងភ្នំបូកគោមានទីតាំងល្អ លក្ខខ័ណ្ឌល្អ រង់ចាំតែពេលកូវីដ១៩បញ្ចប់

0

ដោយ : គង់ សូរិយា

ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលបានប្រកាសពីការបង្កើតទីក្រុងឆ្លាតវៃនៅជើងភ្នំបូកគោកាលពីឆ្នាំមុន គំរោងនេះបានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិជាច្រើនបានសម្លឹងឃើញសក្តានុពលនៅតំបន់នេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះថា ជើងភ្នំបូកគោ ជាតំបន់មានទីតាំងល្អ អាកាសធាតុល្អ និងលក្ខខ័ណ្ឌបង់ប្រាក់មានភាពអំណោយផល ប៉ុន្តែដោយសារវិបត្តិកូវីដ១៩បានធ្វើឲ្យគំរោងនេះដំណើរការយឺត ហេតុនេះយើងត្រូវការពេលវេលាដែលកូវីដ១៩បញ្ចប់ នឹងធ្វើឲ្យតំបន់នេះមានការអភិវឌ្ឍ និងរីកចម្រើនលឿន។

លោកបន្តថា “ដើម្បីធ្វើឲ្យដីតំបន់នេះឡើងថ្លៃ អ្នកវិនិយោគដែលមានដី គេរៀបចំការអភិវឌ្ឍន៍នៅតំបន់នោះ ព្រោះដីនឹងមិនឡើងថ្លៃទេ បើផែនការអភិវឌ្ឍន៍មិនបានរៀបចំបានល្អ”។លោកបន្តថា “ឧទាហរណ៍អ្នកវិនិយោគម្នាក់មានដី១០០ហិកតា គេបានយក៥ហិកតាសាងសង់រោងចក្រ ដោយជួលឲ្យឯកជនមិនគិតប្រាក់ អ្នកវិនិយោគនឹងហូរចូលទៅ​តំបន់នោះ បន្ទាប់គេនឹងយកដី១ហិកតាសាងសង់ផ្សារ ដែលការរៀបចំបែបនេះនឹងធ្វើឲ្យមនុស្សទៅរស់នៅច្រើន មានសកម្មភាពសេដ្ឋកិច្ច នឹងធ្វើឲ្យដីតំបន់នោះឡើងថ្លៃជាស្វ័យ​ប្រវត្តិ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា សម្រាប់ផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាលប្រ​កាសនៅតំបន់ណាមួយ ដីនៅតំបន់នោះតែងតែឡើងថ្លៃ ប៉ុន្តែរដ្ឋាភិបាលមិនបានវិនិយោគ​ច្រើនទេ គឺវិស័យឯកជនជាអ្នកវិនិយោគ ហេតុនេះមានតែអ្នកវិនិយោគក្នុងស្រុក និងបរទេសចូលមកទេ ទើបធ្វើឲ្យដីឡើងថ្លៃ និងការអភិវឌ្ឍនៅតំបន់ណាមួយដីនឹងឡើងថ្លៃលឿន។

លោកបន្តថា “សំរាប់ការរៀបចំទីក្រុងនៅជើងភ្នំបូកគោ វាត្រូវការពេលវេលាដែលកូវីដ១៩បញ្ចប់ ទើបតំបន់នេះមានការអភិវឌ្ឍលឿន ដោយសារលក្ខខ័ណ្ឌមួយចំនួន​ដែលបានលើកឡើងខាងលើ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តដោយលើកឧទាហរណ៍ជាក់ស្តែង មកបញ្ជាក់ថា តំបន់បឹងកក់ អ្នកវិនិយោគគម្រោងនេះ បានលក់ដីក្នុងតម្លៃទាបនៅពេលដំបូង ដើម្បីទាក់ទាញអ្នកវិនិយោគ ចូលទៅវិនិយោគគំរោងច្រើននៅទីនោះ ជាលទ្ឋផលពីមុនដីមានតម្លៃ៧០០ ទៅ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នដីនៅតំបន់បឹងកក់តម្លៃបានកើនដល់៤០០០ទៅ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់ផ្លូវ៦០ម៉ែត្រពីមុនមានតម្លៃ១០០ទៅ២០០ដុល្លារ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងតម្លៃ១៣០០ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here